ពលរដ្ឋនៅស្រុកសេសានក្រោម២ស្នើឱ្យអាជ្ញាធរជួយស្ថាបនាផ្លូវលំដ៏លំបាកមួយខ្សែ

ប្រជាពលរដ្ឋជាង ៤០០គ្រួសាររស់នៅភូមិញើន ឃុំស្តៅ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ទទូចសុំ​ឱ្យ​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ជួយ​ស្ថា​បនា និងកែសម្រួលផ្លូវលំប្រវែង ២០គីឡូម៉ែត្រ ចេញពីចំណុចភូមិញើនក្នុងឃុំស្តៅ តភ្ជាប់ទៅភូមិឃុំស្រែគរថ្មី ដើម្បីងាយ​ស្រួល​​ដឹក​ផលិត​ផល​កសិកម្ម​ទៅទីផ្សារនៅរដូវប្រាំងនេះ។ នេះបើតាមវិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់ថា៖ « ​អាជ្ញាធរកំពុង​តែពិនិត្យ​មើល​លទ្ធ​ភា​ព​  និងត្រូវសិក្សាលម្អិត​ពី​ផល​​ប៉ះពាល់ ធ្វើយ៉ាងណាឱ្យបានចំណេញទាំងសងខាង ប្រជាពលរដ្ឋទទួលបានផ្លូ​វធ្វើ​ចរាចរណ៍​ស្រួល ហើ​យ​​​អាជ្ញាធ​រក៏ងាយស្រួល​គ្រប់គ្រង​​នូវការហូរចូលអ្នកចំណាកស្រុក ដែលមានបំណង​មកកាប់រាន​ដីខុស​ច្បាប់​នៅ​ពេល​មា​នផ្លូវនេះ។»

លោកអភិបាលបានបន្តថា ទោះជាយ៉ាងណាអាជ្ញាធរស្រុកបានស្នើសុំទៅមន្ទីរអភិវឌ្ឍន៍ជនបទរួចហើយ ឱ្យមកសិក្សា​ផ្លូវលំ​មួយ​ខ្សែនេះ   តែការសម្រេចអភិវឌ្ឍផ្លូវលំនេះមិនទាន់ទទួលដំណឹងឆ្លើយតបមកវិញទេ។

បច្ចុប្បន្ន ផ្លូវមួយខ្សែនេះ មិនអាចឱ្យរថយន្តចេញចូលបានទេ បានត្រឹមតែម៉ូតូតែប៉ុណ្ណោះ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋនៅទីនោះ ដឹក​ទំនិញ ត្រូវប្រើទូកជាមធ្យោបាយ និងឆ្លងទូកដទៅត្រើយម្ខាងនៃទឹកដីឃុំអូរស្វាយចំណាយពេលវេលាយូរ ចំណែកផ្លូវ​ក៏លំបាក​ធ្វើ​ចរាចរណ៍ទៅមកដូចគ្នា។

គួរបញ្ជាក់ថា ផ្លូវនេះជាបណ្តាញតភ្ជាប់គ្នារវាងឃុំស្តៅ និងឃុំស្រែគរថ្មី ចេញមកតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម​២​​ ឆ្ពោះ​មកឃុំភ្លុក មកដល់ទីរួមស្រុកសេសានក្នុងចម្ងាយផ្លូវប្រមាណតែជាង៦០គីឡូម៉ែត្រតែប៉ុណ្ណោះ។

- Video Advertisement -