ទុនវិនិយោគជាង ៣ពាន់លានដុល្លាររនេះ គឺសម្រាប់សាងសង់ និងកែលម្អអាកាសយានដ្ឋានទាំងអស់នៅកម្ពុជា

ទុនវិនិយោគក្នុងទឹកប្រាក់ចំនួន ៣.៥០៦ លានដុល្លារ នឹងត្រូវបានប្រើសម្រាប់ការសាងសង់ ពង្រីក និង កែលម្អព្រលានយន្តហោះទាំងអស់នៅកម្ពុជា ក្នុងគ្រោងការណ៍អភិវឌ្ឍន៍ផ្នែកអាកាសចរណ៍ ឆ្នាំ ២០១៥ – ២០២៣ ដែលជាផ្នែកមួយនៃគោលនយោបាយបើកចំហជើងមេឃ និងចក្ខុវិស័យរបស់រដ្ឋាភិបាលដើម្បីពន្លឿនមធ្យោបាយធ្វើដំណើរក្នុងស្រុក និងភ្ជាប់កម្ពុជាទៅមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។
គ្រោងការណ៍វិនិយោគវិស័យអាកាសចរណ៍ទ្រង់ទ្រាយធំ ទូទាំងប្រទេសនេះ ត្រូវបានបង្ហើបឱ្យដឹងតាមរយៈពី ឯកឧត្តម ស៊ីន ចាន់សិរិវុត្ថា អគ្គនាយករងបច្ចេកទេស រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០ ។

ខ្ទង់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ នឹងយកទៅចំណាយលើគម្រោងព្រលានយន្តហោះយ៉ាងតិចចំនួន ១០ នៅកម្ពុជា ទាំងសម្រាប់ស្តារឡើងវិញ និងសាងសង់ថ្មី ដែលមានដូចជា៖

១. អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬហៅថា ពោធិចិនតុង ក្នុងផែនការឆ្នាំ ២០១៥ – ២០៣០ ខាងរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានបង្ហាញពីការ ពង្រីកបន្ថែមនូវ ហេដ្ឋារចនាស ដោយបានបន្ថែមទុនវិនិយោគចំនួន ៣៣២ លានដុល្លាសហរដ្ឋអាមេរិក សម្រាប់ការកែលម្អ និង ពង្រីកបន្ថែម ពីលើព្រលានយន្តហោះបច្ចុប្បន្ន ទៅជាព្រលានយន្តហោះស្តង់ដារកម្រិត 4F។ (អានបន្ថែម) (អានបន្ថែម)

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

២. អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប នឹងត្រូវវិនិយោគទឹកប្រាក់បន្ថែម ចំនួន ១៧៤ លានដុល្លារសហរដ្ឋអាមេរិក ជាការពង្រីកបន្ថែមពីលើទីតាំងចាស់ ដែលមានលំដាប់ 4D។ (អានបន្ថែម)

អាកាសយានដ្ឋានអន្តរជាតិសៀមរាប (រូបថត៖ Archytype)

៣. អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ទឹកប្រាក់វិនិយោគបន្ថែម មានចំនួន ១៨០ លានដុល្លារសហរដ្ឋអាមរិក ។ (អានបន្ថែម)

អាកាសយានដ្ឋានអន្តរជាតិ ទាំង ៣ ខាងលើ ជាការវិនិយោគ ពី SCA ឬ ក្រុមហ៊ុនសម្បទាន អាកាសយានដ្ឋានកម្ពុជា ។

៤. អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី៖ មានទីតាំងស្ថិតនៅ ត្រង់ព្រំប្រទល់ ខេត្តកណ្ដាល និង តាកែវ
កសាងបាន ៣០% ព្រមនឹងតម្លៃ សាងសង់ចំនួន ១,៥ ពាន់លានដុល្លារពីក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ។ លានយន្តហោះនេះ នឹងចេញជារូបរាង ជាប្រភេទព្រលានយន្តហោះលំដាប់ 4F ពោលគឺជាអាកាសយានដ្ឋានធំបំផុតលំដាប់ទី៩ក្នុងពិភពលោក ដែលមានសមត្ថភាពទទួលយន្តហោះប្រភេទ BOEING 747-8 និង ប្រភេទ AIRBUS A-380-800។  (អានបន្ថែម)

អាកាសយានដ្ឋានអន្តរជាតិ (ថ្មី) ភ្នំពេញ

៥. អាកាសយានដ្ឋានសៀមរាបថ្មី ៖ ជាការវិនិយោគពី ក្រុមហ៊ុន Yunnan Investment Holdings Ltd (YIHL) នឹងចំណាយទុនវិនិយោគប្រមាណ ៩៨០ លានដុល្លារព្រម និងការសាងសង់លើផ្ទៃដីប្រមាណ ៧០០ ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន១០០០ហិកតា។ អាកាសយានដ្ឋាននេះ នឹងសាងសង់ឡើងជាប្រភេទ លំដាប់ថ្នាក់ទី 4E ដែលអាចប្រតិបត្តិការយន្តហោះខ្នាតធំមានលេខកូដEបាន។ ម៉្យាងទៀត បើប្រមើលមើលពីកំណើននៃចរាចរណ៍ផ្លូវអាកាស នាពេលអនាគត ព្រលានយន្តហោះនេះ នឹងត្រូវពង្រីកទៅជា អាកាសយានដ្ឋានប្រភេទ 4F បន្ថែមទៀត។ (អានបន្ថែម)

៦. អាកាសយានដ្ឋានតារាសាគរ ៖ ជាការវិនិយោគពី ក្រុមហ៊ុន Union Development Group (UDG) ដោយបានចំណាយទុនវិនិយោគសរុបចំនួន ១៥០ លានដុល្លារ សម្រាប់ដំណាក់កាលទី១ និង បញ្ចប់នៅខែឧសភា ២០២០។ យោងតាមព័ត៌មានរបស់ក្រុមហ៊ុន អាកាសយានដ្ឋានអន្តរជាតិនេះ នឹងជា ប្រភេទព្រលានយន្តហោះលំដាប់ 4C ដែលអាចអនុញ្ញាតឲ្យយន្តហោះធុនយក្ស ប្រភេទ ប៊ូអីង B777 និងអ៊ែរបើស A340 ចុះចតបាន។ (អានបន្ថែម)

អាកាសយានដ្ឋានតារាសាគរ (កោះកុង)

៧. អាកាសយានដ្ឋានអន្តរជាតិទី ៤ កោះកុង ៖ វិនិយោគពីការរួមគ្នា រវាងក្រុមហ៊ុនក្នុងស្រុក លី យ៉ុងផាត និង ក្រុមហ៊ុនអាកាសចរណ៍បាងកក ក្នុងទំហំទឹកប្រាក់ ៦០ លានដុល្លារសហរដ្ឋអាមេរិក ស្ថិតនៅក្នុងក្រុង
ខេមរៈភូមិន្ទ ។ លំដាប់នៃអាកាសយានដ្ឋាននេះជាប្រភេទ 4C ។ (អានបន្ថែម)

៨. អាកាសយានដ្ឋានប៉ោយប៉ែត ៖ ម្ចាស់អភិវឌ្ឍន៍គម្រោងអាកាសយានដ្ឋាននេះ គឺក្រុមហ៊ុន PoiPet Airport Investment ហើយគម្រោងនេះ នឹងចំណាយទុនវិនិយោគខ្ទង់ ៥០លានដុល្លារអាមេរិក ដែលអាចនឹងសាងសង់ឡើងនៅទីតាំងព្រលានយន្តហោះចាស់។ ដោយសារព្រលានយន្តហោះមួយនេះ កំពុងស្ថិតនៅក្នុងការសិក្សានៅឡើយ ដូច្នេះ សម្រាប់ប្រភេទស្តង់ដារព្រលាន គឺពុំទាន់បានបញ្ជាក់នៅឡើយទេថា ស្ថិតនៅក្នុងលំដាប់ណា ។ (អានបន្ថែម)

៩. អាកាសយានដ្ឋានមណ្ឌលគិរី ៖ ប្រសិនជាអភិវឌ្ឍន៍ដល់កម្រិត 4C និងចំណាយប្រហែល ៦០ លានដុល្លារ ។ រដ្ឋាភិបាលកម្ពុជាបានត្រៀមដីប្រហែល ៣០០ ហិចតាសម្រាប់គម្រោងនេះ ហើយត្រូវការរយៈពេលប្រមាណ ១ឆ្នាំ ដើម្បីធ្វើការសិក្សា ។ សម្រាប់ទីតាំងវិញ អាកាសយាដ្ឋានចាស់របស់ខេត្តមណ្ឌលគីរីនេះ នឹងកសាងក្នុងស្រុកអូររាំង ហើយនឹងត្រូវបានអភិវឌ្ឍជាឧទ្យាន ភ្ជាប់ជាមួយគ្នាតែម្តង។ (អានបន្ថែម)

១០. អាកាសយានដ្ឋានខេត្តបាត់ដំបង ៖ ក្រុមហ៊ុនរបស់ បារាំង Airaviata(AAT) Cambodia Regional Airlines Company កំពុងធ្វើការសិក្សា ពីទីតាំង និងខ្ទង់ចំណាយ ។ ចំពោះអាកាសយានដ្ឋានបាត់ដំបងនេះ ចែកជាបីដំណាក់កាល ហើយសម្រាប់ដំណាក់កាលរយៈពេលវែង នឹងត្រូវប្តូរទីតាំងថ្មី។ ដោយឡែក សម្រាប់គម្រោងរយៈពេលខ្លី រដ្ឋាភិបាលនឹងប្រើចំណែកថវិកាខាងលើសម្រាប់ស្តារ កែលម្អ និងជួសជុលអាកាសយានដ្ឋានខេត្តបាត់ដំបងចាស់។ (អានបន្ថែម)

១១. អាកាសយានដ្ឋានខេត្តស្ទឹងត្រែង៖ យោងតាមគម្រោងអាទិភាព ដែលបានដាក់ជូនរាជរដ្ឋាភិបាល តាមរយៈក្រសួងផែនការ អាកាសយានដ្ឋាននេះ និងត្រូវស្តារ និង កែលម្អ លើទីតាំងចាស់អោយក្លាយទៅជាប្រភេទយន្ត 4C ។

១២. អាកាសយានដ្ឋានខេត្តរតនគិរី ៖ ការសាងសង់ នឹងធ្វើឡើងនៅទីតាំងថ្មី ព្រមទាំងត្រៀមចេញជារូបរាងជាព្រលានលំដាប់ 3C ។

១៣. អាកាសយានដ្ឋានខេត្តព្រះវិហារ ៖ ការសាងសង់ និងគ្រោងធ្វើជាប្រភេទ 3C នៅទីតាំងថ្មី ដែលខាងស្ថាប័នពាក់ព័ន្ធកំពុងតែសិក្សាបន្ថែម។

គួរបញ្ជាក់ដែរថា លំដាប់នៃស្តង់ដារ របស់អាកាសយានដ្ឋាន ដែលចាប់ពីកម្រិត 3C គឺអាចអនុញ្ញាតអោយប្រភេទយន្តហោះ BOEING 737-700 និង AIRBUS A-320 អាចចុះចតបាន ក្នុងករណីព្រលានយន្តហោះនោះ មានប្រវែងផ្លូវរត់វែងល្មមសម្រាប់យន្តហោះខ្នាតធំទាំងនេះផងដែរ។

ការអភិវឌ្ឍ ការស្តារ និងកែលំអ អាកាសយានដ្ឋានទាំងថ្មី ទាំងចាស់នៅក្នុងប្រទេសកម្ពុជា គឺធ្វើឡើងស្របទៅតាមកំណើនទេសចរណ៍ និងកំណើនអភិវឌ្ឍន៍ក្នុងស្រុក។ ជាក់ស្តែងសម្រាប់ខេត្តបាត់ដំបងមួយ មានកំណើនទេសចររហូតដល់ ៦% ក្នុងមួយឆ្នាំ នេះយោងតាមការលើកឡើងរបស់ក្រសួងទេសចរណ៍។

ក្រៅពីហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ដែលត្រូវសាងសង់ កម្ពុជាក៏កំពុងកែលម្អ និងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងចរាចរណ៍ដែនអាកាសឱ្យកាន់តែមានភាពទំនើបជាងមុនផងដែរ៕

- Video Advertisement -