ពិព័រណ៍សំណង់នឹងធ្វើឡើងក្នុងឆ្នាំ២០២១ ខណៈការបោះឆ្នោតក្រុមប្រឹក្សាភិបាល និងកម្មវិធីធុរកិច្ចពន្យារពេល

បន្ទាប់ពីការពន្យាពេលជាច្រើនដងដោយសារតែគោរពតាមការណែនាំរបស់រដ្ឋាភិបាល សមាគមអ្នកសាងសង់កម្ពុជា បានសម្រេចលុបចោលពិព័រណ៍សំណង់សម្រាប់ឆ្នាំ២០២០ ដោយលើកទៅធ្វើនៅចុងឆ្នាំ ២០២១ វិញ។

សមាគមអ្នកសាងសង់កម្ពុជាបានកំណត់យកថ្ងៃទី ២-៤ ខែធ្នូ ឆ្នាំ ២០២១ ជាកាលបរិច្ឆេទសម្រាប់ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាប្រចាំឆ្នាំ ដែលមានការតាំងបង្ហាញផលិតផលពីរាប់រយស្តង់របស់ក្រុមហ៊ុនទាំងក្នុង និងក្រៅស្រុក។

ទន្ទឹមនឹងនេះ សមាគមអ្នកសាងសង់កម្ពុជាក៏ពន្យារពេលការបោះឆ្នោតសមាជិកក្រុមប្រឹក្សាភិបាល និងកម្មវិធីធុរកិច្ចរបស់ខ្លួនផងដែរ ដើម្បីចូលរួមការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩។

លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគម បានឱ្យដឹងថានឹងជូនដំណឹងអំពីកាលបរិច្ឆេទសម្រាប់ការបោះឆ្នោត និងកម្មវិធីធុរកិច្ចជាថ្មីម្តងទៀតនៅពេលក្រោយ។

លោកសង្ឃឹមថា ស្ថានភាពជំងឺកូវីដ១៩ នឹងប្រសើរឡើងឆាប់ៗ ដូច្នេះអាជីវកម្មអាចនឹងវិលមករកសភាពប្រក្រតីវិញ។ ហើយកម្មវិធីធុរកិច្ចនឹងជួយឱ្យអាជីវកម្មអាចភ្ជាប់ទំនាក់ទំនងឡើងវិញ ក្រោយមិនបានជួបគ្នាជិតកន្លះឆ្នាំ។

- Video Advertisement -