នាយករដ្ឋមន្ត្រីប្រទេសចិនប្តេជ្ញាគាំទ្រការអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម Li Keqiang បានប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ ខណៈខេត្តមួយនេះ បាននិងកំពុងស្រូបយកវិនិយោគិនចិនយ៉ាងច្រើនសន្ធឹកសន្ធាប់។
ការប្តេជ្ញានេះ គឺធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Li Keqiang នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥។
យោងតាមការបញ្ជាក់នៅលើទំព័រហ្វ៊េកប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន ភាគីទាំងពីរបានជជែកពិភាក្សាទៅលើបញ្ហាចំនួន៣ចំណុច ដែលទី១ ឯកឧត្តម Li Keqiang បានមានប្រសាសន៍ថា ប្រទេសទាំងពីរនឹងធ្វើការពិភាក្សាគ្នា ជាពិសេស លើជំនួយឥតសំណងដើម្បីជួយដល់ការអភិវឌ្ឍន៍នៃខេត្តព្រះសីហនុ តបតាមការស្នើសុំរបស់កម្ពុជា។
ចំពោះបញ្ហាទី២ វិញ ឯកឧត្តមនាយករដ្ឋមន្ត្រីចិន បានឯកភាពគាំទ្រក្នុងការរៀបចំកិច្ចប្រជុំទី៥គណៈកម្មាធិការនៃអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីពិភាក្សាទាក់ទងនឹងរឿងថវិកានៃប្រទេសទាំងពីរ។
ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើបញ្ហាកិច្ចប្រជុំអនុតំបន់ផងដែរ។
គួរបញ្ជាក់ថា ខេត្តព្រះសីហនុបានទាក់ទាញការវិនិយោគយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះ គិតត្រឹមដើមឆ្នាំ ២០១៩នេះ សំណង់ដែលបានសុំច្បាប់សាងសង់ក្នុងខេត្តព្រះសីហនុមានចំនួនរហូតដល់ទៅ ៨១៩ សំណង់។ (អានបន្ថែម)
ក្រៅពីនេះ ផ្លូវចំនួន ៣៤ខ្សែក្នុងខេត្តព្រះសីហនុនឹងត្រូវចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ ដែលនេះ គឺនឹងជួយដល់ការអភិវឌ្ឍន៍ដទៃទៀតផងដែរ។ (អានបន្ថែម)

