ព្រឹត្តិការណ៍ ២០កម្ភ: មិនបង្កភាពរអាក់រអួលដល់ការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ នៅសៀមរាបទេ

ទោះបីជាព្រឹត្ដិការណ៍សហគមន៍ ២០កុម្ភ: នៅតែបន្តធ្ងន់ធ្ងរក្ដី ការអនុវត្ដគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាប មិនមានភាពរអាក់រអួលនោះឡើយ។ នេះបើយោងតាមលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប កាលពីថ្ងៃទី១៥ ខែមីនា កន្លងមកនេះ។

លោក នួន ពុទ្ធារ៉ា បានឱ្យដឹងបន្តថា មកដល់ពេលនេះក្រុមការងារសម្រេច បានប្រមាណជាង ៣០%ហើយ ដែលក្នុងនោះរួមមានការចាក់បេតុង ការដាក់ប្រព័ន្ធលូទឹក ប្រព័ន្ធអគ្គិសនីក្រោមដី ព្រមទាំងប្រព័ន្ធខ្សែកាបផ្សេងៗទៀតផងដែរ។

លោក បន្ថែមទៀតថា បច្ចុប្បន្នក្រុមការងារសាងសង់គ្រប់អង្គភាព បាននឹងកំពុងធ្វើសកម្មភាពយ៉ាងមមាញឹក ដើម្បីឱ្យសម្រេចគោលដៅតាមការគ្រោងទុក គឺរួចរាល់នៅដើមឆ្នាំ២០២២។

គួររំឭកថា គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ នេះ មានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ២០២០កន្លងមក ហើយគ្រោងនឹងចំណាយថវិកាជាតិសរុបប្រមាណ១៥០លានដុល្លារអាមេរិក។ (អានបន្ថែម)

បន្ថែមពីនេះ ថវិកាប្រមាណ ៩ លានដុល្លារអាមេរិកទៀត ក៏នឹងត្រូវបានចំណាយសម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់។

ក្រៅពីនេះ រដ្ឋាភិបាលក៏បានសម្រេចបង្វែរថវិកា ៥ លានដុល្លារ ដែលសេសសល់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅសីហនុមកកែលម្អ ដងស្ទឹងសៀមរាប ដែលមានប្រវែងជាង ៩គីឡូម៉ែត្រ ផងដែរ។ (អានបន្ថែម)

 

 

 

 

- Video Advertisement -