ធនាគារប្រៃសណីយ៍ទិញមូលបត្របំណុល ១០ លានដុល្លារ ដើម្បីគាំទ្រការអភិវឌ្ឍព្រលានថ្មី
ធនាគារប្រៃសណីយ៍កម្ពុជា ក.អ បានវិនិយោគ១០លានដុល្លារ លើសញ្ញាបណ្ណបំណុលមានបុគ្គលធានារបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ដើម្បីចូលរួមផ្ដល់ទុនបន្ថែមសម្រាប់ការអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី។
ពិធីចុះហត្ថលេខានេះធ្វើឡើងនៅថ្ងៃទី២៨ ខែធ្នូ រវាងលោកឧកញ៉ា ឆារស៍ វ៉ាន់ អគ្គនាយកក្រុមហ៊ុន CAIC និងលោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជា ក្រោមអធិបតីភាព អ្នកឧកញ៉ា ពុង ឃាវសែ។
អត្រាការប្រាក់របស់សញ្ញាបណ្ណនេះគឺ ៥,៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC។ ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។
គួរបញ្ជាក់ថា CAIC បានបោះពុម្ពមូលបត្រសរុប ៣០០ លានដុល្លារអាមេរិក ដោយបានលក់ជាបន្ដបន្ទាប់ យ៉ាងហោចបានជាង ១០០លានដុល្លារ។
ទាក់ទិននឹងការគៀងគរទុននេះ សម្ដេច ហ៊ុន សែន ក៏បានជំរុញឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកនានា ត្រូវបន្ដជួយវិនិយោគមូលបត្របំណុល ៣០០លានដុល្លារ នេះ។ ការគៀងគរទុនវិនិយោគពីប្រភពក្នុងស្រុកនេះ គឺស្របនឹងពាក្យស្លោក «ខ្មែរអាចធ្វើបាន» ពោលគឺចង់ឱ្យគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងស្រុក កសាងឡើងដោយថវិកាចេញពីក្នុងស្រុកផ្ទាល់។ (អានបន្ថែម)
មកទល់បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សាងសង់បានប្រមាណ ២៧% ហើយ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣។

