បច្ចេកវិទ្យាថ្មីលាយដីនិងស៊ីម៉ងត៍ របស់កាណាដា អាចធើ្វឱ្យសំណង់កម្ពុជារឹងមាំជាងធម្មតា២-៣ដង
ក្រុមហ៊ុនឌូរ៉ាហ្លិច (Duraflex) និងក្រុមហ៊ុន QBT ដែលជាក្រុមហ៊ុនរបស់ប្រទេសកាណាដា បានបង្ហាញពីបច្ចេកវិទ្យាទំនើបថ្មីៗ របស់ខ្លួនក្នុងជួយគាំទ្រដល់គម្រោងសាងសង់សំណង់ការងារទឹក និងប្រព័ន្ធធារាសាស្រ្ត។ នេះបើតាមជំនួបជាមួយអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។
បើតាមការបង្ហាញរបស់ក្រុមហ៊ុនទាំងពីរ បច្ចេកវិទ្យាថ្មីៗទើបនេះ អាចធ្វើឱ្យសំណង់កាន់តែមានគុណភាពខ្ពស់ ចំណេញពេលវេលាសាងសង់ កាត់បន្ថយផលប៉ះពាល់បរិស្ថាន និងទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចខ្ពស់។
ក្រុមហ៊ុនឌូរ៉ាហ្លិច (Duraflex) បានឱ្យដឹងថា ម្សៅ Duraflex ជាផលិតផលបច្ចេកវិទ្យាថ្មីសម្រាប់លាយជាមួយដី និងស៊ីម៉ងត៍ ដើម្បីធ្វើឲ្យរឹងមាំល្អ ដោយមិនចាំបាច់ប្រើប្រាស់ក្រួស សរសៃដែក និងខ្សាច់ សម្រាប់សំណង់ធារាសាស្ត្រ ក៏ដូចជាសំណង់ផ្សេងទៀត ដែលអាចជួយធ្វើ ឲ្យចំណេញថ្លៃដើម ពេលវេលា ជាពិសេសមិនប៉ះពាល់ដល់បរិស្ថានក្នុងបរិបទបម្រែបម្រួលអាកាសធាតុនេះ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន QBT បាននាំចូល និងចែកចាយនូវម្សៅ Xypex ជាផលិតផលបច្ចេកវិទ្យាថ្មីសម្រាប់លាយជាមួយទឹក និងស៊ីម៉ង់ ដែលកាន់តែធ្វើឱ្យគុណភាពបេតុងមានភាពធន់រឹងមាំ និងអាយុកាលវែងជាងធម្មតា ២-៣ដង និងជួយការពារជម្រាបទឹកបានល្អ ដែលអាចជួយឲ្យចំណេញលើការកាត់បន្ថយនូវការងារជួសជុលផងដែរ។
ក្នុងកិច្ចជំនួបនេះ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានមានប្រសាសន៍ថា ផលិតផលទាំងពីរនេះ ពិតជាមានសារ:សំខាន់ខ្លាំងសម្រាប់ការងារសំណង់ទឹក និងប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា តែទាមទារតម្រូវឲ្យមាននូវម៉ាស៊ីន និងឧបករណ៍ទំនើបជំនួយគាំទ្របន្ថែមដែលមានតម្លៃខ្ពស់។
ជាមួយគ្នានេះផងដែរ ឯកឧត្តមអគ្គនាយក ក៏បានស្នើឲ្យក្រុមការងារក្រសួង នឹងក្រុមងាររបស់ក្រុមហ៊ុនទាំងពីរត្រូវធ្វើការសិក្សាប្រៀបធៀបបន្ថែមអំពីថ្លៃដើមនេះ។
បន្ថែមពីលើនេះ ឯកឧត្តម ក៏បានស្នើឲ្យក្រុមហ៊ុនមានការធ្វើគំរូសាកល្បងនៅទីតាំងសំណង់ធារាសាស្ត្រសមរម្យជាក់ស្តែងណាមួយជាមួយនឹងផលិតផលទាំងពីរខាងលើនេះ ដើម្បីជាទឡ្ហីករណ៍ក្នុងការគិតគូរពិចារណាបន្ថែមទៀតផងដែរ។

