ពិព័រណ៍សំណង់និងអចលនទ្រព្យកម្ពុជា ត្រឡប់មកវិញក្នុងខែវិច្ឆិកា
ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ដែលជាពិព័រណ៍ឧស្សាហកម្មសំណង់ធំបំផុតនៅកម្ពុជា គ្រោងនឹងត្រឡប់មកវិញជាលើកទី៥ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ នៅឯមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។
ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាគឺជាពិព័រណ៍អចលនទ្រព្យ និងសំណង់របស់ប្រទេសកម្ពុជា ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៤ ដោយសមាគមអ្នកសាងសង់កម្ពុជា (CCA) ដែលជាសមាគមអ្នកសាងសង់គ្រប់គ្រងដោយឯកជនតែមួយគត់នៅកម្ពុជា។
ព្រឹត្តិការណ៍នេះប្រមូលផ្តុំនូវអ្នកជំនាញមកពីឧស្សាហកម្មសំណង់ ក៏ដូចជាមន្រ្តីរដ្ឋាភិបាល ហើយស្តង់ពិព័រណ៍ជាង ៣០០ស្តង់មកពីក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញនូវសម្ភារនិងសេវាកម្មជាច្រើនប្រភេទ។
ការតាំងពិព័រណ៍នេះនឹងត្រូវបែងចែកជា ៣ផ្នែក គឺផ្នែកក្រុមហ៊ុនអចលនទ្រព្យ ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រង ផ្នែកសម្ភារសំណង់ និងការរចនាតុបតែងលំអ និងផ្នែកគ្រឿងផ្គត់ផ្គង់អេឡិចត្រូនិច បំពង់ទឹក និងការផ្គត់ផ្គង់ទឹក គ្រឿងម៉ាស៊ីន គ្រឿងមេកានិច និងក្របគម្រោងដែកថែប។ អ្វីដែលយកមកដាក់តាំងបង្ហាញគឺជាផលិតផលនិងសេវាកម្មជាច្រើនប្រភេទមកពីទូទាំងឧស្សាហកម្មសំណង់ និងអចលនទ្រព្យ។

ព្រឹត្តិការណ៍នេះក៏នឹងត្រូវបានប្រារព្ធឡើងរួមជាមួយនឹងកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី៧ របស់សមាគមអ្នកសាងសង់កម្ពុជាផងដែរ ដោយនឹងមានអ្នកជំនាញជាន់ខ្ពស់ជាង ៥០០នាក់ នៅក្នុងឧស្សាហកម្មសំណង់ និងអចលនទ្រព្យចូលរួម និងជួបជុំគ្នាដើម្បីពិភាក្សាពីបញ្ហានាពេលបច្ចុប្បន្ន និងអនាគតនៃឧស្សាហកម្មនេះ។ ជាមួយនិងស្តង់ពិព័រណ៍ចំនួន ២៩០ស្តង់ ព្រឹត្តិការណ៍នេះកាលពីឆ្នាំមុនបានទាក់ទាញភ្ញៀវចូលទស្សនាជាង ១២.០០០នាក់ ដែលក្នុងនោះ ជាង ៧.០០០នាក់ គឺជាអ្នកជំនាញមកពីឧស្សាហកម្មសំណង់ និងអចលនទ្រព្យ។
ពិព័រណ៍ពាណិជ្ជកម្មដែលមានរយៈពេលបីថ្ងៃនេះ ក៏ជាវេទិកាសម្រាប់អ្នកអាជីវកម្មធ្វើការដាក់បង្ហាញនូវផលិតផលរបស់ពួកគេ ចែករំលែកចែកបទពិសោធន៍ រៀនសូត្រ បង្កើតបណ្តាញទំនាក់ទំនង និងបង្កើតជោគជ័យនៅក្នុងវិស័យនេះផងដែរ។
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជាបានថ្លែងនៅក្នុងការសម្ពោធពិព័រណ៍កាលពីឆ្នាំមុនថា «ព្រឹត្តិការណ៍ដ៏គួរឲ្យចាប់អារម្មណ៍នេះផ្តល់ឱកាសដល់អ្នកទិញ អ្នកលក់ អ្នកម៉ៅការសាងសង់ អ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគ ស្វែងរកដៃគូដោយផ្ទាល់»។
ចំណាប់អារម្មណ៍សម្រាប់ការកក់ស្តង់ (Booth booking) សូមទំនាក់ទំនង
+855 60 888 966 / +855 77 811 168 / +855 15 511 266
email: expo@construction-property.com


