ធនាគារពិភពលោកព្រមានថា GDP របស់កម្ពុជាអាចនឹងធ្លាក់ចុះ ៩% និងអត្រានៃភាពក្រីក្រអាចនឹងកើន ៦% នៅឆ្នាំ ២០៥០ ហេតុអ្វី?
ការប្រែប្រួលអាកាសធាតុ កំពុងគំរាមកំហែង និងអាចជាឧបសគ្គដ៏ធំមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ខណៈដែលរបាយការណ៍ប្រកាសអាសន្នពីធនាគារពិភពលោកបានគូសបញ្ជាក់អំពីគ្រោះថ្នាក់ដែលកំពុងកើតមាននៃការប្រែប្រួលអាកាសធាតុ។ របាយការណ៍ស្តីពីអាកាសធាតុ និងការអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា (CCDR) របស់ធនាគារពិភពលោក ដែលទើបចេញផ្សាយកាលពីថ្ងៃទី ១៦ ខែ ១០ ឆ្នាំ ២០២៣ នេះ បានបង្ហាញពីក្របខណ្ឌយុទ្ធសាស្ត្រ ដែលមានសារៈសំខាន់បំផុតក្នុងការការពារអនាគតអភិវឌ្ឍន៍របស់កម្ពុជា ដោយបានគូសបញ្ជាក់អំពីភាពបន្ទាន់នៃការកាត់បន្ថយភាពងាយរងគ្រោះចំពោះផលប៉ះពាល់អាកាសធាតុ ការរៀបចំឡើងវិញនូវគន្លងនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ និងអនុសាសន៍ដឹកនាំសេដ្ឋកិច្ចឆ្ពោះទៅរកផ្លូវនិរន្តរភាពបរិស្ថាន។
ខ្លឹមសារសំខាន់របស់របាយការណ៍នេះ គឺទីតាំងរបស់ប្រទេសកម្ពុជាកំពុងស្ថិតនៅលើផ្លូវកែងរវាងការអភិវឌ្ឍនិងការប្រែប្រួលអាកាសធាតុ ដោយបានផ្តល់ឧទាហរណ៍ជាទិន្នន័យជាក់ស្តែងនៃព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដែលបានកើតឡើងនិងកើនឡើងគួរឱ្យកត់សម្គាល់មកលើកម្ពុជារួចទៅហើយ។ ដោយមិននិយាយអំពីគ្រោះធម្មជាតិប៉ះពាល់សេដ្ឋកិច្ចកាលពីប៉ុន្មានឆ្នាំមុន គិតត្រឹមតែក្នុងឆ្នាំ ២០១៩មក ឧទាហរណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ គឺការខាតបង់គិតជាតម្លៃសេដ្ឋកិច្ចចំនួន ១០០លានដុល្លារក្ន ងផលិតកម្មស្រូវ ដែលបណ្តាលមកពីគ្រោះរាំងស្ងួតដែលបង្កឡើងដោយបាតុភូត El Nino។ ឧទាហរណ៍មួយទៀត ក្នុងខែកញ្ញា ឆ្នាំ ២០២២ ប្រទេសកម្ពុជា បានជួបនឹងជំនន់ទឹកភ្លៀងខ្លាំងបំផុតក្នុងរយៈពេល ៣ ឆ្នាំ ដោយបង្កឲ្យមានទឹកជំនន់រីករាលដាលនៅទូទាំង ១៤ខេត្ត និងប៉ះពាល់ដល់គ្រួសារជាង ៨៥.000គ្រួសារ។ លទ្ធផលបានបង្ខំឲ្យមានការជម្លៀសប្រជាជនចំនួន ៥០០០ គ្រួសារដោយសារការបំផ្លិចបំផ្លាញនៃការបាក់ដី។
“ដើម្បីងើបឡើងវិញពីផលប៉ះពាល់នៃជំងឺរាតត្បាត និងបញ្ហាប្រឈមដែលបង្កឡើងដោយតម្លៃអាហារ និងថ្លៃថាមពលកើនឡើង កម្ពុជាត្រូវតែរក្សាកំណើនសេដ្ឋកិច្ចខ្ពស់និងត្រូវប្រកបដោយនិរន្តរភាព ទន្ទឹមនឹងនោះត្រូវដោះស្រាយផលប៉ះពាល់យ៉ាងជ្រាលជ្រៅនៃការប្រែប្រួលអាកាសធាតុមកលើសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងដាក់វិធានការយ៉ាងម៉ឹងម៉ាត់ក្នុងកាត់បន្ថយការបំភាយកាបូន” នេះជាការបញ្ជក់របស់លោក Manuela V Ferro អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។
ទោះបីជាកម្ពុជាមានកំណើនសេដ្ឋកិច្ចគួរឲ្យសរសើរ ពោលគឺមានកំណើនជាមធ្យម ៧,១% តាំងពីឆ្នាំ ១៩៩៥ មកទល់នឹងឆ្នាំ ២០២១ នេះក្តី របាយការណ៍ដដែលរបស់ធនាគារពិភពលោកបានផ្តល់នូវការព្រមានយ៉ាងបន្ទាន់មួយ ដោយអះអាងថាសមិទ្ធផលសេដ្ឋកិច្ចរីកចម្រើនដែលកម្ពុជាបានប្រឹងប្រែងអភិវឌ្ឍបានជោគជ័យកន្លងមកនេះ កំពុងត្រូវបានគំរាមកំហែង និងរារាំងដោយបញ្ហាអាកាសធាតុ ល្គឹកណាតែបញ្ហានេះត្រូវបានប្រឈមមុខដោះស្រាយដោយច្បាស់លាស់។ គោលដៅប្រកបដោយមហិច្ឆតារបស់កម្ពុជាក្នុងការសម្រេចបាននូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ អាចនឹងនៅតែមិនទាន់សម្រេចបាន ប្រសិនបើមិនមានវិធានការដោះស្រាយបញ្ហាអាកាសធាតុបានគ្រប់គ្រាន់ទេនោះ។
ជាពិសេស របាយការណ៍នេះបានព្រមានអំពីការធ្លាក់ចុះផលិតផលក្នុងស្រុកសរុបរហូតដល់ទៅ ៩% នៅឆ្នាំ ២០៥០ និងការកើនឡើងដ៏គួរឱ្យព្រួយបារម្ភនៃអត្រានៃភាពក្រីក្ររហូតដល់ ៦ ភាគរយនៅឆ្នាំ ២០៤០។
ដើម្បីជាបន្ទាល់ចំពោះអំណះអំណាងនេះ ធនាគារពិភពលោក បានចង្អុលបង្ហាញកត្តាជាច្រើនដែលជាមូលហេតុបញ្ជាក់ពីការព្រួយបារម្ភទាំងនេះ រួមទាំងឧបសគ្គផ្នែកច្បាប់ដែលទាក់ទងនឹងពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មនៅមិនទាន់គ្រប់គ្រាន់ ការវិនិយោគក្នុងស្រុកនៅមានកម្រិត ការថយចុះនៃការវិនិយោគមូលធនសាធារណៈ និងការកើនឡើងបំណុលឯកជន។ បន្ថែមពីលើនេះ សេដ្ឋកិច្ចកម្ពុជានៅតែប្រឈមនឹងការប៉ះទង្គិចពីខាងកត្តាម៉ាក្រូសេដ្ឋកិច្ចពីខាងក្រៅ ដោយសារការធ្វើពិពិធកម្មលើការនាំចេញនៅមានកម្រិត កត្តាទីផ្សារ ពិពិធកម្មតាមវិស័យ និងប្រភពហិរញ្ញប្បទាននៅមិនទាន់បានទូលំទូលាយ។
លោក Mariam Sherman នាយកធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ ផ្តល់ទស្សនវិស័យដ៏ស៊ីជម្រៅមួយដោយបញ្ជាក់ថា “ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានកើនឡើងបន្ថែមទៀតដោយផលប៉ះពាល់អាកាសធាតុ ដែលបន្ថែម ភាពស្មុគស្មាញដល់ទិដ្ឋភាពអភិវឌ្ឍន៍ដ៏តឹងតែងមួយ។ គ្រាន់តែទឹកជំនន់មួយមុខ ត្រូវបានគេព្យាករថានឹងនាំមកនូវការខាតបង់កាន់តែច្រើនដល់រោងចក្រ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លំនៅឋាន និងសាលារៀន ដែលរំខានដល់សេវាកម្មសំខាន់ៗ និងខ្សែសង្វាក់ផ្គត់ផ្គង់សកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល”។
របាយការណ៍ CCDR ដដែល បានគូសបញ្ជាក់អំពីតម្រូវការចាំបាច់សម្រាប់ការខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន ដោយបានជំរុញឱ្យមានគំនិតផ្តួចផ្តើមដឹកនាំដោយរដ្ឋាភិបាលដើម្បីបង្កើនភាពធន់នឹងអាកាសធាតុសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងបណ្តាញផ្លូវថ្នល់សំខាន់ៗ និងកន្លែងអប់រំ និងមណ្ឌលថែទាំសុខភាពដែលមានស្រាប់និងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលកំពុងអភិវឌ្ឍថ្មី។ ក្នុងពេលជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍ពិភពលោក ក៏បានលើកទឹកចិត្តឱ្យវិស័យឯកជន បញ្ជូលវិធានការឆ្លើយតបនឹងអាកាសធាតុ ទៅក្នុងការវិនិយោគ ដូចជាប្រព័ន្ធម៉ាស៊ីនត្រជាក់និងបរិក្ខារថាមពលក្នុងអគាររបស់វិស័យឯកជន ត្រូវស្របតាមបទដ្ឋានប្រសិទ្ធភាពថាមពល និងត្រូវរៀបចំអគារដែលធន់នឹងទឹកជំនន់ជាដើម៕
- Video Advertisement -