ប្រធានសមាគមអ្នកសាងសង់កម្ពុជាបរិច្ចាគ ៣ លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ
ថវិកាបរិច្ចាគ ៣លានដុល្លារ ដើម្បីទិញវ៉ាក់សាំងពីអ្នកឧកញ៉ា ពុង ឃាវសែ គ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះក្នុងចំណោមជំនួយជាច្រើនទៀតដែល សមាគមអ្នកសាងសង់កម្ពុជា កាណាឌីយ៉ាគ្រុប និងក្រុមហ៊ុន OCIC បានជួយដល់រដ្ឋាភិបាលដោះស្រាយបញ្ហាកូវីដដោយផ្ទាល់ និងដោយប្រយោលតាមរយៈគម្រោងធំៗតម្លៃរាប់ពាន់លានដុល្លារជាច្រើន។
អ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ក៏ដូចជាក្រុមហ៊ុន OCIC កាលពីព្រឹកថ្ងៃទី ៨ ធ្នូ នេះ បានបរិច្ចាគថវិកា ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ដូចដែលបានលើកឡើងខាងលើនេះ មិនមែនជាលើកទីមួយទេ ដែលអ្នកឧកញ៉ា ពុងឃាវសែ ផ្ទាល់បានចូលរួមចំណែកជួយដល់ប្រទេសជាតិ។ ក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដដំបូង អ្នកឧកញ៉ាក៏បានបរិច្ចាគថវិកាចំនួន ៥០០ ០០០ ដុល្លារដល់រដ្ឋាភិបាលផងដែរ ដែលចាត់ទុកថាជាការជួយដោយផ្ទាល់។
ក្រៅពីការបរិច្ចាគដោយផ្ទាល់ សមាគមអ្នកសាងសង់កម្ពុជា កាណាឌីយ៉ាគ្រុប និងក្រុមហ៊ុន OCIC ក៏បានចូលរួមចំណែកយ៉ាងសកម្ម និងជាបន្តបន្ទាប់ ជួយជំរុញសេដ្ឋកិច្ចកម្ពុជាតាមរយៈគម្រោងធំៗតម្លៃរាប់ពាន់លានដុល្លារជាច្រើន។
ទោះបីមានវិបត្តិកូវីដក្ដី មិនមានគម្រោងណាមួយដែលគ្រប់គ្រងដោយក្រុមហ៊ុន OCIC ត្រូវបានពន្យារពេលនោះទេ តែផ្ទុយទៅវិញបន្តបង្កើតការងារកាន់តែច្រើន។
តួយ៉ាង កាលពីខែតុលាកនុ្លងមកនេះ ក្រុមហ៊ុន OCIC បានបើកការដ្ឋានសាងសង់ស្ពានធំ ៗ ចំនួន ២ ដែលមួយតភ្ជាប់ពីទីក្រុងកោះពេជ្រទៅកោះនរា និងមួយទៀតតភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ ១។ គម្រោងទាំងពីរនេះ ជាផ្នែកមួយនៃគម្រោងទីក្រុងរណបកោះនរាតម្លៃជាង ២,៥ ពាន់លានដុល្លារ។ (អានបន្ថែម)
លើសពីនេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតម្លៃ ១,៥ ពាន់លានដុល្លារ ក៏ជាកំលាំងចលករមួយទៀតជួយស្ដារសេដ្ឋកិច្ចពីវិបត្តិកូវីដ។ គម្រោងនេះអាចនឹងកៀងគរកម្លាំងពលកម្មច្រើនបំផុតដល់ទៅ ២០.០០០ នាក់ក្នុងមួយថ្ងៃ ដែលជាការជួយដល់សេដ្ឋកិច្ចបានមួយចំណែកធំ។ (អានបន្ថែម)

