ប្រធានសមាគមអ្នកសាងសង់កម្ពុជាបរិច្ចាគ ១៨ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា

ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា អ្នកឧកញ៉ា ពុង ឃាវសែ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ បានបរិច្ចាគថវិកាចំនួន ១៨ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ខណៈកន្លងមកបានបរិច្ចាគសរុបជិត ១០លានដុល្លារហើយជូនរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាកូវីដ។

ជាក់ស្ដែង កាលពីចុងខែមីនា កន្លងមកនេះ អ្នកឧកញ៉ា ពុង ឃាវសែ បានបរិច្ចាគថវិកា ២លានដុល្លារអាមេរិក ជូនដល់រដ្ឋាភិបាលកម្ពុជា ដើម្បីទិញមន្ទីរពេទ្យនគរទេព ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩។ (អានបន្ថែម)

កាលពីថ្ងៃទី ១២ មីនា អ្នកឧកញ៉ា ក៏បានបរិច្ចាគថវិកា ៣លានដុល្លារ ជូនរដ្ឋាភិបាល ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ។ (អានបន្ថែម)

ដោយឡែក កាលពីដើមខែ ធ្នូ ឆ្នាំ ២០២០ អ្នកឧកញ៉ា ក៏បានបានបរិច្ចាគថវិកា ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ (អានបន្ថែម)

លើសពីនេះ ក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដដំបូង អ្នកឧកញ៉ាក៏បានបរិច្ចាគថវិកាចំនួន ៥០០.០០០ដុល្លារ ដល់រដ្ឋាភិបាលផងដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់អ្នកឧកញ៉ា ថវិកាបរិច្ចាគគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះក្នុងការជួយដល់រដ្ឋាភិបាលដោះស្រាយបញ្ហាកូវីដ។ ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះ ក្រុមហ៊ុននានារបស់អ្នកឧកញ៉ាកន្លងមក ក៏បានជួយដោះស្រាយបញ្ហាកូវីដដោយប្រយោល ពោលគឺតាមរយៈគម្រោងធំៗតម្លៃរាប់ពាន់លានដុល្លារ ដែលជាកត្ដាជួយជំរុញសេដ្ឋកិច្ច និងបង្កើតការងារ។

- Video Advertisement -