ថៃនឹងចុះសិក្សាទីតាំងសំខាន់៣ នៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងដៃគូអាជីវកម្ម
គណៈប្រតិភូសភាពាណិជ្ជកម្មថៃ នឹងចុះទស្សនកិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេសក្នុងរាជធានី ខេត្តចំនួន ០៣ ដើម្បីសិក្សាស្វែងយល់ពីឱកាសធ្វើពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្ម ខណៈរយៈពេល ៦ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានទំហំទឹកប្រាក់ជិត ២ពាន់លានដុល្លារ។ នេះបើតាមជំនួបរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូសភាពាណិជ្ជកម្មថៃ ដែលដឹកនាំដោយ លោក Voratat Tantimongkolsuk កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។
ក្នុងជំនួបនេះ លោក Voratat Tantimongkolsuk បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ថាគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មថៃមកកាន់កម្ពុជានាពេលនេះ គឺដើម្បីសិក្សាស្វែងយល់បន្ថែមទៀតពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្មនៅកម្ពុជា។
លោកបានបន្តថា កាលពីឆ្នាំ២០២២ សភាពាណិជ្ជកម្មថៃបានដឹកនាំគណៈប្រតិភូមកកាន់កម្ពុជាម្តងរួចមកហើយ ដោយឡែកកាលពីដើមឆ្នាំ២០២៣ នេះ ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជាទៅចូលរួមសិក្ខាសាលាស្តីពីឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា នៅទីក្រុងបាងកក ដែលមានវាគ្មិនមកពីក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។
លោក បានឱ្យដឹងបន្ថែមថា គណៈប្រតិភូនឹងមានដំណើរទស្សនកិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខេត្តកោះកុង និងខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងយល់ពីឱកាសធ្វើពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្ម។
លើសពីនេះ ក្រុមប្រឹក្សាវិនិយោគថៃ ក៏បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីជួយ និងជំរុញវិស័យវិនិយោគរវាងប្រទេសទាំងពីរផងដែរ។
គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ នៅឆ្នាំ២០២២ មានទំហំទឹកប្រាក់ជាង ៤.៦ពាន់លានដុល្លារ ដែលក្នុងនោះកម្ពុជាបាននាំចេញទៅថៃមានទំហំទឹកប្រាក់ជាង ៤០៩លានដុល្លារ និងថៃនាំចេញ មកកម្ពុជាវិញ មានទំហំទឹកប្រាក់ ៣.៨៣២លានដុល្លារ ។
ដោយឡែក រយៈពេល៦ខែ ឆ្នាំ២០២៣ នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានទំហំទឹកប្រាក់ជាង ១.៩ ពាន់លានដុល្លារ។
- Video Advertisement -