ផ្លូវជាតិលេខ៣ នឹងត្រូវបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្នុងខែមីនាឆ្នាំក្រោយ

ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថាផ្លូវជាតិលេខ៣ ដែលទើបតែបញ្ចប់ការសាងសង់ នឹងត្រូវដាក់សម្ពោធជាផ្លូវការនៅខែមីនា ឆ្នាំក្រោយ ដោយនាយករដ្ឋមន្រ្តីនៃកម្ពុជា។

បច្ចុប្បន្នក្រសួង កំពុងបំពាក់កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ ១០ទីតាំង និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើប លើផ្លូវជាតិថ្មីមួយខ្សែនេះ ទិសដៅដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៩ វិច្ឆិកា បានដឹកនាំគណៈប្រតិភូ ចុះពិនិត្យវឌ្ឍនភាពការងារកាមេរ៉ាចាប់ល្បឿនឆ្លាតវៃ និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើបនេះ។

ឯកឧត្តម បន្ដឱ្យដឹង ការដាក់កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើបទាំងនេះ គឺក្នុងគោលបំណង តាមដាន ការពារសុវត្ថិភាព និងសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋលើផ្លូវជាតិលេខ៣។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ៣ ចាប់ពី ចោមចៅ-កំពត ដែលមានប្រវែងសរុប១៣៥គីឡូម៉ែត្រ បែកចែកជា ២ផ្នែក ក្នុងនោះពីកំណាត់ផ្លូវពីចោមចៅដល់បែកគូសជាផ្លូវ ៤គន្លង និងកំណាត់ផ្លូវពីបែកគូសទៅទីរួមខេត្តកំពត ជាផ្លូវ២គន្លង។

គម្រោងនេះចំណាយថវិកា សរុបប្រមាណ ២១៩,៩ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន។ បច្ចុប្បន្ន ផ្លូវនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន។

- Video Advertisement -