ផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត សាងសង់សម្រេចបានជិត ១០០% ហើយ

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ពីភ្នំពេញទៅក្រុងកំពត សម្រេចបាន ៩៨,០៤% ហើយ ដោយមកទល់បច្ចុប្បន្ននៅសេសសល់តែការងារមួយចំនួនតូចប៉ុណ្ណោះ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បច្ចុប្បន្ននេះកំពុងប្រឹងប្រែងពន្លឿនការងារផ្សេងៗដូចជា បំពាក់កាមេរ៉ាចាប់ល្បឿនយានយន្ត កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីងថ្លឹងទម្ងន់នៅក្នុងស្ថានីយជាដើម។

ដោយឡែក ស្ពានអាកាសថ្មើរជើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ឋិតនៅម្ដុំត្រាំខ្នា ក៏គ្រោងនឹងបញ្ចប់ការងារទាំងស្រុងក្នុងចុងខែមិថុនា ឆ្នាំ២០២១ ខាងមុខផងដែរ។

សូមបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមាន ប្រវែងសរុបប្រមាណ ១៣៤ គីឡូម៉ែត្រ ហើយបែងចែកជា ពីរកំណាត់។

កំណាត់ទី១ពីចោមចៅទៅបែកគុស ប្រវែង៧០ គីឡូម៉ែត្រ ដោយពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូអាស្វាល់ (AC) កម្រាស់ ៩សង់ទីម៉ែត្រ ចែកចេញជា ៤គន្លង ។

កំណាត់ទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង៦៤ គីឡូម៉ែត្រ ជាប្រភេទផ្លូវ AC កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវ រហូតដល់ ១២ម៉ែត្រ ចែកជាពីរគន្លង។

គម្រោងទាំងមូលចំណាយថវិកាសរុបប្រមាណ ២១៩ ដុល្លារអាម៉េរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision) និងប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ។ (អានបន្ថែម)

 

- Video Advertisement -