ពីឆ្នាំ ១៩៩៣ ដល់បច្ចុប្បន្ន រដ្ឋចំណាយប្រមាណ ៨ប៊ីលានដុល្លារ លើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ
រដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់សាច់ប្រាក់ប្រមាណ ៨ប៊ីលានដុល្លារ លើគម្រោងវិនិយោគសាធារណៈ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅក្នុងរយៈពេល២៨ឆ្នាំ។ នេះយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីខែសីហា ឆ្នាំ២០២១។
គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ដំណាច់ឆមាសទី១ ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់ពីដៃគូអភិវឌ្ឍន៍យកមកប្រើប្រាស់ជាក់ស្តែងសរុបចំនួន១០,០៥ប៊ីលានដុល្លារអាមេរិក។ ក្នុងចំណោមសាច់ប្រាក់នេះ ប្រមាណ៨១% ត្រូវបានប្រើប្រាស់សម្រាប់គម្រោងវិនិយោគសាធារណៈ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមានប្រមាណ ១៩% ទៀត ប្រើ ក្នុងវិស័យអាទិភាពចំពោះមុខផ្សេងៗទៀត។
គួរបញ្ជាក់ថា ប្រទេសចិននៅតែជាប្រភពហិរញ្ញប្បទានលំដាប់ទី១ សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសកម្ពុជា ដែលមានទឹកប្រាក់សរុបជិត ៣ប៊ីលានដុល្លារអាមេរិក មកទល់បច្ចុប្បន្ន ខណៈប្រទេសជប៉ុននិងកូរ៉េខាងត្បូងស្ថិតនៅលំដាប់ទី ២ និងទី ៣។

