ពិព័រណ៍សំណង់ធំបំផុតនៅកម្ពុជាប្រចាំឆ្នាំ ២០២០ ត្រូវបានផ្អាក ដោយពន្យារទៅឆ្នាំ២០២១ វិញ

សមាគមអ្នកសាងសង់កម្ពុជា សម្រេចផ្អាករៀបចំពិព័រណ៍សំណង់ធំបំផុតនៅកម្ពុជាសម្រាប់ឆ្នាំ ២០២០ ដោយកម្មវិធីនេះនឹងលើkទៅធ្វើនៅឆ្នាំ ២០២១ វិញ ក្នុងពេលវេលាសមស្របណាមួយក្រោយកូវីដធូរស្បើយ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ សមាគមអ្នកសាងសង់កម្ពុជាកាលពីថ្មីៗនេះ។

លិខិតដដែល មិនទាន់បញ្ជាក់នៅឡើយទេ ពីកាលបរិច្ឆេទច្បាស់លាស់ ដោយត្រូវរងចាំមើលស្ថានភាពជាក់ស្ដែងនៃជំងឺកូវីដ។

ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាគឺជាព្រឹត្តិការណ៍ដែលត្រូវបានធ្វើឡើងរវាងខែវិច្ឆិកា ឬខែធ្នូជារៀងរាល់ឆ្នាំ ដែលនឹងបង្ហាញផលិតផលរាប់ពាន់ពីស្តង់រាប់រយរបស់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ។ ធ្វើឡើងរយៈពេលបីថ្ងៃ ការតាំងពិព័រណ៍នេះ ផ្តល់នូវវេទិកាមួយសម្រាប់ពាណិជ្ជករដើម្បីជួបគ្នា និងស្វែងយល់ពីផលិតផលចុងក្រោយបំផុតដែលមាននៅក្នុងទីផ្សារសំណង់។

លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគម បានកោតសរសើរពីវិធានការណ៍របស់រដ្ឋាភិបាលក្នុងការទប់ទល់ស្ថានការណ៍ជំងឺកូវិដ១៩ ហើយលោករំពឹងថា ព្រឹត្តិការណ៍នេះនឹងអាចរៀបចំនៅដើមឆ្នាំ ២០២១ ដោយសារសមាគម ត្រូវធានាថាការតាំងពិព័រណ៍នេះត្រូវបានធ្វើឡើងស្របតាមស្តង់ដារដែលបានកំណត់។

លោកថ្លែងថា៖ «យើងអាចពន្យាពេលកាលបរិច្ឆេទនៃការតាំងពិព័រណ៍ពីមួយខែទៅបីខែពីព្រោះយើងត្រូវការពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំព្រឹត្តិការណ៍នេះ។ យើងត្រូវការពេលវេលាទោះបីជារដ្ឋាភិបាលអនុញ្ញាតឲ្យយើងឆាប់ៗក៏យើងត្រូវការពេលវេលាដើម្បីត្រៀមខ្លួនដែរ ដើម្បីស្របតាមស្តង់ដារដែលបានកំណត់»។

លោកបន្តថា ពិព័រណ៍នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សមាគមអ្នកសាងសង់កម្ពុជាដើម្បីលើកកម្ពស់ឧស្សាហកម្មសំណង់នៅកម្ពុជា ហើយវានឹងក្លាចជាវេទិកាដើម្បីបង្ហាញពីសក្តានុពលនៃឧស្សាហកម្មសំណង់របស់ប្រទេសដូចជា ចំនួនគម្រោងសំណង់ សម្ភារៈ និងឧបករណ៍ដែលត្រូវការដើម្បីគាំទ្រគម្រោងទាំងនោះ។

លោកបានបន្ថែមថា ការតាំងពិព័រណ៍នេះនឹងរួមចំណែកជាមួយការខិតខំរបស់រដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចឡើងវិញនៅពេលដែលជំងឺកូវិដ១៩មានភាពធូរស្រាល ឬពិភពលោកបង្កើតវ៉ាក់សាំងបានសម្រេច។

- Video Advertisement -