មហាវិថីផ្លូវ ៦០ម៉ែត្រ ចាប់ពីផ្លូវ ២៧១ ដល់ផ្លូវជាតិលេខ២ នឹងអ៊ុតកៅស៊ូបញ្ចប់ក្នុងខែមិថុនានេះ
សាលារាជធានីភ្នំពេញ បានកំពុងបន្ត និងពន្លឿនជួសជុល និងអ៊ុតកៅស៊ូ AC លើមហាវិថី សម្តេច ហ៊ុន សែន ចាប់ពីចំនុចផ្លូវលេខ២៧១ ដល់ផ្លូវជាតិលេខ២ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ តាមគម្រោងនឹងបញ្ចប់ការអ៊ុតកៅស៊ូទាំងស្រុងនៅក្នុងខែមិថុនានេះ។
ថ្លែងប្រាប់ Fresh News ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ក្តី សាលារាជធានីភ្នំពេញ បានបន្តសកម្មភាពរបស់ខ្លួនយ៉ាងសកម្ម ក្នុងការជួសជុលផ្លូវថ្នល់ទូទាំងក្រុងដែលរងការខូចខាត ដោយសារតែបញ្ហានានាដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ជាក់ស្តែង ឯកឧត្តមបន្តថា អាជ្ញាធរភ្នំពេញ បច្ចុប្បន្នបាននឹងកំពុងបន្តធ្វើការយ៉ាងសកម្មក្នុងការជួសជុល និងអ៊ុតកៅស៊ូ AC លើមហាវិថី សម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចាប់ពីចំណុចផ្លូវលេខ២៧១ ដល់ផ្លូវជាតិលេខ២ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ ដែលជាផ្លូវទី២៩ មានន័យថា ជាកំណាត់ផ្លូវបញ្ចប់ចុងក្រោយគេ នៃគម្រោងជួសជុលផ្លូវដែលទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀង។
គួរជម្រាបដែរថា បើតាមសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ផ្លូវមួយខ្សែនេះមានបណ្តោយប្រវែង ៩១៥០ម៉ែត្រ ទទឹង ២១ម៉ែត្រ អ៊ុតកៅស៊ូ AC កម្រាស់ ៧០មីលីម៉ែត្រ តភ្ជាប់ពីចំនុចផ្លូវលេខ២៧១ ដល់ផ្លូវជាតិលេខ ២ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ ដោយចាប់ផ្តើមអ៊ុតកៅស៊ូតាំងពីថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២០ និងគ្រោងបញ្ចប់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ៕

