ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាកើនជិត $៥៤ប៊ីលាន គិតត្រឹមខែតុលា ២០២៥
បរិមាណពាណិជ្ជកម្មកើនឡើង ១៧% ពីមួយឆ្នាំទៅមួយឆ្នាំ; គម្រោងវិនិយោគកើនឡើងលើសពី ៦០០
រយៈពេល ១០ខែ គិតចាប់ពីខែមករា-តុលា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា មានទំហំជិត ៥៤ ប៊ីលានដុល្លារអាម៉េរិក។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងក្នុងកកម្មវិធីសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨ ឆ្នាំ២០២៥ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។
ឯកឧត្តមបន្តថា រយៈពេល ១០ខែ ក្នុងឆ្នាំ២០២៥ នេះទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា មានទំហំ ៥៣,៥៨ ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ឯកឧត្តម បានចែករំលែកអំពីបរិយាកាសវិនិយោគនៅកម្ពុជា ដែលមានការទទួលស្គាល់ជាសកលក្នុងរយៈពេល ២ឆ្នាំបន្តបន្ទាប់គ្នា។ យោងតាម fDi Intelligence នៅឆ្នាំ២០២៤ កម្ពុជាបានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជី FDI Standouts Watchlist បញ្ជាក់ថាកម្ពុជាជាទីផ្សាររីកចម្រើនឈានមុខគេសម្រាប់ការវិនិយោគ ហើយនៅឆ្នាំ២០២៥ កម្ពុជាក៏បានបន្តជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ីប៉ាស៊ីហ្វិក និងលេខ៩ នៅទូទាំងពិភពលោក សម្រាប់សន្ទស្សន៍ Greenfield FDI Performance Index ដែលវាស់វែងពីប្រសិទ្ធភាពនៃការទាក់ទាញវិនិយោគរបស់ប្រទេសនីមួយៗ ធៀបនឹងទំហំសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះផងដែរ។
ចំណែកឯទិន្នន័យការអនុម័តគម្រោងវិនិយោគនៅកម្ពុជា ដោយនៅក្នុងឆ្នាំ ២០២៥ នេះវិញ ឯកឧត្តមថា កម្ពុជាអនុម័តគម្រោងវិនិយោគលើសពី ៦០០ គម្រោង។ គិតត្រឹមដំណាច់ ខែវិច្ឆិកាឆ្នាំ២០២៥ CDC បានអនុម័តគម្រោងវិនិយោគចំនួន ៦០៩ គម្រោង មានទុនវិនិយោគប្រមាណ៩.៥ ពាន់លានដុល្លារនិងអាចបង្កើតការងារបានជាង ៤០០ពាន់កន្លែង។
ទន្ទឹមនេះ ឯកឧត្តម បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងវិស័យឯកជន ដែលជានិច្ចកាលមានកិច្ចសហប្រតិបត្តិការល្អ ក្នុងការចរចាពាណិជ្ជកម្ម ទាក់ទាញវិនិយោគ និងរុញច្រាន កំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្ម តាមរយៈបង្កើនការនាំចេញ និងជំរុញវត្តមានផលិតផលកម្ពុជា នៅលើទីផ្សារតំបន់ និងពិភពលោក។
សូមជម្រាបថា តាមរយៈកម្មវិធី “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” នេះដែរ ភាគីពាក់ព័ន្ធ ក៏បានប្តេជ្ញាកិខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការល្អ ក្នុងការចរចាពាណិជ្ជកម្ម ទាក់ទាញវិនិយោគ និងរុញច្រាន ដើម្បីបង្កើនការនាំចេញ និងជំរុញវត្តមានផលិតផលកម្ពុជា នៅលើទីផ្សារតំបន់ និងពិភពលោក៕

