ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៥០% ហើយ គ្រោងបញ្ចប់តាមផែនការនៅខែកញ្ញា ឆ្នាំ២០២២
ការដ្ឋានផ្លូវយុទ្ធសាស្ត្រក្រវាត់ក្រុងទី៣ នៅតែបន្តដោយរលូន ទោះមានកូវីដ-១៩ ក្ដី ខណៈបច្ចុប្បន្នសម្រេចប្រមាណ ៥០% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ កាលពីថ្ងៃទី៩ ខែឧសភា។
ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ មានប្រវែងសរុបប្រមាណជា ៥២,៩ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាលប្រវែងជិត ៣៨ គីឡូម៉ែត្រ និងរាជធានីភ្នំពេញប្រមាណ ១៥ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាកម្ចីពីប្រទេសចិន។ (អានបន្ថែម)
ផ្លូវក្រវាត់ក្រុងខ្សែទី៣ នេះ បានបើកការដ្ឋានកាលពីថ្ងៃទី ១៤ មករា ២០១៩ កន្លងមក ហើយកំពុងសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd.។
លោក ហ៊ាង សុទ្ធាយុត្តិ បានឱ្យដឹងថា៖ «ផ្លូវនេះនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំមួយ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ១»។
«លើសពីនេះ ផ្លូនេះក៏តភ្ជាប់ទៅចំណតផែកុងតេន័រថ្មីរបស់កំពង់ផែស្វ័យតភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាតភ្ជាប់ផ្លូវអាស៊ានហាយវ៉េយ (AH1 និង AH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ» លោកបានបន្ត។
ទន្ទឹមនឹងនេះ ផ្លូវក្រវាត់ក្រុងទី៣ នេះ ក៏នឹងជួយសម្រួលការដឹកជញ្ជូន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងព័ស្តុភារកម្មតំបន់ ហើយពិសេសបំផុតគឺប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែទៅជាតំបន់អភិវឌ្ឍបូរីលំនៅដ្ឋាន តំបន់ព័ស្តុភារកម្ម និងឧស្សាហកម្មដ៏មានសក្តានុពលផងដែរ។
ក្រៅពីនេះ រដ្ឋាភិបាលក៏កំពុងសិក្សាផ្លូវក្រវាត់ក្រុងទី៤ ដែលនឹងមានប្រវែង ១៩៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពឺ តាកែវ កណ្តាល និងខេត្តព្រៃវែង។
ព័ត៌មានចុងក្រោយពីឯកឧត្តម វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពី២៥ កុម្ភៈ ការសិក្សាក្នុងដំណាក់កាលកែសម្រួលនៅឡើយ ហើយក្រសួងមិនទាន់មានផែនការចាប់ផ្តើមការដ្ឋាននៅឡើយទេ។ (អានបន្ថែម)
គួរបញ្ជាក់ផងដែរថា ក្រសួងបានស្នើឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនសិក្សាគម្រោងផ្លូវក្រវាត់ក្រុងទី៤ នេះ តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដោយក្រុមហ៊ុនបានសិក្សាចប់សព្វគ្រប់នៅខែតុលា ឆ្នាំ ២០២០ មកម្ល៉េះ។

