មន្ត្រីក្រសួងរ៉ែ៖ អូរខ្វាវក្នុងខេត្តមណ្ឌលគិរី រំពឹងទុកថានឹងផ្តល់រ៉ែបានជិត១លានអោន

មន្ត្រីជាន់ខ្ពស់របស់ក្រសួងរ៉ែ និងថាមពលបានលើកឡើងថា ប្រទេសកម្ពុជារំពឹងទុកអាចទាញយករ៉ែមាសបានជិត១លានអោន ឬ ប្រមាណជិត ៧ សែនតម្លឹងតាមការសិក្សារស្រាវជ្រាវនៅតំបន់អណ្តូងរ៉ែទី១ នៅក្នុងតំបន់អូខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។

នេះបើតាមការលើកឡើងរបស់ ឯកឧត្តម យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយដ្ឋានរ៉ែ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ។

ឯកឧត្តមបានបញ្ជាក់ថា ក្រុមហ៊ុនអន្តរជាតិដ៏ធំមួយរបស់អូស្ត្រាលី ដែលមានការសហការផ្នែកហិរញ្ញវត្ថុជាមួយប្រទេសកាណាដា បានសាងសង់ទីតាំងរោងចក្ររុករករ៉ែរួចរាល់ហើយ នៅក្នុងតំបន់អូខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។

ឯកឧត្តមបន្តមានប្រសាសន៍ថា ៖ «ជិត ១លានតម្លឹង នៅជម្រករ៉ែមាសទី១ នៅអូរខ្វាវហ្នឹង ហើយយើងសង្ឃឹមថា នៅពេលដែលយើងចាប់ផ្ដើមដំណើរការអណ្ដូររ៉ែទី១ហ្នឹងហើយ តំបន់នៅជុំវិញដែលយើងកំពុងរុករកហ្នឹង យើងនឹងបានទទួលជម្រករ៉ែថ្មីៗទៀត។ ក្រោយពីជីកអាហ្នឹងអស់ នឹងអានោះមកបន្ថែមទៀត។ ឬមួយអានោះមិនទាន់ជីកអស់ ៣ ទៅ ៤ឆ្នាំក្រោយ មានរ៉ែថ្មីមកបន្ថែម យើងនឹងបង្កើនផលិតកម្មរបស់យើងតទៅទៀត នេះជាស្ថានភាពទូទៅនៃរ៉ែមាសនៅកម្ពុជា»។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៣ ខែមីនា កន្លងទៅ របស់ក្រុមហ៊ុន Emerald Resources NL នៅក្នុងប្រទេសអូស្ត្រាលី ដែលជាក្រុមហ៊ុនមេរបស់ Renaissance Minerals (Cambodia) បានធ្វើកិច្ចសន្យាសហការគ្នាជាមួយក្រុមហ៊ុន MACA ក្នុងការរុករករ៉ែ នៅតំបន់អូរខ្វាវ បានឱ្យថា កិច្ចព្រមព្រៀងដែលមានតម្លៃជាង ២៣០លានដុល្លារ ក្នុងរយៈពេល ៧ឆ្នាំនេះ នឹងចាប់ផ្តើមដំណើរការក្នុងត្រីមាសទី២ នៃឆ្នាំ២០២១ ខាងមុខផងដែរ។

នៅក្នុងកិច្ចសន្យានេះផងដែរ លោក Morgan Hart ជានាយកគ្រប់គ្រងក្រុមហ៊ុន បានសរសេរថា៖ «ការចុះហត្ថលេខាលើកិច្ចសន្យារ៉ែនេះ ធ្វើឡើងដោយហ្មត់ចត់ និងសហការដំណើរការជាមួយក្រុមហ៊ុនទាំងពីរ សម្រេចឱ្យបានតាមកាលវិភាគរ៉ែសម្រាប់ការអភិវឌ្ឍ និងប្រតិបត្ដិការនៃគម្រោងមាសនៅតំបន់អូរខ្វាវ។ ការចុះហត្ថលេខាលើកិច្ចសន្យារ៉ែនេះ ផ្តល់ឱ្យយើងនូវទំនុកចិត្តកាន់តែខ្លាំង ដើម្បីសម្រេចគោលដៅរបស់យើងឱ្យក្លាយជាអ្នកផលិតមាសខ្នាតធំដំបូងបង្អស់នៅកម្ពុជា ក្នុងត្រីមាសទី២ ឆ្នាំ២០២១»។

គួរបញ្ជាក់ថា កាលពីខែកក្កដា ឆ្នាំ២០១៨ ក្រសួងរ៉ែ និងថាមពល បានសម្រេចផ្តល់អាជ្ញាបណ្ណឱ្យក្រុមហ៊ុន Renaissance Minerals (Cambodia) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Emerald Resources NL ធ្វើអាជីវកម្មរ៉ែ លើផ្ទៃដី១១.៥ គីឡូម៉ែត្រការ៉េហិ ក្នុងរយៈពេល១៥ឆ្នាំ ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ នេះបើតាមការចុះផ្សាយរបស់ Emerald Resources NL កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨។

ក្នុងសន្និសីទសារពត៌មាននេះផងដែរ ឯកឧត្តម មុនីរ៉ាត់ បានរាយការណ៍ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនដែលទទួលអាជ្ញាប័ណ្ណស្វែងរុករកមាស ដែលផ្ដល់ជូនដោយក្រសួងមានចំនួន ៤០ ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនខ្លះទទួល១អាជ្ញាប័ណ្ណ ក្រុមហ៊ុនខ្លះទទួលបាន ២ និងខ្លះទៀតមានរហូតដល់ទៅ ៣អាជ្ញាប័ណ្ណ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]