ពិព័រណ៍​សំណង់​ធំ​បំផុតនៅកម្ពុជាត្រឡប់មកអង្រួនទីផ្សារជាថ្មី ក្រោយផ្អាក២ ឆ្នាំ

ពិព័រណ៍សំណង់ដ៏ធំបំផុតនៅកម្ពុជា ដែលរៀបចំដោយសមាគមអ្នកសាងសង់កម្ពុជា (CCA) ត្រូវបានប្រព្រឹត្តទៅដោយជោគជ័យ កាលពីថ្ងៃទី១ ដល់ថ្ងៃទី ៣ ខែធ្នូ កន្លងទៅ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

កម្មវិធី ៣ ថ្ងៃនេះ បានស្វាគមន៍អ្នកទស្សនាសរុបរាប់ពាន់អ្នក ដែលចូលរួមពិភាក្សា និងសួរនាំអំពីផលិតជាង ២០០០ មុខ និងសេវាកម្មជាង ៥០ ប្រភេទ ក្នុងកម្មវិធី។

ក្នុងឆ្នាំនេះ កម្មវិធី ក៏មានសិក្ខាសាសាផ្សព្វផ្សាយពីច្បាប់សំណង់ បទប្បញ្ញតិ្តសំណង់ថ្មីៗ នីតិវិធីនៃការ ត្រួតពិនិត្យនិងបញ្ជាក់សំណង់ និងច្បាប់ពាក់ព័ន្ធផ្សេងទៀត ក៏ដូចជាកម្មវិធីជប់លៀងទំនាក់ទំនងធុរកិច្ចផងដែរ។

ការវិលត្រឡប់ទៅកាន់ពិព័រណ៍ដោយផ្ទាល់បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំឆ្នាំសម្រាប់វិស័យសំណង់ ព្រោះវាបានជួយឱ្យអាជីវកម្មទាំងអស់មានទំនាក់ទំនងយ៉ាងស្អិតរមួតឡើងវិញបន្ទាប់ពីបានផ្អាក និងប្រតិបត្តិការតាមតែអនឡាញអស់ពេលពីរឆ្នាំមកនេះ។

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងក្នុងកម្មវិធីថា ដោយសារវិបត្តិកូវីដមិនទាន់រលត់បាត់ទាំងស្រុង ដូច្នេះសមាគមឆ្នាំនេះ មានក្រុមហ៊ុនត្រឹមតែ ៧៩ ស្មើនឹង ១៥០ ស្ដង់ ដែលមកបង្ហាញផលិតផលជាង ២០០០ មុខ និងសេវាកម្ម ៥០ ប្រភេទ។

«ផលិតផលគឺមានទាំងក្នុងស្រុក និងនាំចូលពីក្រៅប្រទេស ដូចជា ចិន តៃវ៉ាន់ រៀតមណាម កូរ៉េ ថៃ ម៉ាឡេស៊ី បារាំង សិង្ហបូរី ជប៉ុន  អាឡឺម៉ង់ ជាដើម»។

រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម លាង មុនីរិទ្ធ បានថ្លែងក្នុងពិធីបើកថា មួយទស្សវត្សរ៍ចុងក្រោយនេះ វិស័យសំណង់បានរីកដុះដាលឥតឈប់ឈរ។

ជាក់ស្ដែង ៩ ខែ ដំបូងនៃឆ្នាំ ២០២២ ក្រសួងបានផ្ដល់លិខិតអនុញ្ញាតសាងសង់សរុប ៣១៧៦ គម្រោង ឬស្មើនឹងទុន ជាង ១៩០០ លានដុល្លារអាមេរិក ក្នុងនោះ បូរី ២០ គម្រោង និង អគារខ្ពស់ជាង ៥ ជាន់​៩៨ គម្រោង។

- Video Advertisement -