ប្រទេសចំនួន៩ មកពីអឺរ៉ុប សន្យាជួយទាក់ទាញវិនិយោគិនមកកាន់កម្ពុជាបន្ថែមទៀត

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច សម្ព័ន្ធអគ្គកុងស៊ុលមកពីប្រទេសចំនួនប្រាំបួននៃសហភាពអឺរ៉ុប (EU) បានសន្យាថានឹងជួយទាក់ទាញវិនិយោគិនពីប្រទេសរបស់ខ្លួន ឱ្យងាកមកដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។ ប្រទេសដែលតំណាងនៅក្នុងគំនិតផ្តួចផ្តើមសហការនេះរួមមាន អេហ្ស៊ីប អ៊ីតាលី ស៊ុយអែត អូទ្រីស បែលហ្ស៊ិក ដាណឺម៉ាក ន័រវេស អេស្ប៉ាញ និងចក្រភពអង់គ្លេស។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥។

នាឱកាសនោះ លោក Salah Essa តំណាងគណៈប្រតិភូអគ្គកុងស៊ុលកិត្តិយសទាំង៩ ខាងលើ បានសម្ដែងនូវចាប់អារម្មណ៍ជាខ្លាំងលើការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការងារវិនិយោគពីបរទេស នៅក្នុងប្រទេសកម្ពុជា។ ដោយមើលឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើការធ្វើពាណិជ្ជកម្ម និងការវិនិយោគពីវិស័យឯកជន ក៏ដូចជាសក្តានុពលនានារបស់កម្ពុជា គណៈប្រតិភូ ក៏បានប្តេជ្ញាក្នុងការផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនពីប្រទេសរបស់ខ្លួន ឱ្យងាកមកពិចារណា និងពិនិត្យលទ្ធភាពក្នុងការដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ជាការឆ្លើយបត ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីកំណើននៃគម្រោងវិនិយោគដែលគួរឱ្យកត់សម្គាល់ក្នុងកំណត់ត្រាគម្រោងវិនិយោគដែលបានអនុម័ត ក្នុងប្រវត្តិនៃប្រតិបត្តិការការងាររបស់ CDC កន្លងមក រួមមាន គម្រោងវិនិយោគដែលបានអនុម័តក្នុងឆ្នាំ២០២៤ សរុបចំនួន ៤១៤គម្រោង និងគម្រោងវិនិយោគដែលបានអនុម័តក្នុងខែមករា ដើមឆ្នាំ២០២៥ សរុបចំនួន៦៨គម្រោង ផងដែរ។ (អានបន្ថែម)

ឯកឧត្តមបន្តថា តួលេខនេះ ជាសក្ខីភាពជាក់ស្តែងបង្ហាញពីប្រសិទ្ធភាពនៃ ច្បាប់ស្តីពីការវិនិយោគ ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងការថែទាំគាំទ្រកិច្ចការវិនិយោគនៅកម្ពុជា ដែលបានបង្ហាញពីការយកចិត្តដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

គំនិតផ្តួចផ្តើមនេះជាជំហានដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងការទាក់ទាញការវិនិយោគពីបរទេស និងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសក្នុងការជំរុញបរិយាកាសធុរកិច្ចល្អសម្រាប់អ្នកវិនិយោគអន្តរជាតិ។ ដោយសារមានការចាប់អារម្មណ៍ពីបណ្តាប្រទេសនៅអឺរ៉ុបបន្តកើនឡើង កម្ពុជាមានជំហររឹងមាំក្នុងការបង្កើនភាពជាដៃគូទាំងនេះ ពង្រឹងបន្ថែមទៀតនូវទិដ្ឋភាពសេដ្ឋកិច្ច និងជំរុញកំណើនប្រកបដោយចីរភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិ […]