ទស្សនៈផ្សេងគ្នាលើអនាគតនៃរាជធានីភ្នំពេញនៅឯសន្និបាតសកលអតីតនិស្សិត GAC

សេចក្តីប្រកាស​ថ្មី​នៃ​ប្លង់​មេ​របស់​រាជធានី​ភ្នំពេញ​បាន​ផ្តល់នូវ​វេទិកា​សម្រាប់​ការពិភាក្សា​សង្កត់ធ្ងន់អំពី​កិច្ចការ​អភិវឌ្ឍ​នាពេល​អនាគត​នៃ​មូលធនក្នុងចំណោម​​ឧស្សាហ​កម្មក្នុងប្រទេសនៅឯ​សន្និបាត​សកល​អតីត​និស្សិត​ប្រចាំឆ្នាំ​លើក​ទី 2 (GAC) ដែល​បាន​រៀបចំឡើង​ដោយ IDP Education នៅ​ខែមករា។

កាលពី​ខែធ្នូ ឆ្នាំ២០១៥ រាជរដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​ប្លង់​មេសម្រាប់​រាជធានី​ភ្នំពេញ ដើម្បី​ធានា​និរន្តរភាព​នៃ​ការអភិវឌ្ឍ​នាពេល​អនាគត​នៅក្នុង​ទំហំ​ផ្ទៃដី៣៧៥គីឡូ​ម៉ែត​ក្រឡា រហូតដល់​ ឆ្នាំ ២០៣៥។ ប្លង់​នេះ​ត្រូវ​ប្រកាសដោយ​សាលា​រាជធានី​ភ្នំពេញ ដោយបាន​ពង្រីក​វិសាលភាព​នៃ​ប្លង់មេ​មុន ដែល​គ្រោង​សម្រាប់​ការអភិវឌ្ឍ​ត្រឹម​ឆ្នាំ ២០២០ និង​ដោយមាន​រួមបញ្ចូល​ជាមួយនឹង​ប្លង់​ដឹកជញ្ជូន​មេ​នៃ​រាជធានី​ភ្នំពេញ​ផងដែរ។

ថ្លែង​នៅឯ​កិច្ចពិភាក្សា GAC ២០១៦ នៅឯ​សណ្ឋាគារ InterContinental ស្តីពី​នគរូបនីយកម្ម និង​សំណង់៖ រាជធានី​ភ្នំពេញ​ ឆ្នាំ២០២០ លោកបណ្ឌិត សុខ ស៊ីផាន់ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល​ផ្នែក​ច្បាប់​សំណង់ និង​ជា​ដៃគូ​គ្រប់គ្រង​នៅ SokSiphana&associates បានឱ្យដឹងថា លោក​ជឿជាក់ថា​ការ​មានច្បាប់​សាងសង់ និង​ជួយ​ធានាថា អាគារ​ត្រូវបាន​សាងសង់ឡើង​ប្រកបដោយ​គុណភាព និង​ស្តង់ដា ហើយ​ដែល​នេះ​គាំទ្រ​ដល់​ការអភិវឌ្ឍ​រយៈពេល​វែង​របស់​ទីក្រុង​នេះ។

លោកបានលើកឡើង​បន្តថា យើង​ត្រូវតែ​មានច្បាប់​សាងសង់​មួយ​ដែល​ល្អ ដើម្បី​ធានាបាន​នូវ​ឧស្សាហកម្ម​សំណង់​មួយ​ដែល​ល្អ ដែល​នឹង​ផ្តល់​ផល​ល្អ​សម្រាប់​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ផងដែរ ព្រោះថា​អគារ​ដែលមាន​គុណភាព​អាច​ទាក់ទាញ​អ្នកវិនិយោគល្អៗបាន ហើយ​ឯកឧត្តម​ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ពី​ភាពចាំបាច់​ក្នុងការ​កំណត់​វិធាន​គ្រប់គ្រង​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​ពាក់ព័ន្ធ​នឹង​ការងារ​សាងសង់ មិនមែន​គ្រប់គ្រង​តែ​លើ​អ្នក​វិជ្ជាជីវៈ​ដូចជា ស្ថាបត្យករ វិស្វករ និង​អ្នក​រចនាប៉ុណ្ណោះ​ទេ ដើម្បី​បញ្ចៀស​ការខូចខាត​ណាមួយ​ពី​ការអភិវឌ្ឍ​ទៅលើ​ភាគី​ណាមួយ។

ការពិភាក្សា​នេះ​បាន​ទាក់ទាញ​អ្នកចូលរួម​ជាង ២០០នាក់ ដែលជា​ចំនួន​មួយ​ច្រើន​ក្នុងចំណោម​កិច្ចពិភាក្សា​ទាំង១២ ដែល​រៀបចំ​នៅឯ GAC ២០១៦ នេះ។ ការ្យ​នេះ​បង្ហាញ​ពី​កម្រិត​នៃ​ការចាប់អារម្មណ៍​ខ្លាំង​នៅក្នុង​វិស័យនេះ ក្នុងចំណោម​អ្នកជំនាញ​កម្ពុជា ហើយ​ទស្សនា​វ​ដ្តី​សំណង់ និង​អចលនទ្រព្យ ក៏​ជា​ដៃគូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សន្និបាត​នេះដែរ។

បើ​និយាយ​ពី​ទស្សនៈ​ចំពោះ​ស្ថាបត្យកម្ម លោក ហ៊ុន ចាន់សាន ប្រធាន​ស្ថាបត្យករ​ Re-Edge Architecture + Design បានលើកឡើងថា ប្លង់​មេនេះ គឺជា​ការចាប់ផ្តើម​យ៉ាង​ល្អ​ក្នុងការ​ផ្តល់នូវ​គោលការណ៍​ណែនាំ​ដំបូង​ដល់​ស្ថាបត្យករ អ្នក​អភិវឌ្ឍន៍ និង​ម្ចាស់​អចលនទ្រព្យ អំពី​ប្រភេទ​នៃ​អគារ​ដែល​ពួកគេ​អាច​សាងសង់​នៅក្នុង​តំបន់​ជាក់លាក់​មួយ។ លោក​បាន​ថ្លែង​ផងដែរ​ថា ភ្នំពេញ​អាច​ក្លាយជា​កន្លែង​គួរឱ្យ​ទាក់ទាញ​ខ្លាំង និង​ជា​មជ្ឈមណ្ឌល​សម្រាប់​អាជីវកម្ម និង​ការកំសាន្ត ព្រមទាំង​ជា​ទឹកដី​សម្រាប់​ការសាងសង់​អគារ ប្រសិនបើ​ភ្នំពេញ​ត្រូវបាន​គ្រោងទុក​បាន​ត្រឹមត្រូវ។

នៅពេលដែល​កិច្ចពិភាក្សា​នេះ​ឈានទៅដល់​ការពិភាក្សា​ពី​ផែនការ​របស់​រដ្ឋាភិបាល​ក្នុងការ​លុបបំបាត់​ជំនន់ និង​ណែនាំ​តំបន់​ច្បាស់លាស់​នៅក្នុង​ទីក្រុង​នេះ​ក្នុង​រយៈពេល​ពីរ​ឆ្នាំក្រោយ លោក គីម ហ៊ាង នាយក​ប្រតិបត្តិ​របស់ Khmer Real Estate និង​ជា​ប្រធាន CVEA បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួច​ផ្តើ​មនេះ ប៉ុន្តែ​មាន​ភាពមិន​ច្បាស់​ថា តើ​យន្តការ​នេះ​នឹងមាន​ប្រសិទ្ធិភាព​ដែរឬទេ ព្រោះថា ទីក្រុង​ភ្នំពេញ​ត្រូវបាន​សាងសង់ឡើង​នៅ​ចំណុចប្រសព្វ​នៃ​ផ្លូវទឹក។

ចំពោះ​បញ្ហា​ការកកស្ទះ​ចរាចរណ៍​ដែល​កាន់​តែមាន​សភាព​អាក្រក់​ឡើង លោក ហ៊ុន ចាន់សាន បានកត់សម្គាល់​ឃើញថា តំបន់​ដូចជា​បឹង​កេងកង១ ដែលមាន​ប្រភេទ​អចលនទ្រព្យ និង​អាជីវកម្ម​ចម្រុះ​គ្នា បាន​ទាក់ទាញ​ចរាចរណ៍​ជាច្រើន​ទៅក្នុង​តំបន់​នេះ ហើយ​ជា​លទ្ធផល​គឺមាន​ការកកស្ទះ​ចរាចរណ៍។ លោក​បានផ្ដល់​អនុសាសន៍ឲ្យ​មាន​អនុវត្ត​ប្លង់​មេ​ទីក្រុង​ដោយ​ត្រឹមត្រូវ ដើម្បី​គ្រប់គ្រង​ការអភិវឌ្ឍ​អចលនទ្រព្យ​នៅ​តំបន់នីមួយៗ ព្រម​ជាមួយនឹង​ការធានា​ពី​កន្លែង​ចត​រថយន្ត​ឲ្យបាន​គ្រប់គ្រាន់​តាម​បណ្តោយ​ផ្លូវ។ លោក Simon Griffiths នាយករង​ក្រុមហ៊ុន CBRE ប្រចាំ​ប្រទេស​កម្ពុជា បានឱ្យដឹងថា​អ្នក​អភិវឌ្ឍន៍​ត្រូវតែ​អភិវឌ្ឍអចលនទ្រព្យ​ដោយមាន​កន្លែង​ចត​រថយន្ត​គ្រប់គ្រាន់ ដើម្បី​កុំឲ្យ​អ្នកបើកបរ​ចត​រថយន្ត​របស់​ពួកគេ​នៅតាម​ដងផ្លូវ​ទៀត។ លើសពីនេះ​ទៀត អាជ្ញាធរ​គួរ​ហាមឃាត់​អ្នកលក់ដូរ មិន​ឲ្យ​ប្រើប្រាស់ និង​បិទផ្លូវ​ថ្មើរជើង​ក្នុង​ទីក្រុង ដើម្បី​លើកទឹកចិត្ត​មនុស្ស​ឲ្យ​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ច្រើនឡើង។

ជាមួយគ្នានេះដែរ ក៏មាន​ការសម្តែង​ការព្រួយបារម្ភ​អំពី​ផលប៉ះពាល់​លើ​ទីផ្សារ​ប្រទេស​កម្ពុជានៃ​ការធ្លាក់ចុះ​សេដ្ឋកិច្ចពិភពលោក និង​ជាពិសេស​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​របស់​មហាអំណាច​ចិន។

លោក Simon Griffiths ក៏បាន​ទទួលស្គាល់​បញ្ហា​ប្រឈម​សម្រាប់​និរន្តរភាព​រយៈពេល​វែង​នៃ​ទីផ្សារ​កម្ពុជា ប៉ុន្តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​អនាគត​រយៈពេល​ខ្លី និង​មធ្យម​នៃ​ទីផ្សារ​កម្ពុជា។ ផ្អែក​តាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន CBRE តម្រូវការ និង​ការផ្គត់ផ្គង់​អចលនទ្រព្យ​ត្រូវបាន​គេ​ផ្តោតលើ​ទីផ្សារ​សាងសង់​បូរី ទីតាំង​ការិយាល័យ​សម្រាប់​ជួល ​សេវាកម្មអាផាតមិន និង​ការអភិវឌ្ឍ​ឧស្សាហកម្ម ដែល​បានបង្ហាញ​សកម្មភាព​ក្លៀវក្លា​ខ្លាំង​កាលពី​ឆ្នាំមុន។ លោក Griffiths បាន​ព្យាករណ៍​ថា ផលប៉ះពាល់​ពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច​នឹងមាន​នៅលើ​ទីផ្សារ​ខុន​ដូ ដែលមាន ៤០០០បន្ទប់​ខុន​ដូ​ត្រូវបាន​ផ្គត់ផ្គង់​ទៅក្នុង​ទីផ្សារ​នេះ​ជា​រៀងរាល់ឆ្នាំ និង​ដែលមាន​គម្រោង​ជាច្រើន​បន្ថែមទៀត​មកលើ​បណ្តាញ​ផ្សព្វផ្សាយ​នៅក្នុង​រយៈពេល​បី​ឆ្នាំ​ខាងមុខ។

លោក​ក៏បាន​ថ្លែង​ផងដែរ​ថា វា​មាន​ទាំង​ហានិភ័យ និង​សក្តានុពល​សម្រាប់​អ្នកវិនិយោគ​រយៈពេល​ខ្លី ជាពិសេស​អ្នកវិនិយោគ​មកពី​ក្រៅប្រទេស ប៉ុន្តែ​បញ្ហា​ទាំងនេះ​គឺ​មិន​ធ្ងន់ធ្ងរ​សម្រាប់​វិនិយោគិន​រយៈពេល​វែង។ លោក Griffiths ក៏បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​នឹង​បន្ត​មាន​កំណើន ដោយសារ​មាន​គម្រោង​អភិវឌ្ឍ​ជាច្រើន​ដែល​នឹងត្រូវ​បញ្ចប់​នៅ​ចន្លោះ​ពេលនេះ​រហូតដល់​ឆ្នាំ ២០១៩ ហើយ​លោក​និយាយថា ខ្ញុំ​មើលឃើញ​មាន​ចំណុច​ពិតប្រាកដ​ដែល​ត្រូវធ្វើ​សម្រាប់​អ្នក​អភិវឌ្ឍន៍​ដែល​ពិតជា​ចង់​ធ្វើការ​អភិវឌ្ឍ​អ្វីមួយ​នៅទីនេះ។

លោក គីម ហ៊ាង បាន​និយាយថា អ្វី​គ្រប់យ៉ាង​អាស្រ័យ​លើ​ថា​តើ​ប្រទេស​កម្ពុជា​នឹង​ធ្លាក់ចូល​ទៅក្នុង​កំណើន​អចលនទ្រព្យ​នាពេល​បន្ទាប់។ ខណៈពេលដែល​លោក​បាន​ទទួលស្គាល់ថា​មាន​ខុន​ដូ​ចំនួន ២០០០០បន្ទប់​ គឺ​វា​ច្រើនពេក​សម្រាប់​ទីផ្សារ​ក្នុងស្រុក វា​មិនមែនជា​ការផ្គត់ផ្គង់​លើស​សម្រាប់​ឧស្សាហ​កម្មនេះ​នៅក្នុង​តំបន់​ទាំងមូល​នោះទេ ជាពិសេស​នៅពេលដែល​វា​ត្រូវបាន​ជម្រុញ​ដោយ​អ្នកបញ្ជា​ទិញ​នៅក្រៅ​ប្រទេស។ លោក គីម ហ៊ាង បាន​ឲ្យ​យោបល់​ដល់​អ្នក​ដែល​បាន​ចូលរួម​ថា មិនគួរ​វិនិយោគ​លើ​អគារ​ខុន​ដូ​ច្រើនពេក​នោះទេ​ក្នុងពេល​ទិញ​អចលនទ្រព្យ​ដំបូង គឺ​គួរតែ​ផ្តោតលើ​ការទិញ​ផ្ទះ​វិញ បន្ទាប់មក​ស្វែងរក​ទិញ​ដី ហើយ​ចាំ​សម្លឹងមើល​ទៅលើ​ការវិនិយោគ​លើ​ខុន​ដូ​នេះ។

ការពិភាក្សា​យ៉ាង​រស់​រវើក​នេះ បានបញ្ជាក់​យ៉ាងច្បាស់​ថា រាជរដ្ឋាភិបាល​បានដឹង​ពី​កំហុស​របស់ខ្លួន​នៅក្នុង​ឧស្សាហ​កម្មនេះ។ បើតាមលោកបណ្ឌិត សុក ស៊ីផាន់ណា រាជរដ្ឋាភិបាល​បច្ចុប្បន្ន​កំពុង​ធ្វើ​វិសោធនកម្ម​ច្បាប់​វិនិយោគ និង​ច្បាប់​ស្តីពី​តំបន់​សេដ្ឋកិច្ច​ពិសេស និង​តំបន់​ពាណិជ្ជកម្ម​សេរី ដែល​នឹង​បើក​ឲ្យ​មាន​រំហូរ​ធំ​មួយ​សម្រាប់​ការអភិវឌ្ឍ​អចលនទ្រព្យ ហើយ​លោក​បាន​ព្យាករណ៍​ថា ខេត្ត​ព្រះសីហនុ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ច្រើនបែប​យ៉ាងសំខាន់ ហើយ​ថា​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម នឹង​ជា​កម្លាំងចលករ​មួយ​សម្រាប់​កំណើនសេដ្ឋកិច្ច​ក្នុង​រយៈពេល ១០ឆ្នាំ​ខាងមុខ។

លោក​បាន​សង្កត់ធ្ងន់ថា នេះ​គឺជា​អនាគត​របស់​ប្រទេស​កម្ពុជា​នៅក្នុង​ឧស្សាហកម្ម​ធុន​ធ្ងន់ និង​ការធ្វើសមាហរណកម្ម​ឧស្សាហកម្ម​យ៉ាង​ល្អ​នៅក្នុង​តំបន់។ កិច្ចការ​មួយ​ដែល​រាជរដ្ឋាភិបាល​កំពុងតែ​បន្តធ្វើ​យ៉ាងខ្លាំងនោះ​ គឺ​ការលើកទឹកចិត្ត​ជាច្រើន​ដល់​អ្នក​អភិវឌ្ឍន៍ ដើម្បី​ធានាថា​ពួកគេ​នឹង​សាងសង់​តំបន់ឧស្សាហកម្ម​ត្រឹមត្រូវ លោកបណ្ឌិត​ក៏​រំពឹង​ផងដែរ​ថា នឹងមាន​ក្រុមហ៊ុន​ជប៉ុន និង​ចិន​កាន់តែច្រើន​ចូលមក​ប្រកួតប្រជែង​ដើម្បី​ដណ្តើម​ឥទ្ធិពល​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ដែល​តំណាងឲ្យ​កម្លាំងចលករ​ដ៏​សំខាន់​សម្រាប់​សេដ្ឋកិច្ចកម្ពុជា និង​ស្វាគមន៍​ចំពោះ​ការពិត​ដែលថា​ក្រុមហ៊ុន​របស់​អាមេរិក​កំពុង​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា។ សន្និបាត​សកល​អតីត​និស្សិត​ប្រចាំឆ្នាំ​លើក​ទី ៣ នឹង​រៀបចំឡើង​នៅ​ខែមីនា ​ឆ្នាំ២០១៧៕

- Video Advertisement -