បញ្ហាកិច្ចសន្យាខ្សែក្រវ៉ាត់និងផ្លូវរវាងចិន និងអូស្រ្តាលី នឹងជះឥទ្ធិពលដល់កម្ពុជាឬទេ និងយ៉ាងដូចម្ដេច?
រូបភាពដោយ Wccftech
អត្ថបទបញ្ចេញមតិ៖
កាលពីថ្ងៃទី ២១ មេសា កន្លងមកនេះ រដ្ឋាភិបាលអូស្រ្តាលី បានប្រកាសលុបចោលកិច្ចសន្យាដែលរដ្ឋ Vitoria បានចុះជាមួយប្រទេសចិនទាក់ទិននឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ឬ BRI កាលពីឆ្នាំ ២០១៨ និង ២០១៩ ដោយអះអាងថា កិច្ចសន្យាខុសនឹងច្បាប់ថ្មីរបស់ខ្លួន ហើយក៏ដើម្បីបញ្ឈប់ការឃោសនានយោបាយកុម្មុយនិស្តរបស់ចិន។
ទង្វើនេះ បានធ្វើឱ្យប្រទេសចិនខឹងសម្បាយ៉ាងខ្លាំង ដោយថ្លែងថា នេះជាទង្វើមិនសមហេតុផល និងហួសហេតុ ហើយនឹងធ្វើឱ្យចំណងទំនាក់ទំនងពាណិជ្ជកម្ម និងនយោបាយរវាងប្រទេសទាំងពីរកាន់តែមានភាពល្វីងជូរចត់។ លើសពីនេះ បណ្ដាញសង្គមចិន បានស្ដីបន្ទោសអូស្រ្តាលីថា ជាប្រទេសមិនគោរពពាក្យសន្យា និងហ៊ានសូម្បីលុបចោលកិច្ចសន្យាដែលចុះហត្ថលេខារួច តើអនាគតទៅអាចជឿជាក់បានទៀត ឬយ៉ាងណាលើរឿងផ្សេងៗ។
បើយោងតាមការវិភាគ ជម្លោះនេះមិនមែនជាលើកទី១ទេ សម្រាប់ប្រទេសទាំងពីរក្នុងការប៉ះទង្គិចគ្នានោះ ប៉ុន្តែកាលពីប៉ុន្មានឆ្នាំមុន មានបញ្ហាស្រដៀងគ្នានេះដែរ គឺក្រោយពេលដែរអូស្រ្តាលីហាមមិនឱ្យក្រុមហ៊ុន Huwei ធ្វើអាជីវកម្ម 5G របស់ខ្លួននៅប្រទេសអូស្រ្តាលី ដែលធ្វើឱ្យចិនសងសឹកដោយយកពន្ធបន្ថែមលើផលិតផលនាំចូលពីប្រទេសអូស្រ្តាលី។
អ្នកវិភាគ បានឱ្យដឹងទៀតថា ទង្វើនេះជាការបែងចែកបក្សពួក ឬហៅក្រៅថាសង្គ្រាមត្រជាក់ ដែលមានអាមេរិក និងចិននៅក្រោយ ដែលអាចនឹងប៉ះពាល់ដល់ពិភពលោកទាំងមូល។
ប៉ុន្តែតើវានឹងប៉ះពាល់អ្វីដល់កម្ពុជាដែរឬទេ ក្នុងនាមជាប្រទេសមួយដែលទទួលកម្ចីជាច្រើនពីប្រទេសចិនតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ?
ក្នុងដំណាក់កាលនេះ កម្ពុជានៅមិនទាន់រងសម្ពាធដោយផ្ទាល់ទេ ព្រោះបញ្ហានេះនៅជាបញ្ហារវាងប្រទេសទាំង២នោះនៅឡើយ។ ប៉ុន្តែបើបញ្ហានេះរីកធំក្លាយជាសង្គ្រាមត្រជាក់ដូចជាការព្យាករពិតមែន គឺអាចនឹងប៉ះពាល់ដល់កម្ពុជាដែរ។ កម្ពុជាក៏ដូចជាប្រទេសដទៃ ពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងត្រូវស្ថិតក្រោមសម្ពាធថានឹងត្រូវជ្រើសរើសនិន្នាការមួយណា អាមេរិក ឬចិន។
បើត្រូវបង្ខំឱ្យជ្រើសរើសមែន បើវិភាគត្រឹមក្នុងបរិបទនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមរយៈជំនួយ បើកម្ពុជាជ្រើសរើសប្រទេសមួយ និងបាត់បង់ជំនួយពីប្រទេសមួយទៀត ពោលគឺមានតែខាតនិងខាត។ ទោះជាបច្ចុប្បន្នកម្ពុជាមិនទទួលបានជំនួយពីប្រទេសអាមេរិកច្រើនក្ដី តែអាមេរិកក៏ជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជាដែរ ដូច្នេះបើកម្ពុជាជ្រើសរើសចិន កម្ពុជានឹងបាត់បង់ឱកាសនោះ។
យ៉ាងណាក្ដី បច្ចុប្បន្នកម្ពុជា ព្យាយាមដើរតួនាទីជាប្រទេសអព្យាក្រឹតប៉ុន្តែទោះយ៉ាងណាក្ដី ក៏នៅតែរងសម្ពាធជាបន្តបន្ទាប់ពីប្រទេសមហាអំណាច ប៉ុន្តែដោយសារតែបច្ចុប្បន្នស្ថានភាពជម្លោះនៅមិនទាន់ប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជានៅឡើយទេ ដូច្នេះកម្ពុជានៅតែបន្តទទួលបានប្រយោជន៍ពីទាំងពីរបក្សនេះ។
គួរបញ្ជាក់ផងដែរ មកទល់បច្ចុប្បន្ន តាមរយៈកម្មវិធី កម្ពុជាទទួលបានកម្ចីពីចិនយ៉ាងហោច ៣ពាន់លានដុល្លារ មកស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានាជាង ៣០០០ គីឡូម៉ែត្រ។ (អានបន្ថែម)

