ប្រតិភូចិន បង្ហាញផែនការបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន២ នៅកម្ពុជា ផ្តោតលើឧស្សាហកម្មបច្ចេកវិទ្យា និង កសិ-ឧស្សាហកម្ម
គណៈប្រតិភូមួយក្រុមមកពីទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ ប្រទេសចិន បានប្តេជ្ញាជំរុញ និងទាក់ទាញវិនិយោគិនចិនឱ្យមកធ្វើការវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាពិសេសពួកគេបានលើកឡើងពីផែនការដ៏សំខាន់មួយគឺគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ទៀត ដោយផ្តោតលើឧស្សាហកម្មបច្ចេកវិទ្យា និង កសិ-ឧស្សាហកម្ម។
នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក ចាវ ជានជីន (Zhao Jianjun) អភិបាលក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។
នាឱកាសនោះ លោក ចាវ ជានជីន អភិបាលក្រុងអ៊ូស៊ី បានប្តេជ្ញាបន្តជំរុញធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសនេះកាន់តែមានការរីកចម្រើនមួយកម្រិតទៀតតាមរយៈការខិតខំជំរុញឱ្យវិនិយោគិនចិន ពិសេសវិនិយោគិនមកពីខេត្តជាំងស៊ូ និងទីក្រុងអ៊ូស៊ី មកបណ្តាក់ទុនវិនិយោគបន្ថែមទៀត។
លោកបន្តថា ក្នុងន័យនេះហើយដែលនៅពេលថ្មីៗនេះ ក៏មានការតភ្ជាប់ជើងហោះហើរផ្ទាល់ពីខេត្តអ៊ូស៊ី មកកាន់ខេត្តព្រះសីហនុ ហើយនៅពេលខាងមុខ ក៏នឹងមានការតភ្ជាប់ការដឹកជញ្ជូនទំនិញផ្ទាល់រវាងខេត្តជាំងស៊ូ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។ លើសពីនេះ លោក ចាវ ជានជីន ក៏បានបញ្ជាក់បន្ថែមថា ពេលនេះភាគីចិនបានបង្ហាញពីផែនការបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរទៀតនៅកម្ពុជា គឺទី១-តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងទី២-តំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម។
ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍ថ្នាក់ដឹកនាំទីក្រុងអ៊ូស៊ីដែលតែងខិតខំជំរុញ និងគាំទ្រវិនិយោគិនមកពីទីក្រុងអ៊ូស៊ីដើម្បីមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ឯកឧត្តម សង្ឃឹមថា តាមរយៈជំនួបពិភាក្សាលើកនេះ ថ្នាក់ដឹកនាំរបស់ទីក្រុងអ៊ូស៊ីនឹងបន្តជំរុញវិនិយោគិនពីទីក្រុងអ៊ូស៊ី ជាពិសេសនាំយកនូវឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងគម្រោងវិនិយោគក្នុងវិស័យថាមពលបៃតង និងឌីជីថលមកកាន់កម្ពុជា។ មួយវិញទៀត ឯកឧត្តម ក៏បានស្នើភាគីចិនជួយជំរុញឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ផងដែរ។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា, ពិសេសភាពរីកចម្រើនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បច្ចុប្បន្នបានទាក់ទាញការវិនិយោគមកក្នុងតំបន់បានប្រមាណ ២០០ក្រុមហ៊ុន ហើយទំហំនៃការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេសនេះ មានប្រមាណ ៣០%នៃការនាំចេញសរុបពីតំបន់សេដ្ឋកិច្ចពិសេសទាំងអស់។
ដោយសារកម្ពុជាដាក់ខ្លួនជាមជ្ឈមណ្ឌលដែលកំពុងរីកចម្រើនសម្រាប់ការវិនិយោគ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការជាមួយសមភាគីចិន បង្ហាញពីទស្សនវិស័យដ៏ជោគជ័យសម្រាប់ប្រជាជាតិទាំងពីរ ដោយកំណត់ទិសដៅឆ្ពោះទៅរកវិបុលភាពសេដ្ឋកិច្ចទៅវិញទៅមក៕

- Video Advertisement -