ទឹកជំនន់ធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងហោចជាង ២៦០០គ.ម ទូទាំងប្រទេស

គិតពីថ្ងៃទី ១ កញ្ញា ដល់ល្ងាច ថ្ងៃទី ២២ តុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀង ធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធនានាសរុបប្រមាណ ២ ៦៩៣ គីឡូម៉ែត្រ ទូទាំងប្រទេស។ នេះបើយោងតាមទិន្នន័យពីនាយកដ្ឋានព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃទី ២២ តុលានេះ។

ប្រភពដដែលនេះ បានឱ្យដឹងទៀតថា ហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតទាំងនោះរួមមាន ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម (ប្រមាណ ៤៦៥ គ.ម) ផ្លូវលំជនបទ (ប្រមាណ ១.៦៦៥ គ.ម) ទំនប់ (៤១ គ.ម) ប្រឡាយមេ (២២៤ គ.ម) ប្រឡាយរង (១៧៩ គ.ម) ប្រឡាយស្រោចស្រព (១១៨ គ.ម) ច្រាំងទន្លេ (ប្រមាណ ១, ៦ គ.ម)។

មិនត្រឹមតែប៉ុណ្ណោះ នៅមានសម្បត្តិរដ្ឋ និងឯកជនជាច្រើនទៀតដូចជាផ្ទះសម្បែង សាលារៀន និងដំណាំដុះជាដើមដែលបានខូចខាតដោយសារទឹកជំនន់។ លើសពីនេះ ប្រជាជនចំនួន ៣៩ នាក់ បានស្លាប់ ហើយប្រជាជនប្រមាណ ១២ មឺុនគ្រួសារទៀត រងផលប៉ះពាល់។

គួរបញ្ជាក់ផងដែរថា ទឹកជំនន់នេះបានធ្វើឱ្យប៉ះពាល់ដល់ ១៩ រាជធានី ខេត្តរួមមាន ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្ដាល កំពង់ឆ្នាំង កំពង់ធំ។

យ៉ាងណាមិញ គ្រប់ក្រសួងពាក់ព័ន្ធ កំពុងធ្វើការយ៉ាងសកម្មដោះស្រាយបញ្ហាចោទមួយនេះ ក្នុងនោះក្រសួងសារធារណការ និងដឹកជញ្ជូន ក៏បានប្ដេជ្ញានឹងស្វែងរកថវិកាមកជួសជុលហេដ្ឋារចនាសម្ព័ន្ធទាំងឡាយដែលខូចខាតដោយសារទឹកជំនន់ ឱ្យបានលឿនបំផុត។ (អានបន្ថែម)

- Video Advertisement -