តើកម្ពុជានិងជប៉ុនបានសម្រេចសមិទ្ធិផលធំៗអ្វីខ្លះលើវិស័យដីធ្លីនិងសំណង់?
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហើបឱ្យដឹងថា កន្លងមកប្រទេសជប៉ុន បានជួយជ្រោមជ្រែងលើការងារជាច្រើនទាក់ទិននឹងវិស័យសំណង់ និងដីធ្លីនៅកម្ពុជា។
ក្នុងវេទិការដ្ឋ-ឯកជនលើកទី២ ស្តីពី “ការអភិវឌ្ឍន៍នគរូបនីយកម្មកម្ពុជា-ជប៉ុន” កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ ឯកឧត្តម បានឱ្យដឹងថាសមិទ្ធិផលធំៗ ទាំងនោះរួមមាន៖
១) ការងារសំណង់៖ ជប៉ុនបានជួយជ្រោមជ្រែង និងឱ្យជាអនុសាសន៍ ក្នុងការបង្កើតច្បាប់ស្តីពីសំណង់ដែលប្រកាសឱ្យប្រើប្រាស់កាលពីឆ្នាំ២០១៩ កន្លងមក។ លើសពីនេះ ជប៉ុនក៏បានជួយលើការរៀបរៀងអនុក្រឹត្យធំៗ ៣ ផងដែរ។ ហើយបច្ចុប្បន្ន JICA ក៏កំពុងត្រៀមជួយធ្វើការងារលើកកម្ពស់ការអនុវត្តច្បាប់សំណង់ និងការធានាសុវត្ថិភាពសំណង់ផងដែរ។
២) ការងាររៀបចំដែនដី និងនគរូបនីយកម្ម៖ កន្លងមក ជប៉ុនក៏បានជួយលើការងារអភិវឌ្ឍទីក្រុងឆ្លាតវៃនៅ រាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប។ លើសពីនេះ ជប៉ុនក៏បានជួយរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំដែនដីនិងនគរូបនីយកម្ម និងការអភិវឌ្ឍន៌ធនធានមនុស្សផងដែរ។
៣)ការងារលំនៅឋាន៖ ជប៉ុនបានជួយសហការលើការបណ្តុះបណ្តាល គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត។
៤) ការងារសុរិយោដី និងភូមិសាស្ត្រ៖ ជប៉ុនបានជួយអភិវឌ្ឍស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប (CORS) ក្រោមហិរញ្ញប្បទានរបស់អង្គការ JICA៕
គួរបញ្ជាក់ផងដែរ គិតត្រឹមចុងខែ មករា ឆ្នាំ២០២១ នេះ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីប្រទេសជប៉ុនសរុបចំនួន ១៤៤ គម្រោង ឬស្មើនឹងទុនវិនិយោគប្រមាណជិត ៣ពាន់លានដុល្លារអាមេរិក។ (អានបន្ថែម)

