ផ្លូវលេខ៤៨ គ្រោងនឹងសម្រេចឱ្យបាន ១៥% នៅចុងខែឧសភានេះ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់ឱ្យក្រុមហ៊ុនសាងសង់ ពន្លឿនការដ្ឋានសាងសង់ផ្លូវជាតិលេខ៤៨ ទិសដៅសម្រេចឱ្យបាន១៥% ត្រឹមចុងខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។

ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីទិសដៅការងារនេះក្នុងកិច្ចប្រជុំមន្ដ្រីពាក់ព័ន្ធនឹងគម្រោង កាលថ្ងៃទី៣ ខែកុម្ភៈ។

កិច្ចប្រជុំក៏ពិភាក្សាពីវឌ្ឍនភាពការងារ ការគ្រប់គ្រងគុណភាព ការផ្គត់ផ្គង់សម្ភារគ្រឿងចក្រ កម្លាំងពលកម្ម កង្វះអ្នកបច្ចេកទេសរចនាប្លង់ បញ្ហាប្រឈម និងដំណោះស្រាយរបស់ក្រុមហ៊ុនជាដើម។

ឯកឧត្តមថា ផ្លូវនេះជាផ្លូវសំខាន់ ដូច្នេះក្រសួងចង់ឱ្យក្រុមហ៊ុនសម្រេចការងារឱ្យបាន ១៥% គិតត្រឹមចុងខែឧសភា ឆ្នាំ២០២២ខាងមុខ ទិសដៅដើម្បីបញ្ចប់ជាស្ថាពរតាមផែនការ។

ជាការឆ្លើយតប តំណាងក្រុមហ៊ុនសាងសង់ក៏បានប្តេជ្ញាអនុវត្តការងារតាមការកំណត់ ហើយនឹងផ្ដោតលើគុណភាពជាចំបង។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នេះ។ (អានបន្ថែម)

ផ្លូវនេះ សាងសង់ដោយក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន KCI & KECC Joint Venture គ្រោងចំណាយ ថវិកាសរុបប្រមាណ ៦៥.១៤លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ។

- Video Advertisement -