ផលប្រយោជន៍នយោបាយនៅពីក្រោយរឿងក្តីកាស៊ីណូ Baha Mar៖ តុលាការក្រុងញ៉ូវយ៉ក ឱ្យក្រុមហ៊ុនចិនបង់ប្រាក់ចំនួន $១,៦ពាន់លាន

តុលាការក្រុងញូវយ៉កបានបញ្ជាឱ្យក្រុមហ៊ុន China Construction America Inc. (CCA) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់រដ្ឋចិន China State Construction Engineering ឱ្យបង់ប្រាក់ចំនួន ១,៦ ពាន់លានដុល្លារអាមេរិកដល់ក្រុមហ៊ុន BML Properties ដែលជាម្ចាស់ដើមនៃរមណីយដ្ឋានកាស៊ីណូ Baha Mar ក្នុងប្រទេស Bahamas បន្ទាប់ពី អ្នកម៉ៅការត្រូវបានរកឃើញថាបានប្រព្រឹត្ត “អំពើក្លែងបន្លំជាច្រើន” កំឡុងពេលកាន់កាប់គម្រោង។ សេចក្តីសម្រេចនេះ គឺជាជ័យជំនះផ្លូវច្បាប់ដ៏សំខាន់មួយសម្រាប់ស្ថាបនិកក្រុមហ៊ុន BML លោក Sarkis Izmirlian ដែលបានដាក់បណ្តឹងកាលពីឆ្នាំ ២០១៧។ សាលក្រមនេះ ក៏រួមបញ្ចូលទាំងការតម្រូវឱ្យសងសំណងចំនួន ៨៤៥ លានដុល្លាររបស់ BML បូកនឹងការប្រាក់បង្គរចាប់តាំងពីខែឧសភា ២០១៤ ខណៈក្រុមហ៊ុន CCA ប្តេជ្ញាប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ នេះ​បើ​តាមសារៈព័ត៌មាន scmp ចុះថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤។

គម្រោង Baha Mar ដែលដំបូងឡើយ ជាគម្រោងអភិវឌ្ឍន៍មានបំណងក្លាយជាគោលដៅទេសចរណ៍និងរមណីយដ្ឋានប្រណីតលំដាប់ពិភពលោក បានប្រឈមមុខនឹងប្រវត្តិបញ្ហាបណ្តឹងដ៏ចម្រូងចម្រាស់ ចាប់ផ្តើមជាមួយនឹងការស្វែងរកហិរញ្ញប្បទានរបស់លោក Izmirlian ក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ២០០៨។ ដោយទទួលបានប្រាក់កម្ចីចំនួន ២,៤៥ ពាន់លានដុល្លារពីធនាគារ Exim Bank របស់ប្រទេសចិន គាត់បានទទួលយកលក្ខខណ្ឌដែលតម្រូវឱ្យក្រុមហ៊ុន CCA បម្រើជាអ្នកម៉ៅការទូទៅ ក្នុងការនាំចូលកម្មករចិនរហូតដល់ ៨០០០ នាក់។ ក្រុមហ៊ុន CCA ក៏បានចូលរួមវិភាគទានចំនួន ១៥០ លានដុល្លារអាមេរិកជាមួយនឹងការវិនិយោគចំនួន ៨៤៥លានដុល្លាររបស់ក្រុមហ៊ុន BML Properties សម្រាប់ចំណាយតាមដំណាក់កាល លើគម្រោងវិនិយោគដ៏ធំសម្បើមនៅតំបន់ការ៉ាប៊ីន។

ដើមឡើយគ្រោងនឹងបើកដំណើរការនៅខែធ្នូ ឆ្នាំ ២០១៤ ប៉ុន្តែរមណីយដ្ឋាននេះ បាន ពន្យារពេល និងទទួលការបរាជ័យជាច្រើនលើក ហើយទីបំផុតបានដាក់ពាក្យក្ស័យធនក្នុងខែមិថុនា ឆ្នាំ ២០១៥ ទាំងដែលការសាងសង់រមណីដ្ឋាន Baha Mar ត្រូវបានគេរាយការណ៍ថាបានរួចរាល់ ៩៧%ទៅហើយ។ ពាក្យបណ្ដឹងនេះ បានសំអាងហេតុដោយលើកឡើងពីការងារមិនល្អដោយចេតនារបស់ក្រុមហ៊ុន CCA និងបញ្ហាសំណង់មិនស្របតាមស្តង់ដារ។ ទោះបីជាមានការព្យាយាមរបស់លោក Izmirlian ដើម្បីរក្សាការគ្រប់គ្រង និងនាំយកអ្នកម៉ៅការផ្សេងក៏ដោយ ក៏រដ្ឋាភិបាល Bahamian ដែលចាត់ទុករមណីយដ្ឋាននេះជាអាទិភាពជាតិនោះ និងបានផ្ទេរកម្មសិទ្ធិរមណីយដ្ឋានទៅឱ្យម្ចាស់បំណុលវិញ ព្រមទាំងបាន បញ្ឈប់ការសាងសង់អស់រយៈពេលជាងមួយឆ្នាំ។

យុទ្ធសាស្ត្រទិញយករបស់ Chow Tai Fook

បន្ទាប់ពីការផ្អាកយូរ រដ្ឋាភិបាល Bahamian បានចុះកិច្ចព្រមព្រៀងដើម្បីបន្តការសាងសង់ឡើងវិញ ដោយបានស្វែងរកអ្នកទិញថ្មី។ ក្រុមហ៊ុន Chow Tai Fook Enterprises ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ដែលល្បីល្បាញដោយសារអាជីវកម្មគ្រឿងអលង្ការរបស់ខ្លួន និងគ្រប់គ្រងដោយគ្រួសារ Cheng ទីបំផុតបានក្លាយជាអ្នកទិញយករមណីដ្ឋានខ្នាតយក្សនេះ ដោយទទួលបាននូវការបញ្ចុះតម្លៃយ៉ាងសន្ធឹកសន្ធាប់។ ឥឡូវនេះ Chow Tai Fook បានបើកដំណើរការ Baha Mar តាំងពីខែមេសា ឆ្នាំ ២០១៧ ដែលមានកាស៊ីណូដ៏ធំបំផុតរបស់តំបន់ Caribbean បន្ទប់សណ្ឋាគារចំនួន ១៨០០ នៅទូទាំងសណ្ឋាគារចំនួនបី មានកន្លែងស្ប៉ា មជ្ឈមណ្ឌលសន្និបាត ការលក់រាយប្រណីត និងទីលានវាយកូនហ្គោលដែលរចនាដោយ Jack Nicklaus ថែមទៀតផង។

ផលប៉ះពាល់ជាយុទ្ធសាស្ត្រសម្រាប់ Chow Tai Fook និងប្រទេសចិន

អ្នកជំនាញផ្នែកឧស្សាហកម្ម បានចាត់ទុកការទិញយករបស់ Chow Tai Fook ថាមានអត្ថប្រយោជន៍ទៅវិញទៅមកសម្រាប់ក្រុមហ៊ុន និងរដ្ឋាភិបាលចិន ដោយស្របតាមយុទ្ធសាស្ត្រទូលំទូលាយនៃភូមិសាស្ត្រ និងការធ្វើពិពិធកម្មអាជីវកម្ម។ លោក Michael Zhu ដែលពេលនោះជាអនុប្រធានក្រុមហ៊ុន The Innovation Group បានគូសបញ្ជាក់ថា ការទិញយក Baha Mar តំណាងឱ្យ “យុទ្ធសាស្ត្រឈ្នះ-ឈ្នះសម្រាប់ Chow Tai Fook និងរដ្ឋាភិបាលចិន” ដោយសារវាបានជួយពង្រីកវត្តមានរបស់ពួកគេនៅទូទាំងពិភពលោក។

សេចក្តីសម្រេចឱ្យសងប្រាក់ ១,៦ ពាន់លានដុល្លារអាមេរិកប្រឆាំងនឹងក្រុមហ៊ុន CCA បន្ថែមជំពូកថ្មីមួយទៀតទៅរឿងក្តី Baha Mar ដោយបង្ហាញឱ្យឃើញពីអន្តរកម្មដ៏ស្មុគស្មាញរវាងហិរញ្ញវត្ថុសកល ការសាងសង់ និងគណនេយ្យភាពផ្លូវច្បាប់នៅក្នុងការអភិវឌ្ឍន៍អចលនទ្រព្យដែលមានភាគហ៊ុនខ្ពស់ និងអ្វីដែលពិសេសជាងគេនោះ គឺនយោបាយនៅពីក្រោយរឿងក្តីនេះ។ នៅពីក្រោយរឿងក្តីអចលនទ្រព្យដ៏ធំមួយដែលអូសបន្លាយជាច្រើនឆ្នាំ គឺជាការប្រទាញប្រទង់ផលប្រយោជន៍គ្នារវាងប៉ូលនយោបាយនៃប្រទេសមហាអំណាចពីរ គឺអាមេរិក និងចិន។ ថ្វីត្បិតតែតុលាការអាមេរិកចេញសេចក្តីសម្រេចឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធបង់ប្រាក់សំណងដ៏ច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែក្នុងដំណាក់កាលចុងក្រោយ អ្នកដែលកំពុងតែកាន់កាប់រមណីយដ្ឋានដ៏ធំសម្បើមនេះ និងកំពុងទទួលបានផលចំណេញច្រើនបំផុតចេញពីលទ្ធផលនៃរឿងក្តីអចលនទ្រព្យដ៏ធំនេះ គឺក្រុមហ៊ុន និងរដ្ឋាភិបាលចិនដែលនឹងពង្រីកឥទ្ធិពលរបស់ខ្លួននៅតំបន់ខារ៉ាប៊ីន៕

- Video Advertisement -