ផ្លូវ៣៨ខ្សែ នៅសៀមរាប បញ្ចប់ ១០០% ហើយ ខណៈការងារភ្លើងបំភ្លឺនិងបរិក្ខារនានាបាន ៧២%
គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប បានបញ្ចប់ការសាងសង់១០០%ហើយ បច្ចុប្បន្ននៅសល់តែការងារសម្អាត និងរៀបចំសោភ័ណភាពតែប៉ុណ្ណោះ ដែលសម្រេចបាន ៧២% ហើយ។
នេះបើតាមឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចចុះពិនិត្យគម្រោងផ្ទាល់កាលថ្ងៃទី៩ ខែមករា ឆ្នាំ២០២២។
ឯកឧត្ដមបន្តថា ការងារស្ថាបនាកម្រាលផ្លូវដោយបេតុងសរសៃដែក ការងារកម្រាលផ្លូវដោយអ៊ុតបេតុងកៅស៊ូ(AC) ការងារប្រព័ន្ធបណ្ដាញលូមេទឹកភ្លៀង-ទឹកកខ្វក់ ការងាររៀបខឿនចិញ្ចើមផ្លូវ និងការងារកម្រាលក្រានីត បានបញ្ចប់ការសាងសង់១០០% តាមផែនការដែលបានគ្រោងទុក តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។
ដោយឡែក ការងារបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន ២០០ទីតាំង ការងារដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ៥០០៣ដើម ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ចំនួន ២០ទីតាំង ការងារដាំដើមឈើចំនួន ៣១២៥ដើម និងការងារបំពាក់បរិក្ខារចរាចរណ៍ ជាលទ្ធផលសម្រេចបាន ៧២,៧៤%។
លើសពីនេះ ការតភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ពីផ្ទះពលរដ្ឋជាងចំនួនជាង ១ម៉ឺនគ្រួសារ ក៏សម្រេច ៥០% ផងដែរ។
ជាមួយគ្នានេះ ផ្លូវជាតិលេខ៦ ចាប់ពីស្តុបសណ្ឋាគារសុខា ដល់ព្រលានយន្តហោះអន្តរជាតិសៀមរាប តម្លៃ៩លានដុល្លារ ក៏គ្រោងនឹងបញ្ចប់ចុងខែមករានេះផងដែរ។
គួរជម្រាបថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប មានប្រវែងសរុប ១០៨ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៥០ លានដុល្លារអាមេរិក ដោយក្នុងនោះ ចំនួន ៩លានដុល្លារអាមេរិក បន្ថែមទៀតនឹងត្រូវចំណាយលើការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ផងដែរ។
ការដ្ឋានសាងសង់ផ្លូវនេះ បានបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមវត្តមានសម្ដេច ហ៊ុន សែន៕ (អានបន្ថែម)

