មន្ទីរពេទ្យបង្អែកស្វាយជ្រំ ខេត្តស្វាយរៀង តម្លៃជាង ៦០ម៉ឺនដុល្លារ បើកសម្ពោធជាផ្លូវការ
អគារមន្ទីរពេទ្យបង្អែកស្វាយជ្រំ ស្ថិតនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង តម្លៃជាងជាង៦០ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។
អគារថ្មីនៃមន្ទីរពេទ្យបង្អែកស្វាយជ្រំចំនួន ១ខ្នង ៣ជាន់ មាន១៥បន្ទប់ ស្ថិតនៅឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង គឺជាជំនួយដ៏ថ្លៃថ្លារបស់សប្បុរសជន នៃមូលនិធិថែទាំសុខភាពមាតានិងទារក និងរ៉ូតារីក្លិបអ៊ុនធើណេសិនណល នៃសាធារណរដ្ឋកូរ៉េ។
នាឱកាសនោះ សម្ដេច ម៉ែន សំអន បានចាត់ទុក សមិទ្ធផលដែលយើងបាននិងកំពុងរួមគ្នាសម្ពោធនាពេលនេះ ពិតជាបានឆ្លុះបញ្ចាំងពីការចូលរួមចំណែកអភិវឌ្ឍក្នុងស្មារតីមនុស្សធម៌ និងសប្បុរសពីមិត្តកូរ៉េ ក្នុងការចូលរួមលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។សម្តេចបន្តថា មន្ទីពេទ្យនេះ មិនត្រឹមតែបានរួមចំណែកបម្រើសេវាសុខភាពក្នុងមូលដ្ឋានស្រុកស្វាយជ្រំ ប៉ុណ្ណោះទេ ប៉ុន្តែមួយផ្នែកទៀតក៏អាចផ្តល់នូវសេវាសុខភាពជូនប្រជាពលរដ្ឋ ក្នុងសង្កាត់មួយចំនួននៃក្រុងស្វាយរៀងផងដែរ។
គួរបញ្ជាក់ថា អគារថ្មីនៃមន្ទីរពេទ្យបង្អែកស្វាយជ្រំនេះ គឺមានទំហំ (ទទឹង ៧ម៉ែត្រ គុណ បណ្តោយ ៣៦ម៉ែត្រ) កម្ពស់៣ជាន់ មាន១៥បន្ទប់ (មានបន្ទប់ទឹក ចំនួន១៤បន្ទប់) និងឃ្លាំងចំនួន២បន្ទប់ រួមជាមួយសម្ភារបរិក្ខាបច្ចេកទេសជាច្រើនទៀត គឺបានចំណាយអស់ថវិកាសរុបចំនួន ៦៥ម៉ឺន៥ពាន់ដុល្លារអាម៉េរិក ដែលអគារមន្ទីរពេទ្យបង្អែកថ្មីដ៏ទំនើបថ្នាក់ស្រុក (កម្រិត២)នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការផ្តល់សេវាសុខាភិបាលក្នុងស្រុករបស់យើងនេះ៕
- Video Advertisement -