ពលរដ្ឋស្វាគមន៍ផែនការ រៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម
ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តសៀមរាប បានដាក់ចេញនូវផែនការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសម្បទានទេសចរណ៍ធម្មជាតិនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ខណៈពលរដ្ឋក្នុងតំបន់ក៏រីករាយស្វាគមន៍ជាមួយនឹងដំណោះស្រាយលើផែនការអភិវឌ្ឍមួយនេះផងដែរ។
នេះបើតាមការផ្សព្វផ្សាយក្នុងវេទិការសាធារណៈជាមួយពលរដ្ឋពាក់ព័ន្ធចំនួន ៣៥០នាក់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។
វេទិកានេះ ធ្វើឡើងដោយមានការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ដែលកំពុងរស់នៅ និងលក់ដូរនៅតំបន់ទឹកធ្លាក់ប្រាសាទក្រោលរមាស តំបន់ព្រះអង្គធំ និងតំបន់បេនឡានអំពីផែនការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសម្បទានទេសចរណ៍ធម្មជាតិនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» នៅទីតាំងថ្មី។
ជាមួយគ្នានេះដែរ ផែនការរៀបចំលំនៅដ្ឋាននៅជាប់ភូមិថ្មី ដែលជាភូមិឧបសម្ព័ន្ធនៃភូមិអន្លង់ធំ នៃឃុំខ្នងភ្នំ ក៏ត្រូវបានលើកមកពិភាក្សាផងដែរ។
គួរបញ្ជាក់ដែរថា ពលរដ្ឋដែលពាក់ព័ន្ធទំាងអស់ទទួលបានការយល់ដឹងពីផែនការនេះ ព្រមទាំងបានស្នើឱ្យអាជ្ញាធរបន្តរៀបចំវេទិកាសាធារណៈនេះតទៀត ដើម្បីផ្តល់ជាដំណោះស្រាយលើបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការបំពុលបរិស្ថាន ដែលអាចនឹងបង្ករផលប៉ះពាល់ដល់ទីតាំងបេតិកភណ្ឌ វប្បធម៌ ប្រពៃណី សាសនា និងទីសក្ការៈបូជា ជាដើម។

