ពីឆ្នាំ១៩៩៨ ទល់បច្ចុប្បន្ន កម្ពុជាសង់ផ្លូវកៅស៊ូសរុបជាង ១៥ ០០០គម និងស្ពានធំ ២០កន្លែង
ចាប់តាំងពីឆ្នាំ១៩៩៨មក កម្ពុជាកសាងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទក្រាលកៅស៊ូ ប្រវែងសរុបជាង ១៥ ០០០គីឡូម៉ែត្រ ក៏ដូចជាសាងសង់ស្ពានធំៗសរុបចំនួន ២០កន្លែង ឆ្លងកាត់ទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប។
នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹក នាឱកាសធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។
ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ចាប់តាំងពីកម្ពុជាទទួល បានសន្តិភាព និងស្ថិរភាពពេញលេញ នៅក្នុងឆ្នាំ១៩៩៨ កម្ពុជាបានកសាងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ ក្រាលកៅស៊ូបានប្រវែង ១៥ ០០០គីឡូម៉ែត្រ បានសាងសង់ស្ពាន ចំនួន២០កន្លែង ឆ្លងកាត់ទន្លេមេគង្គ ទន្លេ បាសាក់ និងទន្លេសាប។
«លើសពីនេះ កម្ពុជាក៏បានលើកកម្ពស់ព្រលានយន្តហោះ ចំនួន៣ តាមស្តង់ដាអន្តរជាតិនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ និងបន្តអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិ ចំនួន៣កន្លែង ដោយឈរលើគោលការណ៍ កសាង-ប្រតិបត្តិ-ផ្ទេរ (BOT) នៅភ្នំពេញ ខេត្តសៀមរាប និងខេត្តកោះកុង» ឯកឧត្តមបន្ត។
ឯកឧត្តម បន្ថែមទៀតថា ផ្លូវល្បឿនលឿន១ ខ្សែតម្លៃ ជាង២ពាន់លានដុល្លារអាមេរិក ក៏ជិតនឹងបញ្ចប់ហើយដែរ ដែលនឹងតភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់កំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ។
ឯកឧត្តមបញ្ជាក់ថា កម្ពុជាមិនពឹងផ្អែកលើប្រទេសចិន ១០០% លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទេ តែនឹងផ្អែកលើគោលការណ៍ BOT ការផ្តល់ហិរញ្ញប្បទាន និងជំនួយពីដៃគូអភិវឌ្ឍន៍ជាច្រើន រួមមាន ប្រទេសចិន ជប៉ុន កូរ៉េ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី ថៃ វៀតណាម និងប្រភពថវិកាជាតិផងដែរ។

