មជ្ឈមណ្ឌលអភិរក្សកេសរកូលនៅភ្នំគូលែន ត្រូវបានសម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ
ស្នាក់ការឧទ្យានុរក្ស ផ្ទះស្នាក់កេសរកូល និងហេដ្ឋារចនាសម្ពន្ធ័នានា ស្ថិតលើផ្ទៃដី ១០ហិកតា នៅឧទ្យានជាតិព្រះជ័យវរ្មន័ភ្នំគូលែន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ការរៀបចំឧទ្យានជាតិឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដូចជាស្នាក់ការឧទ្យានុរក្ស ផ្ទះស្នាក់មជ្ឈមណ្ឌលកេសរកូល ផ្លូវ ទឹកស្អាត និងបង្គន់អនាម័យ ផ្សារសហគមន៍ ដើម្បីបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រង កិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ លើកកម្ពស់ការសិក្សាស្រាវជ្រាវ ការថែរក្សា និងអភិរក្សធនធានពិន្ធុ ការបម្រើឱ្យទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងការលើកកម្ពស់សុខមាលភាព និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីឧទ្យានុរក្សក្នុងនាមជាឆ្មាំការពារព្រៃ។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ទីតាំងសាងសង់ ទីស្នាក់ការនេះ គឺជាចំណុចកណ្តាល ដែលអាចផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរវាងស្រុកស្វាយលើ ស្រុកបន្ទាយស្រី និងទីរួមខេត្តសៀមរាប ជាពិសេស ដើម្បីសម្រួលដល់ការងារត្រួតពិនិត្យអ្នកធ្វើដំណើរឡើងចុះឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដែលមានផ្ទៃដីទំហំ ៣៧.៣៧៣ហិកតា ជាតំបន់អាទិភាពមួយនៃតំបន់អេកូឡូស៊ីព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។
បន្ថែមពីនេះ អគារដែលបានដាក់សម្ពោធនេះ មានចំនួន៣ ជាប់គ្នា អគារធំនៅចំកណ្តាល និងអគារតូចៗចំនួន២ អមសងខាង នៅលើផ្ទៃដីសរុប ទំហំ១០ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី (ទល់មុខសួនកេសរកូល) បានសាងសង់កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ហើយបានបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។
ក្រៅពីផ្ទះស្នាក់កេសរកូល ក្រសួងបរិស្ថាន ក៏បានកសាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់បន្ថែមទៀត នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលដូចជា សួនកេសរកូលពូជបង្កាត់ សួនមេអំបៅ សួនវ៉ាន់នីឡា សួនបន្លែធម្មជាតិ ហាងកាហ្វេ តូបលក់ផលិតផលធម្មជាតិ ស្តាប្រឡាយធម្មជាតិ តំឡើងថាមពលពន្លឺព្រះអាទិត្យកំលាំង ៣៣KW និងរៀបចំកសិដ្ឋានចិញ្ចឹមជ្រូកគូលែនជាដើម។ (អានបន្ថែម)
- Video Advertisement -