បារាំង កំពុងសិក្សាបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យដ៏ទំនើបមួយនៅកម្ពុជា
រាជរដ្ឋាភិបាលបារាំង គ្រោងបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យកម្ពុជា-បារាំង ដ៏ទំនើបមួយនៅកម្ពុជា ខណៈបច្ចុប្បន្នភាគីបារាំង កំពុងតែសិក្សាលទ្ធភាពលើគម្រោងនេះ ជាមួយក្រសួងសុខាភិបាលម្ពុជា។
នេះបើយោងកិច្ចប្រជុំពិភាក្សាការងារជាលក្ខណៈត្រីភាគីរវាង ក្រសួងសុខាភិបាល ស្ថានទូតបារាំងប្រចាំនៅកម្ពុជា និងបណ្តាញមន្ទីរពេទ្យសាកលវិទ្យាល័យក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។
កិច្ចពិភាក្សានេះ ធ្វើឡើងក្រោយទទួលបានថវិកាពីក្រសួងសេដ្ឋកិច្ចបារាំង ដើម្បីធ្វើការសិក្សាសមិទ្ធិលទ្ធភាព ក្នុងការគិតគូររៀបចំបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យទំនើប កម្ពុជា-បារាំងនៅកម្ពុជា។
លោក Emmanuel LY-BATALLAN, ប្រធានផ្នែកសេដ្ឋកិច្ច នៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានឱ្យដឹងថា គម្រោងបង្កើតមន្ទីរពេទ្យនេះឡើង គឺដើម្បីបញ្ជាក់ពីចំណងមិត្តភាពដ៏យូរលង់នៃប្រទេសទាំងពីរ កម្ពុជាបារាំង ជាពិសេសបង្ហាញពីកិច្ចសហប្រតិបត្តិការបារាំងលើការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជាប្រកប ដោយភាពធន់។ លោកថា លទ្ធផលសម្រេច នៃការសិក្សាសមិទ្ធិលទ្ធភាពនេះ នឹងត្រូវបង្ហាញជាផ្លូវការនៅក្នុង កិច្ចប្រជុំត្រីភាគីលើកទី២ ដែលគ្រោងនឹងធ្វើឡើងនៅចុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។
ជាការឆ្លើយតប ឯកឧត្តម កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគាំទ្រក្នុងការរៀបចំបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យមិត្តភាពកម្ពុជា-បារាំង ខណៈឯកឧត្តមថា គម្រោងនេះនឹងក្លាយ ជាមន្ទីរពេទ្យសាកលវិទ្យាល័យកម្ពុជា-បារាំងទី១នៅកម្ពុជា ជាមួយនឹងសមត្ថភាពនិងគុណភាពលំដាប់អន្តរជាតិ។
បើតាមស្ថាទូតបារាំងប្រចាំនៅកម្ពុជា បានបញ្ជាក់ថា គម្រោងសិក្សាអំពីលទ្ធភាពមន្ទីរពេទ្យនេះនឹងមានសមត្ថភាពបម្រើសេវាវេជ្ជសាស្ត្រទូទៅ និងការព្យាបាលកម្រិតឯកទេស រួមមានការសង្គ្រោះបន្ទាន់កម្រិតខ្ពស់បំផុត ការវះកាត់ជំងឺបេះដូង ប្រព័ន្ធប្រសាទ ជំងឺមហារីក និងការវះកាត់ ប្តូរសរីរៈស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។
កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងនេះ តំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងលើកកម្ពស់សេវាថែទាំសុខភាពសម្រាប់ប្រជាជនកម្ពុជា។ នៅពេលដែលគម្រោងនេះមានការវិវឌ្ឍន៍ វាសន្យាថានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់គុណភាព និងភាពងាយស្រួលនៃការថែទាំវេជ្ជសាស្រ្តនៅក្នុងតំបន់៕
- Video Advertisement -