ភ្នំពេញនឹងសង់ផ្លូវថ្មី ២ ខ្សែ ភ្ជាប់ផ្លូវ ៦A ដល់មហាវិថីឈ្នះ ឈ្នះ ត្រៀមសម្រាប់កីឡាស៊ីហ្គេម
រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងស្ថាបនាផ្លូវថ្មីចំនួន ២ខ្សែ បន្ថែមទៀត ចាប់ពីចំនុចផ្លូវជាតិលេខ៦A ដល់មហាវិថីឈ្នះឈ្នះ ដើម្បីត្រៀមប្រើប្រាស់សម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
បើតាមកិច្ចប្រជុំរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកញ្ញា បច្ចុប្បន្នក្រុមការងារកំពុងពិភាក្សាលើបញ្ហាបច្ចេកទេស និងផលប៉ះពាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងគម្រោងនៃការស្ថាបនាផ្លូវនេះ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា ផ្លូវទាំង២នេះនឹងត្រូវស្ថាបនាចាប់ពីចំណុចផ្លូវជាតិលេខ៦អា រហូតដល់មហាវិថីឈ្នះឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។
ឯកឧត្តមបន្តថា ផ្លូវទាំង២ខ្សែនេះ មិនត្រឹមតែជួយសម្រួលដល់ការប្រកួតកីឡាស៊ីហ្គេមប៉ុណ្ណោះទេ តែក៏នឹងជួយសម្រួលរំហូរចរាចរណ៍ផ្លូវជាតិលេខ៦ ឱ្យមានសណ្តាប់ធ្នាបថែមមួយកម្រិតទៀត៕
គួររំឭកផងដែរថា បច្ចុប្បន្នពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជាត្រៀមការប្រកួតកីឡាស៊ីហ្គេម សាងសង់រួចរាល់ ១០០% ហើយ។ (អានបន្ថែម)

