ផ្លូវថ្មីមួយខ្សែលាតសន្ធឹងតាមបណ្តោយឆ្នេរសមុទ្រខេត្តកោះកុង សាងសង់បាន ៧០% ហើយ
គម្រោងស្ថាបនាផ្លូវថ្មីមួយខ្សែ ឈ្មោះ «ផ្លូវលំជនបទភ្ជាប់និស្ស័យសម័យកូវីដ មរតកតេជោ ហ៊ុន សែន» ដែលមានប្រវែងជិត ៣៩គម ស្ថិតក្នុងខេត្តកោះកុង សម្រេចការសាងសង់បាន ៧០% ហើយ ។ នេះបើយោងតាមកងវិស្វកម្មតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ។
ផ្លូវលំជនបទនេះ មានទទឹង ៩ម៉ែត្រ ប្រវែងជិត ៣៩ គីឡូម៉ែត្រ មានស្ពានឆ្លងកាត់ដៃសមុទ្រចំនួន ៥ប្រវែងសរុបជាង ៤០០០ ម៉ែត្រ ព្រមជាមួយនឹងប្រព័ន្ធលូប្រអប់ និង លូមូលនៅតាមអូរជាច្រើនកន្លែងទៀត។
ប្រភពដដែលបានឱ្យដឹងទៀតថា ផ្លូវនេះតភ្ជាប់ពីផ្លូវលំអភិវឌ្ឍន៍ជនបទនៅភូមិទួលតាចាប ស្រុកមណ្ឌលសីមា ឆ្លងកាត់ព្រៃភ្នំ ដងអូរ ដៃសមុទ្រ ឆ្ពោះទៅកាន់ស្រុកគីរីសាគរ និងក្រុងខេមរភូមិន នៃខេត្តកោះកុង។
គម្រោងនេះបានចាប់ផ្តើមស្ថាបនាឡើងកាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមកនេះ ដោយបានប្រើប្រាស់កងកម្លាំងប្រមាណ ១០០ នាក់ និងគ្រឿងចក្រជាង ៩០គ្រឿង ស្ថាបនាទាំងយប់ទាំងថ្ងៃដើម្បីសម្រេចទៅតាមផែនការកំណត់ ពោលគឺនៅខែមិថុនា ២០២១ នេះ។
លោកឧត្តមសេនីយ៍ទោ វង្ស សំអាត អគ្គមេបញ្ជាការរងកងវិស្វកម្មតេជោ ហ៊ុន សែន បានឱ្យដឹងថា៖ «ផ្លូវនេះដែលជាអំណោយរបស់សម្តេច តេជោ ហ៊ុន សែន ជូនពលរដ្ឋខេត្តកោះកុង ដែលមិនធ្លាប់មានពីមុនក្នុងប្រវត្តិសាស្ត្រនៃស្រុកទាំង ៣។
«ផ្លូវខ្សែនេះទៀតសោត កំពុងសាងសង់ឡើងប្របតាមឆ្នេរសមុទ្រ ដែលសម្បូរទៅដោយឆ្នេរខ្សាច់ពណ៌ស សម្រស់ព្រៃឈើ ព្រៃកោងកាង ប្រភពជីវៈចម្រុះ ដែលជាឋានសួគ៌សម្រាប់អ្នកទេសចរ។ ក្រោយការសាងសង់រួច ផ្លូវនេះក៏នឹងជួយលើកកម្ពស់ជីវភាពរបស់ប្រជាជនក្នុងតំបន់ថែមទៀតផង»។

