នាយករដ្ឋមន្ត្រីថៃអំពាវនាវឱ្យប្រទេសអាស៊ានដំឡើងប្រាក់ឈ្នួល និងលើកទឹកចិត្តពិពិធកម្មវិនិយោគបរទេស
នាយករដ្ឋមន្ត្រីថៃលោក ស្រេថា ថាវីស៊ីន បានអំពាវនាវឱ្យមេដឹកនាំប្រទេសអាស៊ានផ្សេងទៀតក្នុងនោះក៏មានម៉ាឡេស៊ី និងកម្ពុជាផងដែរ ចូលរួមសហការស្វែងរកមធ្យោបាយរួមគ្នាដើម្បីដំឡើងប្រាក់ឈ្នួលឱ្យបានខ្ពស់ជាងមុន និងសំណើកែប្រែវិធីសាស្ត្រលើកទឹកចិត្តដល់វិនិយោគបរទេសមួយចំនួនទៀត នេះបើយោងតាម Thailand Business News កាលពីថ្ងៃទី២២ មករា ឆ្នាំ ២០២៤។
ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos លោក ថាវីស៊ីន បានសង្កត់ធ្ងន់លើការចាំបាច់សម្រាប់ប្រទេសថៃក្នុងការផ្លាស់ប្តូរលើសពីការទាក់ទាញវិនិយោគបរទេសដោយពឹងផ្អែកតែលើយុទ្ធសាស្ត្រតម្លៃពលកម្មទាបតែម្យ៉ាង។ ផ្ទុយទៅវិញ លោកបានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ ដែលផ្តោតលើថាមពលស្អាត ការបង្កើតសាលារៀនអន្តរជាតិលំដាប់កំពូល ការថែទាំសុខភាពសាធារណៈដ៏រឹងមាំ ទីផ្សារមូលធនដោយយុត្តិធម៌ គ្មានអំពើពុករលួយ និងបរិស្ថានដែលងាយស្រួលសម្រាប់អាជីវកម្ម។
នៅក្នុងកិច្ចពិភាក្សាមួយ លោក ថាវីស៊ីន បានលើកឡើងពីតម្រូវការសម្រាប់ប្រទេសអាស៊ានក្នុងការសហការគ្នាដោះស្រាយបញ្ហាប្រាក់ឈ្នួលអប្បបរមា ដែលលោកយល់ថាជាឧបសគ្គដល់កំណើនទាំងមូលរបស់តំបន់។ លោកបានបង្ហាញចេតនាក្នុងការចូលរួមជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីវិធីដំឡើងប្រាក់ឈ្នួលអប្បបរមាជាសមូហភាព។ លោក ថាវីស៊ីន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃមេដឹកនាំក្នុងតំបន់ដែលមានភារកិច្ចធ្វើការរួមគ្នាដើម្បីបង្កើនប្រាក់ឈ្នួលអប្បបរមាក្នុងកម្រិតសមរម្យ ជំរុញកំណើនសេដ្ឋកិច្ចនៅទូទាំងប្រទេសអាស៊ាន។
លើសពីការតស៊ូមតិសម្រាប់ប្រាក់ឈ្នួលអប្បបរមាខ្ពស់ លោក ថាវីស៊ីន ក៏បានស្នើឱ្យអនុម័តកម្មវិធីពិពិធកម្មការលើកទឹកចិត្តវិនិយោគបរទេសបែបថ្មី ដើម្បីទាក់ទាញការវិនិយោគបរទេសពីសហរដ្ឋអាមេរិក អឺរ៉ុប និងចិន។ លោកបានជំរុញប្រទេសអាស៊ានឱ្យស្វែងយល់ពីវិធីសាស្ត្រជំនួស ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកទឹកចិត្តសេដ្ឋកិច្ចចម្រុះ។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះ មានគោលបំណងកំណត់យកប្រទេសថៃ និងសមភាគីក្នុងតំបន់របស់ខ្លួនជាគោលដៅវិនិយោគដ៏ទាក់ទាញ ដោយផ្លាស់ប្តូរចេញពីគំរូការងារតម្លៃទាបបែបប្រពៃណី។
- Video Advertisement -