ព្រះវររាជមាតាជាតិខ្មែរ ឧបត្ថម្ភ ២០ពាន់ដុល្លារ ដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)
អំណោយដ៏ថ្លៃថ្លានេះ ត្រូវបានផ្តល់តាមរយៈសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលទទួលដោយឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា កាលពីពេលថ្មីៗនេះ។
ក្នុងពិធីប្រគល់ទទួល សម្តេចមហាមន្ត្រី គុយ សុផល បានឱ្យដឹងថា សម្តេចព្រះមហាក្សត្រី បានយកចិត្តទុកដាក់ចំពោះសុខទុក្ខ ការលំបាក និងការខ្វះខាត ក្នុងជីវភាពរស់នៅ របស់មន្ត្រីបោសសម្អាតមីននៅតាមតំបន់ព្រំដែនរបស់កម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម ហេង រតនា បានលើកឡើងថា អំណោយដ៏ថ្លៃថ្លានេះ បានបង្ហាញឲ្យឃើញពីព្រះរាជហឬទ័យមេត្តាករុណាសណ្តោសប្រោសប្រណីដ៏មហាប្រសើរខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានគាំទ្រចំពោះការខិតខំរបស់រាជរដ្ឋាភិបាល សម្រាប់ជួយដល់មន្ត្រីដែលកំពុងអនុវត្តការងារបោសសម្អាតមីនតាមបណ្តោយព្រំដែន។
គួររម្លឹកដែរថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលជប៉ុន ក៏ទើបបានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន១.១៦៦លានយ៉េន ឬប្រមាណ ៧,៨លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) និងទិញគ្រឿងយន្តរ៉ូបឺតជីកកាយមីននៅកម្ពុជា។ (អានបន្ថែម)
- Video Advertisement -