តើវិនិយោគិនចិនមានផែនការដូចម្ដេចលើអគារជាប់គាំងជាង ១ពាន់គម្រោង នៅខេត្តព្រះសីហនុ?
បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបិទការលេងល្បែងអនឡាញក្នុងក្រុងព្រះសីហនុ គួបផ្សំនឹងការមកដល់នៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ ២០២០ សេដ្ឋកិច្ចក្រុងព្រះសីហនុបានធ្លាក់ចុះ ខណ:ពពុះទីផ្សារអចលនទ្រព្យក៏បានបែកធ្លាយ។
បន្ទាប់ពីវិនិយោគិនចិនបានចាកចេញពីប្រទេសកម្ពុជា គម្រោងសាងសង់សរុបចំនួន ១១៥៥ ត្រូវបានទុកចោលមិនបញ្ចប់ការដ្ឋាន ខណៈតម្លៃជួលអចលនទ្រព្យនៅក្នុងខេត្តនេះ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងពីខ្ទង់ម៉ឺន មកត្រឹមខ្ទង់ពាន់ ឬដល់ខ្ទង់រយសម្រាប់ទីតាំងខ្លះ។
យ៉ាងណាក្ដី ដោយសារបញ្ហាកូវីដមានស្ថានភាពធូរស្រាលជាងមុន គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធសាធារណៈត្រូវបានធ្វើឱ្យប្រសើរជាងមុន ដែលនាំមកនូវក្តីសង្ឃឹមថ្មីបានផុសឡើង ដោយមានការរំពឹងថាអ្នកវិនិយោគចិនទាំងនោះនឹងត្រលប់មកវិញ ដើម្បីបញ្ចប់គម្រោងរបស់ពួកគេ។
តើវិនិយោគិនចិននឹងត្រឡប់មកវិញឬទេ? ពេលណា? ហើយពួកគេយល់ដូចម៉េច និងមានផែនការយ៉ាងណាចំពោះបញ្ហាអគារជាប់គាំងទាំងនោះ?
Nikkei Asian Review បានសម្ភាសអ្នកវិនិយោគចិនជាច្រើននាក់ ដោយសួរពីទស្សនវិស័យ និងផែនការអនាគតរបស់ពួកគេចំពោះគម្រោងដែលជាប់គាំងទាំងនោះ។
វិនិយោគិនភាគច្រើនបង្ហាញចំណាប់អារម្មណ៍ក្នុងការត្រឡប់មកវិញ ប៉ុន្តែមានឧបសគ្គច្រើនយ៉ាងទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ដែលជាការរារាំងពួកគេ។
កត្តាសំខាន់បំផុតមួយដែលធ្វើឱ្យវិនិយោគិនចិនពិបាកក្នុងបន្តគម្រោងដែលជាប់គាំង គឺការខ្វះខាតការគាំទ្រ និងជ្រោមជ្រែងពីរដ្ឋាភិបាលកម្ពុជា។
ជាក់ស្ដែង កាលពីដើមខែកក្កដា ម្ចាស់គម្រោងចិនមួយក្រុមបានជួបពិភាក្សាជាមួយមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុជុំវិញបញ្ហានេះ ប៉ុន្តែនៅមិនទាន់ទទួលបានផ្លែផ្កាអ្វីទាំងអស់។
ដើម្បីត្រលប់មកវិញ ពួកគេបានស្នើសុំរដ្ឋាភិបាលឱ្យជួយកាត់បន្ថយពន្ធពាក់ព័ន្ធនឹងគម្រោងរបស់ខ្លួន និងជួយបង្កើតសន្ទស្សន៍តម្លៃដីដែលច្បាស់លាស់ ដើម្បីទប់ស្កាត់បញ្ហាម្ចាស់ដីក្នុងស្រុកបំប៉ោងតម្លៃ។
សំណើសំខាន់បំផុតដែលវិនិយោគិនទាមទារគឺ ការសម្របសម្រួលពីដ្ឋាភិបាលក្នុងការដោះស្រាយវិវាទដីធ្លីរវាងពួកគេ និងម្ចាស់ដីក្នុងស្រុក។
វិនិយោគិនចិនមួយចំនួនបានរាយការណ៍ថាម្ចាស់ផ្ទះបានរឹបអូសអគាររបស់ពួកគេជាថ្នូរនឹងតម្លៃជួលដែលមិនបានព្រមព្រៀងគ្នាគឺថ្លៃខ្លាំងពេក។
លោក Zhang Jiawei ប្រធានសមាគមធុរកិច្ចចិននៅក្រុងព្រះសីហនុបានប្រាប់ Nikkei ថា “ម្ចាស់ដីមានភាពលោភលន់ខ្លាំងពេក ដូច្នេះទើបបង្ករជាបញ្ហាកើតឡើងក្នុងខេត្តព្រះសីហនុ ពិបាកនឹងបញ្ចាប់” ។
«បញ្ហាសំខាន់គឺ ម្ចាស់ដី ដែលបំប៉ោងតម្លៃជួលខ្លាំងពេក ហើយមានករណីខ្លះម្ចាស់ដីក៏បានរឹបអូសអគារមកកាត់កងនឹងថ្លៃជួល» លោកបន្ដ។
លោកបន្ថែមថា បញ្ហានេះ ក៏មិនអាចបន្ទោសម្ចាស់ដីទាំងស្រុងបានដែរ ព្រោះកាលពីឆ្នាំ ២០១៧ ដែលវិនិយោគិនចូលមកខេត្តព្រះសីហនុ ពួកគាត់ដឹងច្បាស់ហើយថាម្ចាស់ដីជួលដីថ្លៃហួស នោះគឺជាតម្លៃបំប៉ោង។ ប៉ុន្តែ ដោយសារតែមើលឃើញឱកាស ទើបពួកគាត់ហ៊ានវិនិយោគ ដោយមិនរំពឹងពីបញ្ហា។
អ្នកអភិវឌ្ឍជនជាតិចិន ឈ្មោះ Qiu បានប្រាប់ទៅសារពត៌មាន Nikkei ថា គាត់បានចូលមកវិនិយោគសាង់សណ្ឋាគារតម្លៃ ៣លានដុល្លារ នៅខេត្តព្រះសីហនុ នៅឆ្នាំ ២០១៧។ សំណង់បានបញ្ចប់នៅឆ្នាំ ២០២០ ប៉ុន្តែមិនបានបើកដំណើរការនោះទេ ព្រោះមានទំនាស់ជាមួយម្ចាស់ដី ទាក់ទិននឹងថ្លៃជួលដែលខ្ពស់ពេក ហើយម្ចាស់ដីក៏មានបំណងរឹបអូសអគាររបស់គាត់ផងដែរ។
លោកបណ្ឌិត Ivan Franceschini អ្នកស្រាវជ្រាវសាកលវិទ្យាល័យជាតិអូស្ត្រាលីបានពន្យល់ពីមូលហេតុដែលរដ្ឋាភិបាលកម្ពុជា ព្រងើយកន្តើយ មិនទាន់ចង់ដោះស្រាយបញ្ហានេះ។
លោកបណ្ឌិត Ivan បាននិយាយថា៖ «កម្ពុជានៅមានអំពើពុករលួយច្រើន ហើយម្ចាស់ដីក្នុងខេត្តព្រះសីហនុភាគច្រើនជាសេដ្ឋី និងអ្នកមានអំណាចក្នុងជួររដ្ឋាភិបាល ដែលធ្វើឱ្យរដ្ឋាភិបាលកម្ពុជាពិបាកដោះស្រាយបញ្ហាតាមសំណើររបស់វិនិយោគចិនទាំងនោះ»។
យោងតាមការសិក្សារបស់គាត់ រដ្ឋាភិបាលកម្ពុជាជាក់ស្ដែងក៏ចង់ដោះស្រាយបញ្ហានេះខ្លាំងណាស់ដែរ ប៉ុន្តែត្រូវការពេលវេលា។
លោកជឿជាក់ថា បញ្ហានឹងធូរស្រាលនៅថ្ងៃណាមួយ ព្រោះជាក់ស្ដែងរដ្ឋាភិបាលបានចំណាយថវិការជាង ៣០០លានដុល្លាររួចហើយ ក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ដូច្នេះមានន័យថារដ្ឋាភិបាល មានចក្ខុវិស័យវែងឆ្ងាយសម្រាប់ខេត្តនេះ។
បច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជា និងវិទ្យាស្ថានរៀបចំផែនការទីក្រុង និងរចនាទីក្រុង Shenzhen របស់ប្រទេសចិន កំពុងធ្វើការរួមគ្នាដើម្បីបង្កើតផែនការមេ ដើម្បីប្រែក្លាយទីក្រុងនេះទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងមជ្ឈមណ្ឌលពាណិជ្ជកម្ម សេវាកម្ម និងភស្តុភារកម្ម។
យ៉ាងណាក្ដី លោកបណ្ឌិត Ivan ក៏យល់ឃើញថា ជនជាតិចិននឹងមិនត្រឡប់មកវិញនៅពេលឆាប់ៗនេះទេ ព្រោះតែឧបសគ្គខាងសង្គម និងសេដ្ឋកិច្ចខាងលើ។ វិនិយោគិនចិនចាស់ អាចនឹងមិនត្រលប់មកវិញទេ ព្រោះពួកគេខ្លាចនឹងជួបបញ្ហាដូចមុន ដូច្នេះក្តីសង្ឃឹមអាចពឹងផ្អែកលើវិនិយោគិនថ្មី។
ទន្ទឹមនឹងនេះ វិនិយោគិនដែលមានស្រាប់នៅកម្ពុជាក៏កំពុងកាត់បន្ថយទំហំអាជីវកម្មរបស់ពួកគេផងដែរ។ ឧទាហរណ៍ អ្នកអភិវឌ្ឍន៍ជនជាតិចិនមួយក្រុមហ៊ុន ដំបូងមានគម្រោងបង្កើតផ្សារទំនើប និងអាផាតមិន ៣០ជាន់ ប៉ុន្តែបច្ចុប្បន្ន បង្កើតត្រឹមផ្សារទំនើបប៉ុណ្ណោះ ហើយក៏បើកដោយខាតផងដែឬ។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិនិយោគចិនមួយចំនួននៅតែមានសុទិដ្ឋិនិយមចំពោះផែនការមេតំបន់សេដ្ឋកិច្ចពិសេសពហុគោលបំណងរបស់រដ្ឋាភិបាល ដោយសង្ឃឹមថាស្ថានភាពទីផ្សារនឹងប្រសើរឡើង។
–
អត្ថបទនេះគ្រាន់តែជាទស្សនៈរបស់អ្នកវិនិយោគចិនចំពោះវិបត្តិក្រុងព្រះសីហនុតែប៉ុណ្ណោះ។ ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ នឹងបោះពុម្ពអត្ថបទបន្ទាប់ ដើម្បី វិភាគពីទស្សនៈរបស់រដ្ឋាភិបាលកម្ពុជា និងប្រជាជនខេត្តព្រះសីហនុ លើប្រធានបទដូចគ្នាផងដែរ។
- Video Advertisement -