ធនាគារជាតិ៖ ឥណទានក្នុងវិស័យសំណង់និងអចលទ្រព្យ ពុំទាន់មានហានិភ័យនៅឡើយទេ

ក្នុងការវាយតម្លៃហានិភ័យស្ថិរភាពហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ធនាគារជាតិបានអោយដឹងថាឥណទានក្នុងវិស័យសំណង់និងអចលនទ្រព្យ គឺនៅមានគុណភាពល្អប្រសើរ។

បើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ របស់ធនាគារជាតិ កត្តាដែលធ្វើអោយគុណភាពឥណទាននៃវិស័យសំណង់និងអចលនទ្រព្យមានភាពល្អប្រសើរ គឺដោយសារតែឥណទានមិនដំណើរការ (non-performing loan) ក្នុងវិស័យនេះនៅមានកម្រិតទាប។

គួរបញ្ជាក់ផងដែរថា ឥណទានមិនដំណើរការ ឬ non-performing loan គឺជាស្ថានភាពដែលអ្នកខ្ចី មិនបានទូទាត់សំណង់ទៅកាន់ធនាគារ ហួសពេលកំណត់ចំនួន ៩០ ថ្ងៃ (តាមកិច្ចសន្យាជាក់ស្ដែងមួយៗ)។

ជាក់ស្តែងណាស់ឥណទានមិនដំណើរការក្នុងវិស័យសំណង់នាពេលបច្ចុប្បន្នមានអត្រា ០,៣៧ ភាគរយ ចំណែកឯឥណទានមិនដំណើរការក្នុងសកម្មភាពអចលនទ្រព្យមានអត្រា ០,១២ ភាគរយ និងអត្រា០,០៧ភាគរយសម្រាប់កម្ចីគេហដ្ឋាន។

ដោយឡែកឥណទានជារួមក្នុងវិស័យសំណង់និងអចលនទ្រព្យគឺបន្តកើនឡើងក្នុងល្បឿនលឿនប្រមាណ៣៧ភាគរយដែលក្នុងនោះវិស័យសំណង់បានកើនឡើង ៣០,៥ភាគរយ (ឆ្នាំលើឆ្នាំ) សកម្មភាពអចលនទ្រព្យបានកើនឡើង ៣៤,៩ភាគរយ (ឆ្នាំលើឆ្នាំ) រឺឯកម្ចីគេហដ្ឋានបានកើនឡើង៣១,៤ភាគរយ (ឆ្នាំលើឆ្នាំ) ។

ក្នុងចំណោមឥណទានសរុបលើគ្រប់វិស័យទាំងអស់ឥណទានក្នុងវិស័យសំណង់រួមចំណែក ១០ ភាគរយ ឥណទានសម្រាប់សកម្មភាពអចលនទ្រព្យរួមចំណែក ៦,៥ ភាគរយ ចំណែកឯកម្ចីគេហដ្ឋានបានរួមចំណែក ៩,៨ ភាគរយ។

ជាមួយគ្នានេះដែរ ធនាគាជាតិក៏នឹងបន្តតាមដាននិងសិក្សាយ៉ាងស៊ីជម្រៅលើការវិវត្តរបស់វិស័យអចលទ្រព្យដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធពង្រឹងគុណភាពទិន្នន័យ និងកំពុងបង្តើតសន្ទស្សន៍ថ្លៃអចលនទ្រព្យដែលអាចជាមូលដ្ឋានក្នុងការដាក់ចេញនូវវិធានការម៉ាក្រូប្រុងប្រយ័ត្ននានានាពេលអនាគត។

- Video Advertisement -