ផ្លូវថ្មើរជើងក្រោមដី ២កន្លែង នៅខេត្តព្រះសីហនុ គ្រោងបញ្ចប់លឿនជាងផែនការ៣ខែ

ផ្លូវក្រោមដីសម្រាប់អ្នកដំណើរថ្មើរជើងចំនួន ២កន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅខេត្តព្រះសីហនុ គ្រោងនឹងបញ្ចប់នៅក្នុងខែឧសភា នេះហើយ ដែលលឿនជាងផែនការ ៣ខែ។ នេះបើយោងតាមរយៈវីដេអូរបស់កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ។

ផ្លូវក្រោមដីនីមួយៗ មានប្រវែង ៥៣ម៉ែត្រ ទទឹង៧ម៉ែត្រ និងកម្ពស់ ៣,២ម៉េត្រ ដោយមួយកន្លែងស្ថិតនៅចំពីមុខវិទ្យាល័យ ហ៊ុនសែន ឃ្លាំងលើ និងមួយកន្លែងទៀតស្ថិតនៅទីប្រជុំជនរោងចក្រ។

ផ្លូវនេះធ្វើឡើងសម្រាប់សិស្សានុសិស្ស និងកម្មករ កម្មការិនីឆ្លងកាត់ ក្នុងគោលបំណងដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុណាមួយ។

ឧត្តមសេនីយ៍ទោ វង់ សំអាត មេបញ្ជាការរង កងកម្លាំងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ផ្លូវថ្មើរជើងក្រោមដីចំនួន២កន្លែងនេះ ត្រូវបានបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

តាមផែនការ គឺគ្រោងបញ្ចប់ ការដ្ឋានសាងសង់នៅបំណាច់ខែសីហា ឆ្នាំ២០២១ ប៉ុន្តែដោយមានការតាំងចិត្តខ្ពស់ គម្រោងនេះនឹងបញ្ចប់នៅក្នុងខែឧសភានេះ ដើម្បីជាចំណងដៃជូនពលរដ្ឋខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរជាតិ។

ក្រៅពីសមិទ្ធិផលផ្លូវថ្មើរជើងក្រោមដីទាំង២កន្លែងនេះ កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប ក៏បានស្ដារ និងស្ថាបនាឡើងវិញនេះ នៅហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខ៤ ប្រវែង ៦,៧០០ម៉ែត្រ ទទឹង ២៩ម៉ែត្រ ចន្លោះពីគីឡូម៉ែត្រ២១៦-០០ ដល់គីឡូម៉ែត្រលេខ២២២-៧០០ ដែលជាគម្រោងដ៏មានអាទិភាព និងសក្តានុពលរបស់ខេត្តព្រះសីហនុ៕

- Video Advertisement -