ផ្លូវល្បឿនលឿនទាំង ៧ តម្លៃជាង ៦,៥ ពាន់លានដុល្លារ នឹងជំរុញវិស័យដឹកជញ្ជូននៅតំបន់ដីសណ្ដរទន្លេមេគង្គ

ផ្លូវល្បឿនលឿនចំនួន ៧ ប្រវែងសរុប ១ពាន់គីឡូម៉ែត្រ ដែលបានចំណាយថវិកាប្រមាណ ៦,៥ ពាន់លានដុល្លារ កំពុងលេចរូបរាងជាបណ្ដើរៗ ដែលនឹងជួយជំរុញដល់វិស័យដឹកជញ្ជូននៅតំបន់ដីសណ្ដទន្លេមេគង្គរួមមានកម្ពុជា និងរៀតណាម ឱ្យកាន់តែប្រសើរឡើង។

បើយោងតាមសារព័ត៌មានវៀតណាម VnExpress គម្រោងទាំង ៧ រួមមានដូចតទៅ៖

១. គម្រោងផ្លូវល្បឿនលឿន Trung Luong-My Thuan
គម្រោងផ្លូវល្បឿនលឿន Trung Luong-My Thuan មានប្រវែងសរុប ៥១ គីឡូម៉ែត្រ បើកការដ្ឋានកាលពីឆ្នាំ ២០០៩ ក្រោមទុនវិនិយោគប្រមាណ ៥៤៥ លានដុល្លារ បច្ចុប្បន្នសម្រេចបាន ៦៥% ហើយ ដោយគ្រោងនឹងបើកដំណើរជាបណ្ដោះអាសន្នក្នុងពេលឆាប់ៗ មុខនេះ។

២. គម្រោងផ្លូវល្បឿនលឿន My Thuan-Can Tho
គម្រោងនេះ មានប្រវែងសរុប ២៣ គីឡូម៉ែត្រ ភ្ជាប់ពីស្ពាន My Thuan ២ ក្នុងខេត្ត Tien Giang ឆ្ពោះទៅទីក្រុង Can Tho។ គម្រោងនេះនឹងប្រើទុនវិនិយោគ ២០៨ លានដុល្លារ ដោយនឹងបើកការដ្ឋាននៅខែ វិច្ឆិកា ខាងមុខនេះ និងគ្រោងបញ្ចប់នៅឆ្នាំ ២០២៣ ។

៣. គម្រោងផ្លូវល្បឿនលឿន Can Tho-Ca Mau

ក្រសួងដឹកជញ្ជូនរបស់វៀតណាមកំពុងសិក្សាលទ្ធភាពគម្រោងផ្លូវល្បឿនលឿន ៤គន្លង ភ្ជាប់ពី Can Tho-Ca Mau។ ផ្លូវនេះមានប្រវែង ១៣០គីឡូម៉ែត្រ នឹងត្រូវការថវិកាប្រមាណ ២ពាន់លានដុល្លារ ដើម្បីសាងសង់។

៤. គម្រោងផ្លូវល្បឿនលឿន Lo Te-Rach Soi
គម្រោងនេះ មានប្រវែងសរុប ៥១ គីឡូម៉ែត្រ មាន ៤គន្លង សាងសង់ឡើងក្រោមទុនវិនិយោគ ២៧២,៤ លានដុល្លារ បើកការដ្ឋានកាលពីឆ្នាំ ២០១៦ គ្រោងនឹងបញ្ចប់ពាក់កណ្តាលខែ តុលា ឆ្នាំ២០២១ នេះ។

៥. គម្រោងផ្លូវល្បឿនលឿន My An-Cao Lanh
ផ្លូវមួយខ្សែនេះ មានប្រវែង ២៦ គីឡូម៉ែត្រ ហើយរំពឹងថានឹងសាងសង់ក្នុងអំឡុងឆ្នាំ ២០២១-២០២៥។ ថវិកាដែលត្រូវការ ដើម្បីសាងសង់គម្រោងនេះគឺ ១៦៤,៣ លានដុល្លារ ក្រោមកម្ចីពីប្រទេសកូរ៉េខាងត្បូងផង និងថវិការដ្ឋផង។

៦. គម្រោងផ្លូវល្បឿនលឿន Chau Doc-Can Tho-Soc Trang
ផ្លូវល្បឿនលឿននេះ មានប្រវែង ១៥៥ គីឡូម៉ែត្រ មានទីតាំងស្ថិតនៅតាមដងទន្លេ Hau ក្នុងតំបន់ An Giang ជិតព្រំដែនកម្ពុជា។ តាមការប៉ាន់ស្មាន គម្រោងនេះនឹងត្រូវចំណាយថវិកា ១,៣ពាន់លានដុល្លារ ដើម្បីសាងសង់ ដោយគ្រោងនឹងបើកការដ្ឋាននៅឆ្នាំ ២០២៣ និងបញ្ចប់ក្នុងរយៈពេល ៣ ឆ្នាំ ខាងមុខ។

៧. គម្រោងផ្លូវល្បឿនលឿន Ha Tien-Rach Gia-Bac Lieu

គម្រោងនេះមានប្រវែងសរុប ២២៥ គីឡូម៉ែត្រ គ្រោងនឹងបើកការដ្ឋាននៅឆ្នាំ ២០២៤ និងបញ្ចប់នៅឆ្នាំ ២០២៦ ដោយគ្រោងនឹងចំណាយថវិកា ១,៤៣ ពាន់លានដុល្លារ។

គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនរបស់ប្រទេសវៀតណាមលោក Nguyen Van The បានឱ្យដឹងថា ប្រទេសវៀតណាមកំពុងព្យាយាមសាងសង់ផ្លូវល្បឿនលឿនឱ្យបានសរុបប្រសវែង ៥ ០០០ គីឡូម៉ែត្រ ត្រឹមឆ្នាំ ២០៣០ និងឱ្យបាន ៩០០០ គីឡូម៉ែត្រ ត្រឹមឆ្នាំ ២០៥០។ (អានបន្ថែម)

- Video Advertisement -