ប្រធានសមាគមអ្នកសាងសង់កម្ពុជាបរិច្ចាគ ៣ លានដុល្លារ ដើម្បីជួយទប់ស្កាត់ការឆ្លងកូវីដ១៩

អ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ក៏ដូចជាក្រុមហ៊ុន OCIC កាលពីព្រឹកថ្ងៃទី ១២ មីនា នេះ បានបរិច្ចាគថវិកា ៣លានដុល្លារ ជូនរដ្ឋាភិបាល ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។

នេះមិនមែនជាលើកទីមួយទេដែលអ្នកឧកញ៉ា ពុង ឃាវសែ បរិច្ចាគថវិកាដើម្បីជួយរដ្ឋាភិបាល។ កាលពីដើមខែ ធ្នូ ឆ្នាំ ២០២០ អ្នកឧកញ៉ា ក៏បានបានបរិច្ចាគថវិកា ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។

លើសពីនេះ ក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដដំបូង អ្នកឧកញ៉ាក៏បានបរិច្ចាគថវិកាចំនួន ៥០០ ០០០ ដុល្លារដល់រដ្ឋាភិបាលផងដែរ។

សម្រាប់អ្នកឧកញ៉ា ថវិកាបរិច្ចាគគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះក្នុងការជួយដល់រដ្ឋាភិបាលដោះស្រាយបញ្ហាកូវីដ។ ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះ ក្រុមហ៊ុននានារបស់អ្នកឧកញ៉ាកន្លងមក ក៏បានជួយដោះស្រាយបញ្ហាកូវីដដោយប្រយោល ពោលគឺតាមរយៈគម្រោងធំៗតម្លៃរាប់ពាន់លានដុល្លារ ដែលជាកត្ដាជួយជំរុញសេដ្ឋកិច្ច និងបង្កើតការងារ។

តួយ៉ាង កាលពីខែតុលាកនុ្លងមកនេះ ក្រុមហ៊ុន OCIC បានបើកការដ្ឋានសាងសង់ស្ពានធំ ៗ ចំនួន ២ ដែលមួយតភ្ជាប់ពីទីក្រុងកោះពេជ្រទៅកោះនរា និងមួយទៀតតភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ ១។ គម្រោងទាំងពីរនេះ ជាផ្នែកមួយនៃគម្រោងទីក្រុងរណបកោះនរាតម្លៃជាង ២,៥ ពាន់លានដុល្លារ។ (អានបន្ថែម)

លើសពីនេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតម្លៃ ១,៥ ពាន់លានដុល្លារ ក៏ជាកំលាំងចលករមួយទៀតជួយស្ដារសេដ្ឋកិច្ចពីវិបត្តិកូវីដ។ គម្រោងនេះអាចនឹងកៀងគរកម្លាំងពលកម្មច្រើនបំផុតដល់ទៅ ២០.០០០ នាក់ក្នុងមួយថ្ងៃ ដែលជាការជួយដល់សេដ្ឋកិច្ចបានមួយចំណែកធំ។ (អានបន្ថែម)

- Video Advertisement -