មជ្ឈមណ្ឌល​ទិន្នន័យ​ (Data Center) តម្លៃ ១លានដុល្លារដាក់សម្ពោធប្រើប្រាស់ជាផ្លូវការហើយ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌល​ទិន្នន័យ​ (Data Center) ដែលមានតម្លៃប្រមាណ ១លានដុល្លារអាមេរិក។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២២។

មជ្ឈមណ្ឌល​ទិន្នន័យ​នេះ​ ត្រូវ​បាន​រៀបចំជាពីរផ្នែក​ គឺទី១ ជាផ្នែកបរិក្ខារ​គាំទ្រ​មជ្ឈមណ្ឌល​ទិន្នន័យ ធានាបាននូវសុពលភាព និងសុវត្ថិភាពឧបករណ៍ និងទី២ ជាផ្នែកឧបករណ៍​ព័ត៌មាន​វិទ្យា ដែលមានតួនាទីត្រួតពិនិត្យ​ប្រតិបត្តិការរបស់​ឧបករណ៍ ​ និងការរក្សាទុកទិន្នន័យ។

មួយវិញទៀត មជ្ឈមណ្ឌលទិន្នន័យនេះ មានសមត្ថភាពរក្សារផ្ទុកទិន្ន័យសំខាន់ៗរបស់ក្រសួងបានពី១០ ទៅ ២០ឆ្នាំ​មុន​ រហូតដល់បច្ចុប្បន្ន​ និងអាចបន្តរហូតដល់ ៣ឆ្នាំខាងមុខទៀត។

ក្នុងឱកាសនោះ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ បានមានប្រសាសន៍ថា​ «ក្នុងយុគសម័យនៃការរីកចម្រើន​ ​ផ្នែក​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា ​និងនវានុវត្តន៍​ ការរក្សាផ្ទុកទិន្នន័យផ្សេងៗកាន់តែមានសារៈសំខាន់​ ពីព្រោះ​ជាទីតាំងប្រមូលផ្តុំ​ឯកសារ​ ងាយស្រួលស្វែង​រក សម្រាប់តម្រូវការសិក្សា ស្រាវជ្រាវ​ រៀនសូត្រ​ ហើយក៏ជាមជ្ឈមណ្ឌល​រក្សាសុវត្ថិភាពទិន្នន័យរបស់យើងបានជាសម្ងាត់​ និងយូរអង្វែង​ផងដែរ​។»

- Video Advertisement -