មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ដំបូងគេ តាមវិទ្យាល័យខេត្តតាកែវ បើការដ្ឋានសាងសង់ហើយ
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) នៅតាមវិទ្យាល័យសាធារណៈក្នុងខេត្តតាកែវ ត្រូវបានបើកការដ្ឋានសាងសង់ហើយ។ ពិធីបើកការដ្ឋាននេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។
គោលបំណងនៃការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ដើម្បីលើកកម្ពស់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល ការលើកកម្ពស់អក្ខរកម្មឌីជីថល និងការកាត់បន្ថយគម្លាតឌីជីថល ដែលផ្សារភ្ជាប់ទំនាក់ទំនង និងភាពជាដៃគូរវាងរដ្ឋនិងសហគមន៍ ដើម្បីការអប់រំឌីជីថលនៅក្នុងថ្នាក់រៀន សាលារៀន និងសហគមន៍ទាំងមូល។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ខេត្តតាកែវ ជាទីតាំងដំបូងសម្រាប់សាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.)។
ក្នុងនោះ ម.ប.ស. មានមុខងារចម្បងចំនួន៤ គឺ៖
(១) ផ្តល់បន្ទប់កុំព្យូទ័រ (Computer Lab) សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ផ្តល់ការអប់រំតាមប្រព័ន្ធបង្រៀនពីចម្ងាយ ដល់សិស្សវិទ្យាល័យសាធារណៈ និងជាសាលប្រជុំ ព្រមទាំងជាសាលបណ្តុះបណ្តាលគ្រូបង្រៀនតាមប្រព័ន្ធបង្រៀនពីចម្ងាយ
(២) ផ្តល់បន្ទប់បណ្តុះបណ្តាល (Training Room) សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថលដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ ដែលមានបំណងចង់ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងគោលដៅផ្សេងៗ
(៣) ផ្តល់ទីតាំងជាប៉ុស្តិ៍ប្រៃសណីយ៍ (Post Office) សម្រាប់ផ្តល់សេវាទទួល និងផ្ញើកញ្ចប់ឥវ៉ាន់ ព្រមទាំងផ្តល់សេវាផ្សេងៗដល់ពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋនៅសហគមន៍
(៤) ផ្តល់បន្ទប់អ៊ីនធើណែតកាហ្វេ (Internet Café) ជូនប្រជាជននៅសហគមន៍អាចចូលប្រើប្រាស់ ដើម្បីស្វែងរកព័ត៌មានពាក់ព័ន្ធនឹងកសិកម្ម អាជីវកម្ម និងព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅសហគមន៍នីមួយៗ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្ឃឹមយ៉ាងមុតមាំថា ម.ប.ស. នឹងក្លាយជាសមិទ្ធផលថ្មីមួយដ៏មានសារៈសំខាន់ ទាន់ពេល និងចំគោលដៅ ដែលគាំទ្រដល់ដំណើរអភិវឌ្ឍន៍ការអប់រំឌីជីថល សំដៅរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា។
គួររំលឹកថា គម្រោងនេះស្ថិតក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនមានទំហំទឹកប្រាក់ ១៤៥ .៦៩២ដុល្លារ សម្រាប់ការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅស្រុកបាទី ខេត្តតាកែវ។ (អានបន្ថែម)
គួរបញ្ជាក់ថា ដើម្បីជំរុញវិស័យឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យសាធារណៈ ដើម្បីអភិវឌ្ឍធនធានមនុស្សបច្ចេកវិទ្យាឌីជីថល។ (អានបន្ថែម)
- Video Advertisement -