ផ្លូវយ៉ាងហោច ៩០ ខ្សែទូទាំងប្រទេសខូចខាតដោយសារទឹកជំនន់

បើយោងតាមទិន្នន័យបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមថ្ងៃទី ១៥ តុលា កន្លងមកនេះ ផ្លូវយ៉ាងហោច ៩០ ខ្សែ ឬស្មើនឹងជាង ២០០ កំណាត់ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ ដែលបច្ចុបន្នក្រសួងកំពុងធ្វើការយ៉ាងសកម្មដោះស្រាយបញ្ហាចំពោះមុខ និងត្រៀមជួលជុសក្រោយទឹកស្រក។

កំណាត់ផ្លូវដែលរងការខូចខាតទាំងនេះ គិតត្រឹមថ្ងៃដដែលនេះ មានប្រវែងយ៉ាងហោចណាស់ជាង ៣០០ គីឡូម៉ែត្រ រួមមាន ផ្លូវជាតិ លេខ ២, ៣, ៤, ៥, ២០, ២០ អា , ២១, ២១ អា, និង ២១ បេ និងផ្លូវជាច្រើនទៀតនៅតាមគ្រប់ខេត្តក្រុង។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ៩០ ខ្សែនេះ គ្រាន់តែជាតួរលេខសិក្សាផ្នែកបច្ចេកទេសប៉ុណ្ណោះ ជាក់ស្ដែងមន្ទីរនៅតាមខេត្ដនីមួយកំពុងធ្វើរបាយការណ៍ជាបន្តបន្ទាប់បន្ថែមទៀត និងដោះស្រាយបញ្ហាចំពោះមុខដោយផ្ទាល់។

ដោយឡែកផលប៉ះពាល់គឺ ស្រាល ធ្ងន់ ខុសៗគ្នាទៅតាមកំណាត់នីមួយៗ។ កន្លែងខ្លះរងប៉ះពាល់តិចតួច កន្លែងខ្លះទៀតគឺផ្លូវទឹកលិចខ្លាំងដល់ដាច់ផ្លូវតែម្ដង ទើបក្រសួងផ្អាកចរាចរ ជាពិសេសសម្រាប់រថយន្តធំៗ។

គួរបញ្ជាក់ផងដែរថា គ្រប់ក្រសួងពាក់ព័ន្ធកំពុងធ្វើការយ៉ាងសកម្ម ដោយបែងចែកការងារជាង ៣ ផ្នែកធំៗ ពោលគឺ ការពារមិនឱ្យផ្លូវលិចដោយជួយសម្រួលប្រព័ន្ធលំហូរទឹក ដោះស្រាយបញ្ហាចំពោះមុខសម្រាប់ផ្លូវណាដែលលិចខ្លាំងតែមិនទាន់ខូចខាត និងជួសជុលឡើងវិញសម្រាប់ផ្លូវដែលខូចខាតខ្លាំងក្រោយទឹកស្រក។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា រាល់មានការកាត់ផ្តាច់ផ្លូវ-ស្ពានដោយទឹកជំនន់ ត្រូវលើកសំណើសុំគោលការណ៍ ដើម្បីធានាចំណាយមកក្រសួងឱ្យបានឆាប់រហ័សបំផុត។ លើសពីនេះ ត្រូវចាត់កម្លាំងតម្លើងស្លាក សញ្ញាចរាចរណ៍ និងស្លាកសញ្ញាសុវត្ថិភាពនៅតាមទីតាំងដែលកំពុងប៉ះពាល់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ ជាយថាហេតុដល់អ្នកដំណើរ៕

- Video Advertisement -