ប្រព័ន្ធគ្រប់គ្រងព្រលានយន្តហោះនៅកម្ពុជា នឹងត្រូវធ្វើទំនើបកម្មទ្រង់ទ្រាយធំដោយក្រុមហ៊ុនអេស្បាញ

ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា កាលពីថ្មីនេះ បានសម្រេចឱ្យក្រុមហ៊ុនអេស្ប៉ាញ Amadeus Flow ចូលមកធ្វើទំនើបកម្មទ្រង់ទ្រាយធំ លើប្រព័ន្ធគ្រប់គ្រងព្រលានយន្តទាំង៣ នៅកម្ពុជា ពោលគឺដើម្បីឆ្លើយតបទៅនឹងស្ថានភាពកូវីដនាពេលបច្ចុប្បន្ន និងត្រៀមសម្រាប់ការត្រឡប់មកវិញនៃអ្នកដំណើរក្រោយកូវីដ។

ការផ្លាស់ប្ដូនេះត្រូវធ្វើឡើងដើម្បីសម្របខ្លួនទៅនឹងស្ថានភាពបច្ចុប្បន្ន តាមរយៈការកាត់បន្ថយចំណាយលើអ្វីដែលមិនចាំបាច់ ហើយជំនួសដោយការប្រើប្រព័ន្ធអ៊ិនធើណេតមកគ្រប់គ្រងការងារផ្សេងៗវិញ ។

តាមរយៈប្រព័ន្ធគ្រប់គ្រងថ្មីនេះ ការបញ្ជាគ្រប់គ្រងផ្នែកផ្សេងៗមួយចំនួនធំនៅក្នុងព្រលាន នឹងអាចធ្វើបានតាមប្រព័ន្ធអនឡាញ ដែលនឹងប្រើប្រាស់មនុស្សតិចជាងមុន។ នេះជាកត្តាល្អ ពិសេសក្នុងបរិបទកូវីដ ដែលតម្រូវឱ្យមានគម្លាតសង្គម។

ប្រព័ន្ធគ្រប់គ្រងថ្មីក៏ត្រូវបានរចនាដើម្បីត្រៀមទទួលអ្នកដំណើរក្រោយវិបត្តិកូវីដ បានដោយមានប្រសិទ្ធភាព សុវត្ថិភាព និងផាសុខភាព ព្រោះប្រព័ន្ធនេះយល់ច្បាស់ពីការផ្លាស់ប្ដូរឥរិយាបទរបស់អ្នកដំណើរឬហៅថា ភាពធម្មតាថ្មី។

លើសពីនេះ ទិន្នន័យទាំងអស់នឹងត្រូវរក្សាទុកនៅក្នុង Cloud (ប្រព័ន្ធស្ដុកទិន្នន័យអនឡាញដែលមានសុវត្ថិភាព) ដែលធ្វើឱ្យអ្នកប្រើប្រាស់អាចចូលទៅមើល ឬបញ្ជាបានគ្រប់ពេល និងគ្រប់ទីកន្លែង ដោយមិនចាំបាច់មកការិយាល័យផ្ទាល់នោះទេ។

ជាមួយគ្នានេះ ក្រុមហ៊ុនអេស្ប៉ាញ Amadeus Flow ក៏នឹងនាំបច្ចេកវិទ្យាថ្មីៗ មកបំពាក់នៅព្រលានកម្ពុជាផងដែរ រួមមាន បច្ចេកវិទ្យាស្កេនប្រវត្តិរបស់អ្នកដំណើរនិងបុគ្គលិក បច្ចេកវិទ្យា check-in ដោយខ្លួនឯង និងជាពិសេសបច្ចេកវិទ្យាដែលមិនត្រូវការប៉ះពាល់ផ្ទាល់ ឬហៅថា contactless ជាដើម។

អ្នកគ្រប់គ្រងទូទៅនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានឱ្យអ្នកដំណើរចង់ទទួលបានបទពិសោធន៍រលូន និងមានសុវត្ថិភាព ហើយយើងជឿជាក់ថាការប្រើបច្ចេកវិទ្យាឈានមុខគេនេះ នឹងធ្វើឱ្យយើងស្វាគមន៍អ្នកដំណើរបានយ៉ាងល្អ។

- Video Advertisement -