នាវាស្វ័យការពារជើងទឹកជប៉ុន នឹងចូលចតនៅកំពង់ផែខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ ក្នុងខែវិច្ឆិកានេះ
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ កាលថ្ងៃទី២ ខែវិច្ឆិកា បានអនុញ្ញាតឱ្យ អនុព័ន្ធយោធាស្ថានទូតជប៉ុនប្រចាំកម្ពុជា ចូលជួបពិភាក្សាស្តីពីដំណើរចូលចតរបស់នាវាស្វ័យការពារជើងទឹកជប៉ុន នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
ថ្លែងក្នុងជំនួបនោះ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ចំពោះការចូលចតរបស់នាវាស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលខាងមុខ ហើយរដ្ឋបាលខេត្តព្រះសីហនុចូលរួមសហការធ្វើការងារជាមួយកងនាវាស្វ័យការពារជប៉ុន។
ជាមួយគ្នានេះ លោកវរសេនីយិ៍ឯក អ៊ីស៊ីហារ៉ា ម៉ាសាណាអូ អនុព័ន្ធយោធាស្ថានទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងអំណ គុណរដ្ឋបាលខេត្ត និងកងកម្លាំងដែលអនុញ្ញាតិឱ្យរូបលោកបានចូលជួបពិភាក្សា ដើម្បីរៀបចំ សកម្មភាពផែនការនៃ ការចូលចតរបស់នាវាស្វ័យការពារជើងទឹកជប៉ុនចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ទន្ទឹមគ្នានេះ លោកបានបង្ហាញការចាប់អារម្មណ៍ ពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្នហើយ នេះក៏ជាលើកទីមួយដែលរូបលោកបានមកធ្វើទស្សនកិច្ចខេត្តព្រះសីហនុ ហើយលោកគិតថាកំពង់ផែស្វយ័តក្រុង ព្រះសីហនុ ធំទូលាយអាចឱ្យនាវាស្វ័យការពារជើងទឹកជប៉ុនចូលចតប្រកបដោយសុវត្ថិភាព និងជាការផ្លាស់ប្តូរវិស័យការពារជាតិនៃប្រទេសទាំងពីរជាទស្សនវិស័យល្អមួយ។
គួរបញ្ជាក់ដែរថា កន្លងមកនាវាស្វ័យការពារជើងទឹកជប៉ុនបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុជាបន្តបន្ទាប់ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាជាច្រើនលើក រួចមកហើយ ដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមករវាងកម្ពុជា-ជប៉ុន។ តាមរយៈសកម្មភាពនេះ បានធ្វើឱ្យ ប្រទេស ទាំងពីរមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ ហើយសម្រាប់ការចូលចតនាវាស្វ័យការពារជើងទឹកជប៉ុននេះដែរ ក៏បានបង្ហាញពីទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កាន់តែជិតស្និតបន្ថែមទៀត៕

