ត្រឹម១ទសវត្សទៀត អាស៊ីអាគ្នេយ៍និងឥណ្ឌា នឹងនាំមុខលើវិស័យផលិតកម្មជំនួសចិន
ការផ្លាស់ប្តូរដ៏សំខាន់មួយនៃខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលរបស់ពិភពលោក កំពុងកើតឡើងចំពោះវិស័យកម្មន្តសាលនិងផលិតផលសំខាន់ៗនៃទីផ្សារសកល ដែលក្នុងរយៈពេលមិនដល់១០ឆ្នាំទៀត ប្រទេសអាស៊ីអាគ្នេយ៍ និងឥណ្ឌា នឹងប្រែមុខមាត់ក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំជំនួសឱ្យប្រទេសចិន។ និន្នាការនេះ ត្រូវបានជំរុញកត្តាពីរយ៉ាងធំៗ ទី១ គឺដោយសារការកើនឡើងនៃការចំណាយក្នុងស្រុកនៅប្រទេសចិនកើនឡើងខ្ពស់ ពោលគឺនៅពេលនោះចិននឹងក្លាយជាប្រទេសអភិវឌ្ឍន៍ខ្ពស់ និងទីពីរគឺជំរុញដោយសារការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលតាមបណ្តាប្រទេសក្នុងតំបន់ ដែលកំពុងកើនឡើង នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុន JLL ដែលជាក្រុមហ៊ុនសេវាកម្មអចលនទ្រព្យពាណិជ្ជកម្មឈានមុខគេលំដាប់ពិភពលោក និងត្រូវបានធ្វើបច្ចុប្បន្នភាពដោយ Retalkasia ចុះផ្សាយថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៤។
បើរើទីតាំងមកអាស៊ីអាគ្នេយ៍ និងឥណ្ឌា គឺចំទីតាំងយុទ្ធសាស្ត្រនិងទទួលបានភាពទាក់ទាញ
បច្ចុប្បន្ន ក្រុមហ៊ុនធំៗនានាក្នុងប្រទេសចិន កំពុងសម្លឹងមើលទៅហួសពីប្រទេសចិនកាន់តែខ្លាំងឡើង ដើម្បីរកឱកាសបង្កើត ឬពង្រីកប្រតិបត្តិការផលិតកម្មរបស់ពួកគេ។ យុទ្ធសាស្ត្រចិនបូកមួយ “China +1” នេះ មានគោលបំណងកាត់បន្ថយហានិភ័យ ដោយការធ្វើពិពិធកម្មផលិតកម្មនៅតាមទីតាំងថ្មីៗជាច្រើនទូទាំងអាស៊ី។ ក្នុងនោះ ប្រទេសអាស៊ីអាគ្នេយ៍ (រួមមានកម្ពុជាផងដែរ) និងឥណ្ឌា ជាប់ជាគោលដៅមួយដ៏សំខាន់ក្នុងកែវភ្នែកវិនិយោគិនចិន ដោយសារហេតុចម្បងៗមួយចំនួនដែលមានប្រៀបជាងបើធៀបនឹងលក្ខខណ្ឌក្នុងស្រុកចិន រួមមាន៖ កម្លាំងពលកម្មដ៏ធំ (អាស៊ានបូកឥណ្ឌូនេស៊ី បូកឥណ្ឌាមានពលកម្មចង់លើសឬស្មើនឹងកម្លាំងពលកម្មចិនទាំងមូល) និងមានជំនាញស្រាប់ ការចំណាយអំណោយផល និងគម្រោងអភិវឌ្ឍន៍កែលម្អហេដ្ឋារចនាសម្ព័ន្ធធំៗ កំពុងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) យ៉ាងខ្លាំងក្នុងវិស័យផលិតកម្ម។ គួររំលឹកថា ចំនួនប្រជាជនអាស៊ាននិងឥណ្ឌាបើបូកបញ្ចូលគ្នា គឺអាចឡើងដល់ពាន់លាននាក់ ហើយបើគិតដល់មួយទសវត្សក្រោយទៀត នឹងមានអត្រាកំណើនប្រជាជនកើតច្រើនលើសពីពេលនេះទៅទៀត ដែលផ្តល់នូវលទ្ធភាពទទួលបានកម្លាំងពលកម្មជំនាញយ៉ាងច្រើន និងតម្រូវការទីផ្សារថ្មីនៅពេលនោះ។
ការលើកទឹកចិត្តរបស់រដ្ឋាភិបាលជំរុញកំណើនសេដ្ឋកិច្ច
ដោយទទួលស្គាល់ឱកាសនេះ រដ្ឋាភិបាលក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌាកំពុងអនុវត្តគោលនយោបាយយ៉ាងសកម្មដើម្បីទាក់ទាញការវិនិយោគលើវិស័យកម្មន្តសាលនិងផលិតកម្ម។ គោលនយោបាយទាំងនេះ ជារឿយៗផ្តោតលើការផ្តល់អាទិភាពលើកម្មសិទ្ធិដីធ្លី លទ្ធភាពទទួលបានដើមទុន និងការលើកទឹកចិត្តផ្សេងទៀត ដើម្បីបង្កើតបរិយាកាសគាំទ្រសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្ម។
អ្វីម្យ៉ាងដែលសំខាន់លើសពីការបង់ថ្លៃចំណាយ
ថ្វីត្បិតែអាស៊ាននិងឥណ្ឌា មានឱកាស សក្តានុពល និងគុណសម្បត្តិយ៉ាងច្រើនធៀបនឹងចិនក៏ដោយ តែការចំណាយប្តូរពីចិនមកប្រទេសផ្សេង នៅតែជាកត្តាសំខាន់ក្នុងការសម្រេចចិត្តជ្រើសរើសទីតាំងថ្មី។ ទោះយ៉ាងណាក្តី ការរកឃើញរបស់ក្រុមហ៊ុន JLL សង្កត់ធ្ងន់លើសារៈសំខាន់នៃការគិតគូរពីផលចំណេញរយៈពេលវែងនិងគ្រប់ជ្រុងជ្រោយ។
លោក Michael Ignatiadis ប្រធានយុទ្ធសាស្រ្តផលិតកម្មអាស៊ីប៉ាស៊ីហ្វិកប្រចាំ JLL បានសង្កត់ធ្ងន់ថា “ក្រុមហ៊ុនត្រូវប្រកាន់យកនូវផ្នត់គំនិតដែលអាចបត់បែនបាន ដោយផ្តោតអាទិភាពលើការជ្រើសរើសដីធ្លីសម្រាប់ទីតាំងថ្មី និងជម្រើសទទួលបានមូលនិធិ ដើម្បីសម្របខ្លួនទៅនឹងការវិវត្តនៃសក្ដានុពលនៃខ្សែច្រវាក់ផ្គត់ផ្គង់ថ្មី។”
ឥណ្ឌូណេស៊ី និងវៀតណាម កំពុងសម្ងំកើបលុយពី FDI
ការវិភាគរបស់ក្រុមហ៊ុន JLL បង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នៃការវិនិយោគដោយផ្ទាល់ពីបរទេស ( FDI ) សម្រាប់ការផលិតនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ជាឧទាហរណ៍ ប្រទេសឥណ្ឌូណេស៊ី ទទួលបានការកើនឡើងចំនួន $៤ ពាន់លានដុល្លារពីមួយឆ្នាំទៅមួយឆ្នាំ ពី FDI សម្រាប់វិស័យកម្មន្តសាលក្នុងស្រុករបស់ខ្លួន ដែលឈានដល់តម្លៃ ២៨,៧ ពាន់លានដុល្លារកាលពីឆ្នាំមុន។ ចំណែកឯវៀតណាម ក៏បានផលប្រយោជន៍ច្រើនក្រែលពីកំណើន FDI ដ៏រឹងមាំផងដែរ ដោយ FDI ក្នុងការផលិតរបស់វៀតណាម បានកើនឡើងជាង ៣០% ដល់ ២៣,៥ ពាន់លានដុល្លារ ។ តួលេខទាំងនេះ បង្ហាញពីការទាក់ទាញកាន់តែខ្លាំងឡើងនៃប្រទេសអាស៊ីអាគ្នេយ៍ក្នុងនាមជាមជ្ឈមណ្ឌលផលិតកម្មថ្មី។
អនាគតនៃការផលិត៖ ពិពិធកម្ម និងការរីកចម្រើន
ការកើនឡើងនៃតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសឥណ្ឌា ជាអំណាចផលិតកម្មថ្មី ឆ្លុះបញ្ចាំងពីទិដ្ឋភាពសេដ្ឋកិច្ចពិភពលោកដែលកំពុងវិវត្ត។ ក្រុមហ៊ុនកំពុងស្វែងរកកាន់តែខ្លាំងឡើងដើម្បីធ្វើពិពិធកម្មខ្សែច្រវាក់ផ្គង់របស់ពួកគេ និងទាញយកប្រយោជន៍ពីមូលដ្ឋានគ្រឹះដ៏រឹងមាំដែលផ្តល់ដោយទីផ្សារដែលកំពុងរីកចម្រើនទាំងនេះ។
“លើសពីកត្តាចំណាយ កម្លាំងពលកម្មជំនាញ គុណភាពហេដ្ឋារចនាសម្ព័ន្ធ បទប្បញ្ញត្តិបរិស្ថាន នោះគឺភាពអំណោយផលនៃទីតាំងក្នុងប្រទេសថ្មី ដែលស្ថិតនៅជិតទីផ្សារបញ្ជាទិញសំខាន់ៗរបស់ពិភពលោក។ ទាំងនេះ សុទ្ធតែជាការពិចារណាដ៏សំខាន់សម្រាប់ភាពជោគជ័យរយៈពេលវែង” លោក Peter Guevarra នាយកក្រុមហ៊ុន JLL បញ្ជាក់។
ជាមួយនឹងទីតាំងយុទ្ធសាស្ត្ររបស់ពួកគេ កម្លាំងពលកម្មជំនាញ និងបរិយាកាសគោលនយោបាយមានលក្ខខណ្ឌគាំទ្រពីរដ្ឋាភិបាលច្រើន នោះប្រទេសអាស៊ីអាគ្នេយ៍ និងឥណ្ឌា នឹងក្លាយជាអ្នកនាំមុខគេសម្រាប់អនាគតនៃផលិតកម្មសកលនាសម័យថ្មី៕
- Video Advertisement -